លោក​បៃដឹន​និង​សែន​ដឺ ប៉ះ​សម្តី​គ្នា​លើ​វិធីផ្តួល​លោក​ត្រាំ

លោក Joe Biden (រូប​ឆ្វេង) និង​លោក Bernie Sanders ស្វាគមន៍​គ្នា មុន​ពេល​ចូលរួម​ក្នុង​ការ​ជជែក​ដេញ​ដោល​សម្រាប់​តំណែង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ពីរ​រូប​ដែល​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក ចូ​ បៃដឹន អតីត​អនុប្រធានាធិបតី ​និង​លោក​ បឺនី សេនដឺ សមាជិកព្រឹទ្ធសភា​មក​ពី​រដ្ឋ​វឺមឹន បាន​ប៉ះសម្តី​គ្នា​នៅ​ក្នុង​ការ​ពិភាក្សា​ដេញដោល​កាលពី​យប់​ថ្ងៃអាទិត្យ លើ​ប្រធានបទ​ជាច្រើន។ ពួកគេ​ខិតខំ​បង្ហាញ​វិធីសាស្ត្រ​ល្អៗ​រៀងៗ​ខ្លួន​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ពីគណបក្ស​សម្រាប់ទៅ​ប្រឈម​មុខ​នឹង​លោក​ប្រធានាធិបតី​ដូណាល់ត្រាំ​ដែល​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែវិច្ឆិកា។​

បេក្ខជន​ទាំងពីរ​បាន​វាយប្រហារ​លោក​ត្រាំ​ជាបន្ត​បន្ទាប់​ដោយ​លោក​បៃដឹន​បាន​ហៅ​លោក​ត្រាំ​ថាជា «ការ​គំរាម​កំហែង​ដែល​កំពុង​កើត​មាន​ចំពោះ​ប្រទេស​ជាតិ» រីឯ​លោក​សេនដឺ បាន​ប្រកាស​ថា​លោក​ត្រាំ​គឺ​ជា«មនុស្ស​កុហក​មិន​ឈប់ឈរ» ដែល​គ្រប់គ្រង​ «រដ្ឋបាល​មួយ​ដែល​ពុករលួយ»។​

បេក្ខជន​ទាំងពីរ​បាន​វាយប្រហារ​លោកត្រាំ​ក្នុងការ​ដោះស្រាយ​ជំងឺរាតត្បាត​កូរ៉ូណា​នៅក្នុង​សហរដ្ឋ​អាមេរិក។ លោក​សេនដឺ​បាន​ចោទ​លោក​ត្រាំ​ថា​ «មើល​ស្រាល​អ្នកវិទ្យាសាស្ត្រ» ​ហើយ​លោក​បៃដឹន​បានចាប់កំហុស​រដ្ឋបាល​លោកត្រាំ​ចំពោះ​ការ​បដិសេធ​តាំងពី​ដំបូងពី​វិបត្តិនេះ​ដោយ​មិន​ព្រម​នាំ​ចូល​សម្ភារៈ​ធ្វើតេស្ត​មក​ពី​ប្រទេស​ដទៃ​ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​នៅ​មិន​មាន​ឱកាស​នៅ​ឡើយ។​

លោក​បៃដឹន​បាន​បន្ថែម​ថា៖

«ការណ៍​នេះ​ប្រៀបបី​ដូច​ជា​យើង​កំពុងតែ​រង​ការ​វាយប្រហារ។ នៅ​ក្នុង​សង្គ្រាម​គឺ​អ្នក​ត្រូវតែ​ធ្វើ​អ្វី​ក៏​ដោយ​ដើម្បី​ថែរក្សា​ពលរដ្ឋ​របស់​អ្នក។ គ្រប់យ៉ាង​ដែល​អ្នកចាំបាច់​ដោះស្រាយ​វិបត្តិនេះ​គឺ​ផ្តល់សេវា​ជូន​ដោយ​មិន​គិត​ថ្លៃ។ ពលរដ្ឋ​អាមេរិកាំង​ជាអ្នក​ចំណាយ»។​

លោក​បៃដឹន​បាន​បញ្ជាក់​ថា​លោក​នឹង​ឱ្យ​ទាហាន​ចូល​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ ប៉ុន្តែលោក​សេនដឺ​បាន​បញ្ចៀស​ពី​ចំណុច​នេះ​។ លោក​សេនដឺ​បែរជា​បន្ទោស​លោក​ត្រាំ​ដែល​មើលស្រាល​ដល់​ការឆ្លើយ​តប​ដោយធ្វើ​ផ្ទុយ​ពី​អ្វី​ដែល​អ្នកជំនាញ​ និង​អ្នកវិទ្យាសាស្ត្រ​បាន​ផ្តល់យោបល់។​

លោក​សេនដឺ​បន្ថែមថា៖

«អ្វីដែល​យើង​ត្រូវ​ធ្វើ​គឺ​បិទ​មាត់​ប្រធានាធិបតី​នេះ​ចោល»។​

បេក្ខជន​ទាំងពីរ​យល់ស្របគ្នា​ក្នុង​ការ​យក​បេក្ខជន​អនុប្រធានាធិបតី​ជា​ស្ត្រី។ លោក​បៃដឹន​បាន​និយាយ​ថា​លោក​ពិតជា​នឹង​ជ្រើសរើស​យក​ស្ត្រី​ម្នាក់ ហើយ​លោក​សេនដឺ​បាន​និយាយ​ថា​ «គ្រប់​លទ្ធភាព​ទាំងអស់»គឺ​លោក​នឹង​សម្រេច​យក បើសិនជា​លោក​អាច​រក​បាន​បេក្ខនារី​ណា​ម្នាក់​ដែល​យល់​ស្រប​នឹង​គោល​នយោបាយ​ចម្រើន​និយម​របស់​លោក។

ប៉ុន្តែ​បេក្ខជន​ទាំងពីរ​បាន​ប្រកែកគ្នា​ពី​វិធី​ក្នុងការ​ផ្តួលលោកត្រាំ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​និង​ជា​អ្នក​នយោបាយ​លើកដំបូង​ ដែល​បាន​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៦ហើយ​បាន​ក្លាយជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋ​អាមេរិក៕