សេតវិមាន បានពន្យាពេលកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឬអាស៊ានដោយមិនកំណត់ពេល ដែលពីមុនកិច្ចប្រជុំកំពូលនេះ គ្រោងនឹងត្រូវបើកធ្វើក្នុងសប្តាហ៍នេះ។ នេះ បើតាមការឲ្យដឹងរបស់ប្រភពមួយចំនួនដែលបានដឹងពីកម្មវិធីផ្លាស់ប្តូរកម្មវិធីនេះ ហើយត្រូវបានរាយការណ៍ដោយកាសែត POLITICO របស់សហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងមេដឹកនាំប្រជាជាតិអាស៊ីអគ្នេយ៍ ឬអាស៊ាននេះ ត្រូវគ្រោងរៀបចំធ្វើឡើងនៅថ្ងៃចន្ទ និងអង្គារនេះ នៅសេតវិមានដើម្បីបង្ហាញពីការតាំងចិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកជាមួយអាស៊ានដែលមានសារៈសំខាន់ចំពោះផលប្រយោជន៍សន្តិសុខ និងពាណិជ្ជកម្មរបស់ខ្លួននៅអាស៊ី។ នេះ បើតាមការលើកឡើងរបស់សេតវិមានកាលពីចុងខែកុម្ភៈកន្លងទៅ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រាប់កាសែត POLITICO ថា «លោកប្រធានាធិបតីអាមេរិក ទន្ទឹងរង់ចាំស្វាគមន៍មេដឹកនាំអាស៊ានមករដ្ឋធានីវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ដើម្បីធ្វើឲ្យប្រាកដថា មេដឹកនាំអាស៊ានទាំងអស់ ដែលត្រូវបានអញ្ជើញអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនោះបាន យើង បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាននានាដើម្បីកំណត់កាលបរិច្ឆេទសមរម្យណាមួយសម្រាប់កិច្ចប្រជុំនេះ»។
កាសែត POLITICO បានរាយការណ៍បន្ថែមថា ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong នៅថ្ងៃអង្គារស្អែកនេះ ដើម្បីពិភាក្សាគ្នាពីផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចជាសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខផ្លូវនាវាចរណ៍ ក៏ដូចជាជម្លោះបង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
លោក Biden បានចំណាយពេលមួយខែកន្លងទៅដោយផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ លោកទើបវិលត្រឡប់មកពីដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃនៅទីក្រុងព្រុចស៊ែលនៃប្រទេសបែលហ្ស៊ិក និងទីក្រុងវ៉ាសូវីនៃប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលនៅទីនោះ បញ្ហាសង្គ្រាមអ៊ុយក្រែន និងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្ថិតក្នុងរបៀបវារៈកំពូលនៃដំណើរទស្សនកិច្ចនេះ។
លទ្ធភាពនៃការពន្យាពេលនៃជំនួបរបស់មេដឹកនាំអាស៊ាន បានត្រូវលើកឡើងមុនដំបូងនៅដើមខែនេះ នៅពេលរដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មេដឹកនាំអាស៊ីអាគ្នេយ៍ខ្លះ មិនអាចធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនទៅតាមកាលបរិច្ឆេទដែលសេតវិមាន បានប្រកាសនោះទេ។ ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ជាសមាជិករបស់សមាគមអាស៊ាន៕