លោក Biden និង​លោក Sanders ជជែកដេញដោល​គ្នា​ដោយ​គ្មាន​ទស្សនិកជន​ទស្សនា

(ពី​ឆ្វេង​មក​ស្តាំ) លោក Bernie Sanders និង​លោក Joe Biden ជជែក​គ្នា​មុន​ពេល​ធ្វើ​ការ​ជជែក​ដេញ​ដោល​ សម្រាប់​តំណែង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០​ នៅ​ក្នុង​ក្រុង Charleston។

បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​សំខាន់​ពីរ​រូប​ចុងក្រោយ​បង្អស់​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont នឹង​ជជែក​ដេញដោលគ្នា​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​ ខណៈ​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​សុខភាព​សាធារណៈ​ជា​សាកល​ដោយសារ​ជំងឺ​កូវីដ​១៩។ ការ​ជជែក​ដេញដោល​គ្នា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​នោះ​ទេ។

អ្នក​នយោបាយ​រយៈពេល​យូរ​ពីរ​រូប​នេះ​នឹង​ជជែក​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក​រយៈពេល​ជាង​ពីរ​ម៉ោង។

ពួកគេ​ទាំង​ពីរ​នាក់​សុទ្ធតែ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​ជ្រើស​តាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ទៅ​ប្រកួត​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ប៉ុន្តែ​លោក Biden ហាក់​ដូចជា​នាំមុខ​គេ​នៅ​ក្នុង​ការ​ទទួល​បាន​ការ​ជ្រើសតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​មុន​ការ​ជជែក​ដេញដោល​គ្នា​លើក​ចុងក្រោយ​នៅ​ក្នុង​សន្និបាត​គណបក្ស​នៅ​ខែ​កក្កដា​ទៅ​ទៀត។

ការ​ជជែក​ដេញដោល​គ្នា​នេះ​កាលពី​ដើម​ឡើយ គ្រោង​នឹង​ធ្វើ​ឡើង​ដោយ​មាន​ទស្សនិកជន​ចូល​ទស្សនា​ដូច​កាល​ពី​លើក​មុនៗ​ដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​សម្រេច​ថា​រៀបចំ​ឡើង​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន CNN ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩៕​