អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលទំនងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខនេះ បានបញ្ជាក់ថា ការឆ្លងរាលដាលនៃជំងឺកូវីឌ ១៩ នៅក្នុងសហរដ្ឋអាមេរិក ទំនងជាជំរុញឱ្យមានការកែប្រែច្រើន ឬធ្វើឱ្យមានការលើកពេលសន្និបាតតែងតាំងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលបានត្រូវកំណត់ថានឹងធ្វើនៅខែកក្កដា ឱ្យទៅធ្វើនៅថ្ងៃក្រោយវិញ។
សន្និបាតជាតិនៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋជាពីធី ដែលធ្វើឡើងនៅរៀងរាល់បួនឆ្នាំម្ដង ដើម្បីបង្ហាញពីលិទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ កាលពីយប់ថ្ងៃអង្គារទី៣១ ខែមីនា លោក Biden បានមានប្រសាសន៍ប្រាប់បណ្តាញទូរទស្សន៍ MSNBC ថា វាជា«ការពិបាកនឹងគិតថា» សន្និបាតរបស់គណបក្សប្រជាធិបតេយ្យដែលត្រូវបានកំណត់ថានឹងធ្វើឡើងនៅពាក់កណ្តាលខែកក្កដាខាងមុខ នៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin អាចប្រព្រឹត្តទៅតាមការគ្រោងទុក។
សន្និបាតនៃគណបក្សសាធារណរដ្ឋគ្រោងនឹងធ្វើឡើងនៅខែសីហានៅក្នុងទីក្រុង Charlotte រដ្ឋ North Carolina។
លោក Biden បានមានប្រសាសន៍ថា៖ «យើងគួរស្តាប់តាមការណែនាំរបស់ក្រុមអ្នកវិទ្យាសាស្ត្រ» អំពីថាតើអាចមានសុវត្ថិភាពឬទេក្នុងការមានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យរាប់ពាន់នាក់ និងអ្នកតំណាងបណ្តាញផ្សាយព័ត៌មានរាប់រយនាក់ឋិតនៅណែនតាន់តាន់តាប់ជិតៗគ្នានៅក្នុងវេទិកា Fiserv Forum ដែលជាកីឡាដ្ឋានបាល់បោះដើម្បីធ្វើសន្និបាតនោះ។
នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ការប្រមូលផ្តុំមនុស្សបែបនេះមិនអាចធ្វើកើតទេ។
លោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋដែលជាគូប្រជែងនឹងលោក Biden នៅពេលលោកខិតខំប្រឹងប្រែងដើម្បីឱ្យបានកាន់តំណែងក្នុងអាណត្តិទីពីរនៅសេតវិមាន បានបន្តជំរុញឲ្យមនុស្សស្ថិតនៅគម្លាតឆ្ងាយពីគ្នារហូតដល់ចុងខែមេសា នៅពេលដែលមនុស្សស្លាប់ដោយសារជំងឺកូវីឌ ១៩ បានកើនឡើងដល់រាប់រយនាក់ជារៀងរាល់ថ្ងៃ។
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីខាងសុខាភិបាល បានបញ្ជាក់ប្រាប់ពលរដ្ឋអាមេរិកាំងកុំឱ្យប្រមូលផ្តុំគ្នាលើសពី ១០ នាក់។ ប៉ូលិសនៅក្នុងសហគមន៍ខ្លះបានចាប់ខ្លួនពួកជនដែលបានរំលោភលើបទបញ្ញត្តិនេះ។
អភិបាលរដ្ឋរាប់សិបនាក់នៅទូទាំងប្រទេសបានដាក់កំហិតឱ្យពលរដ្ឋឋិតនៅក្នុងផ្ទះដោយនៅពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៨០% ក្នុងបណ្តាប្រជារពលរដ្ឋសរុបចំនួន ៣២៧ លាននាក់ នៅក្នុងសហរដ្ឋអាមេរិក ឋិតនៅក្រោមការណែនាំនេះ។
លោក Biden បានមានប្រសាសន៍ថា សន្និបាតគណបក្សប្រជាធិបតេយ្យត្រូវបានកំណត់ធ្វើដើម្បីកុំឱ្យជាន់ថ្ងៃជាមួយនឹងការប្រកួតកីឡាអូឡាំពិកនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានគ្រោងចាប់ផ្តើមធ្វើនៅថ្ងៃទី ២៤ ខែកក្កដាខាងមុខ។ ក៏ប៉ុន្តែនៅពេលដែលការប្រកួតកីឡានេះត្រូវបានលើកពេលទៅធ្វើនៅឆ្នាំ ២០២១ វិញ គណបក្សប្រជាធិបតេយ្យអាចជំរុញឱ្យមានការលើកសន្និបាតរបស់ខ្លួនទៅធ្វើនៅថ្ងៃខាងមុខវិញ ប្រសិនបើការធ្វើដូច្នេះសមហេតុសមផលដោយសារមានការទាក់ទិននឹងកង្វល់អំពីមេរោគកូរ៉ូណាក្នុងរយៈពេល ៣ ខែខាងមុខ។
លោក Biden បានបញ្ជាក់ដូច្នេះថា៖ «នៅពេលនេះនៅមានពេលថែមទៀត។ យើងគួរតែអាចធ្វើអ្វីដែលយើងអាចធ្វើបានដូចនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរហូតដល់ពេលសង្គ្រាមលោកលើកទីពីរដូច្នេះដែរ គឺមានសន្និបាតរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មានការបោះឆ្នោតបឋម និងការបោះឆ្នោត ក៏ដូចជាថែមទាំងមានសុវត្ថិភាពសាធារណៈផងដែរ។ យើងអាចធ្វើបានទាំងពីរ»។
ដោយក្រឡេកមើលទៅមុខអំពីការបោះឆ្នោតជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ លោក Biden បានលើកឡើងថា ក្រុមមន្ត្រីរៀបចំការបោះឆ្នោតតាមរដ្ឋគួរត្រៀមរៀបចំនៅពេលនេះសម្រាប់សន្លឹកឆ្នោតដែលអ្នកបោះឆ្នោតណាមិនអាចទៅបោះឆ្នោតដោយផ្ទាល់បាន ប៉ុន្តែផ្ញើសន្លឹកឆ្នោតរបស់ខ្លួនតាមប្រៃសណីយ៍ ហើយក៏គួរពិចារណាផងដែរអំពីការបោះឆ្នោតតាមអ៊ីនធឺណីតដែលជាការបោះឆ្នោតដ៏មានសុវត្តិភាពមួយក្នុងស្ថានការណ៍នៃការឆ្លងរាលដាលមេរោគកូរ៉ូណានេះ។
លោក Biden បានបន្ថែមថា៖ «ក្រុមអ្នករៀបចំការបោះឆ្នោតគួរធ្វើការទាំងនេះនៅពេលនេះ គួរត្រៀមរៀបចំគម្រោងសម្រាប់រឿងនេះ។ នេះគឺជាការធ្វើឱ្យប្រាកដថា យើងអាចអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់យើងបាន នៅពេលដែលយើងកំពុងដោះស្រាយបញ្ហារាតត្បាតជាសាកលនៃជំងឺកូវីដ ១៩ នេះ។ យើងអាចធ្វើទាំងពីរបាន។ វាអាចមានន័យថា យើងធ្វើវាតាមមធ្យោបាយផ្សេង។ វាអាចមានន័យថា ការរក្សាគម្លាតឆ្ងាយពីគ្នានៅក្នុងសង្គមមិនអាចធ្វើឱ្យមានការបោះឆ្នោតដោយផ្ទាល់បាន ឬក៏អាចមានន័យថា ការបោះឆ្នោតអាចធ្វើឡើងតាមរយៈការបើកឡានទៅបោះឆ្នោតដោយមិនបាច់ចុះពីលើឡាន»៕
ប្រែសម្រួលដោយ ឈឹម សុមេធ