លោក ​Biden ជំរុញ​ឯកភាព​ជាតិ​ខណៈ​​​លោក ​Trump បន្ត​​ធ្វើ​យុទ្ធនាការ​កែប្រែ​លទ្ធផល​បោះឆ្នោត

លោក​ Joe Biden ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​អាមេរិក​ ថ្លែង​សុន្ទរកថា​នៅ​ទី​ក្រុង Wilmington រដ្ឋ Delaware កាល​ពី​ថ្ងៃ​ពុធ​ទី​២៥​ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ មួយ​ថ្ងៃ​មុន​បុណ្យ Thanksgiving។

ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា​ក្នុង​ឱកាស​បុណ្យ​សង្រួម​ចិត្តលោក​ Joe Biden ​ប្រធានាធិបតី​ជាប់ឆ្នោតបាន​សុំ​ឱ្យ​ជនជាតិ​អាមេរិក​ចូលរួម​ជាមួយ​លោក​ក្នុង​គោលបំណងដើម្បី​ប្រយុទ្ធនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ការ​បែកបាក់​ផ្នែក​នយោបាយខណៈ បុរស​ដែល​លោក​នឹង​ជំនួស​គឺ​លោក​ប្រធានាធីបតី Donald Trump បន្ត​ធ្វើ​យុទ្ធនាការ​កាន់​តែ​ចុះខ្សោយ​ដើម្បីប្រែក្រឡះ​«លទ្ធផល​ការ​បោះឆ្នោត»។​

នៅក្នុង​សុន្ទរកថា​មួយ​ថ្ងៃ​មុន​បុណ្យ​រំឭកគុណ ​Thanksgiving​ ទៅកាន់​ប្រទេស​ជាតិ​កាលពី​ថ្ងៃពុធ​ លោក​ Biden បានផ្តោត​លើវិបត្តិ​កូវីដ១៩​កាន់​តែ​ធ្ងន់ធ្ងរ​នេះ ដោយ​ប្តេជ្ញា​ប្រើ​អំណាច​ធំធេង​របស់​រដ្ឋាភិបាល​សហព័ន្ធ​និង​បន្ថយ​ជំងឺ​នេះ​នៅពេល​លោក​ចូលកាន់​តំណែង។​ប៉ុន្តែ​លោក​ថា​ដើម្បី​ធ្វើ​ដូច្នេះ​បានជនជាតិ​អាមេរិក​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​ជន​រួម​ជាតិ​របស់​ពួក​គេ។​

លោក ​Biden ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​ដឹង​ថា​ប្រទេស​នេះ​នឿយ​ណាយ​នឹង​ការ​ប្រយុទ្ធ ។​ យើង​ត្រូវ​ចាំថា​យើង​កំពុង​ធ្វើ​សង្គ្រាម​នឹង​វីរុស​មិនមែន​នឹង​គ្នា​ឯង​ទេ»។

ប្រសាសន៍​របស់​លោក ​Biden ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ករណី​ជំងឺ​កូវីដ១៩កំពុងកើន​ឡើង​ពាសពេញ​ផ្ទៃ​ប្រទេស។​

លោក​ប្រធានាធិបតី​ Donald Trump ​ដែល​មិនសូវ​និយាយ​អំពី​ការ​រាតត្បាត​នេះ​ទេ ក្នុង​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ ទោះបី​មាន​ការឆ្លង​ច្រើន​ក៏ដោយ​នោះ​ ​ដោយ​លោក​នៅ​តែ​បន្តជម្នះការ​ចាញ់​បោះឆ្នោត​របស់​លោក។​ លោក​បាន​បញ្ជូន​មេធាវី​របស់​លោក​ឈ្មោះ​ Rudy Giuliani ​និង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​មេធាវី​របស់​លោក​ទៅ​ជួប​សមាជិក​ព្រឹទ្ធ​សភា​ថ្នាក់រដ្ឋ​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​ Pennsylvania ​នៅ​ឯ​ក្រុង​ Gettysburg។​ នៅខាង​ក្នុង​សណ្ឋាគារ​មួយ​នៅ​ជិត​ទីធ្លា​បង្ហាញ​ពី​សមរភូមិ​សង្រ្គាម​ស៊ីវិល​អាមេរិក ពួកគេ​បាន​ផ្សព្វផ្សាយ​បណ្តឹង​ម្តង​ទៀត​អំពី​ការ​បោះឆ្នោត​និង​ការ​ចោទ​ប្រកាន់​ម្តង​ហើយម្តង​ទៀត​អំពីភាព​មិនត្រឹម​ត្រូវ​នៃ​ក្រុម​បក្សប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​តុលាការ​ពិនិត្យ​និង​សម្រេច​បដិសេធ​ហើយ​នោះ។

លោក​ប្រធានាធិបតី​ Donald Trump ឈរ​ក្បែរ​ភរិយា​លោក​គឺ​ជំទាវ​ទី​១ Melania Trump ក្នុង​ពិធីប្រណី​មាន់​បារាំង​ Turkey នៅ​មុន​បុណ្យ​ជាតិ Thanksgiving កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ Trump​ បាន​និយាយ​ពី​ការិយាល័យ​ប្រធានាធិបតី​ ទី​ដែល​លោកបានចូលរួម​ក្នុង​កិច្ច​ប្រជុំនេះ​ដោយ​និយាយ​តាម​ទូរស័ព្ទ​ថា ​«យើង​ត្រូវតែ​កែប្រែ​ការបោះឆ្នោត»។​

ក្នុង​ការ​ជំរុញ​ឲ្យ​ជនជាតិ​អាមេរិក​ប្រុងប្រយ័ត្ន​ចំពោះ​ផែនការ​ពេកបុណ្យ ​Thanksgiving ​លោក ​Biden ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​ លោក​ក៏ប្រយ័ត្ន​ប្រយែង​ខ្លួន​ឯង​ដែរ ដោយ​ចៀងវាងមិន​ធ្វើ​ការ​ជួបជុំ​ក្រុម​គ្រួសារ​ធំ​ដូច​សព្វ​ដង​ទេ តែ​គ្រាន់តែ​ដើរ​កម្សាន្ត​ជាមួយភរិយា កូនស្រី​និង​កូន​ប្រសារ។​

លោក​កំពុង​ធ្វើ​ដំណើរ​ជាមួយ​ភរិយា​គឺ​អ្នកស្រី​ Jill ​ទៅ​កាន់​ក្រុង ​Rehoboth Beach ​ដែល​ជា​ក្រុង​ឆ្នេរ​សមុទ្រ​រដ្ឋ Delaware ​ដែល​អ្នក​ទាំង​ពីរ​មាន​ផ្ទះ​លំហែ​កាយ​នៅ​ទី​នោះ។​ នោះ​ជា​កន្លែង​ដែលពួក​គេ​នឹង​រៀបចំ​បុណ្យ​ Thanksgiving សម្រាប់​អាហារ​ពេលល្ងាច​របស់​គ្រួសារ​របស់​ពួកគេ។​

ចំណែក​លោក​ Trump វិញ​នឹង​បោះបង់​ចោល​ផែនការ​បុណ្យ​ Thanksgiving នៅ​ក្លឹប​ឯកជន​របស់​លោក​នៅ​រដ្ឋ​ Florida ដោយលោក​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនវិញ៕