លោក Biden ថ្មីៗនេះ បានរិះគន់លោកប្រធានាធិបតី Donald Trump អំពីការចោទប្រកាន់ថារុស្ស៊ីផ្តល់ប្រាក់រង្វាន់ដល់ការសម្លាប់ទាហានអាមេរិកាំង។ ការរិះគន់នេះបង្ហាញនូវការខ្វែងគំនិតគ្នាខាងគោលនយោបាយការបរទេសរបស់បេក្ខជនប្រធានាធិបតីទាំង២។ ក៏ប៉ុន្តែគូប្រជែងទាំងពីរនាក់នេះ មានទស្សនៈមិនសូវខុសគ្នាទេអំពីបញ្ហាគោលនយោបាយការបរទេសសំខាន់ៗដូចជាការបញ្ចប់សង្គ្រាមអាមេរិកាំងនៅឯប្រទេសក្រៅ ការកាពារការងារអាមរិកាំងនិងការទប់ទល់នឹងឥទ្ធិពលចិនជាដើម។
ការរិះគន់របស់លោក Joe Biden ដែលត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យចំពោះលោកប្រធានាធិបតី Donald Trump អំពីការដោះស្រាយការចោទប្រកាន់ថារុស្ស៊ីផ្តល់ប្រាក់រង្វាន់ដល់ការសម្លាប់ទាហានអាមេរិកាំង ឆ្លុះបញ្ចាំងឱ្យឃើញការរិះគន់យូរយារមកហើយរបស់លោក ចំពោះលោកប្រធានាធិបតីអំពីសន្តិសុខជាតិ និងគោលនយោបាយការបរទេស។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ការពិនិត្យមើលដិតដល់ឃើញថាគូប្រជែងទាំងពីរនាក់សម្រាប់តំណែងប្រធានាធិបតីស.រ.អា.មានទស្សនៈមិនសូវខុសគ្នាទេអំពីបញ្ហាគោលនយោបាយការបរទេសសំខាន់ៗដូចជាការបញ្ចប់សង្គ្រាមអាមេរិកាំងនៅឯប្រទេសក្រៅ ការការពារការងារអាមរិកាំង និងការទប់ទល់នឹងការគឃ្លើនរបស់ចិនជាដើម។
កាលពីថ្ងៃអង្គារទី៣០ ខែមិថុនា លោក Biden បានស្តីបន្ទោសការឆ្លើយតបមិនសកម្មរបស់លោក Trump ដល់របាយការណ៍ខាងការស៊ើបការសម្ងាត់ដែលថាពួករុស្ស៊ីបានផ្តល់ប្រាក់ឱ្យពួកយុទ្ធជនតាលីបង់ដើម្បីសម្លាប់ពួកទាហានអាមេរិកាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលលោកប្រធានាធិបតីបានអះអាងថាគេមិនបានប្រាប់លោកហើយថាសេចក្តីរាយការណ៍ទាំងនេះមិនគួរឱ្យជឿទុកចិត្តបានទេ។
លោក Biden បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃអង្គារទី៣០មិថុនាថា «រឿងដែលថាលោក Trump និយាយថាលោកមិនបានដឹង ឬថាគ្មាននរណានិយាយប្រាប់លោកអំពីរឿងនេះជាការបោះបង់ចោលកាតព្វកិច្ច។ ប្រសិនបើដូច្នេះមែន ហើយប្រសិនបើមានគេនិយាយប្រាប់លោកពីរឿងនេះ ហើយគ្មានចំណាត់ការអ្វីអំពីរឿងនេះ ការណ៍នេះក៏ជាការបោះបង់ចោលកាតព្វកិច្ចដែរ»។
កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា សេតវិមានបានច្រានចោលរបាយការណ៍មួយរបស់កាសែត New York Times ដែលថា អង្គភាពមួយនៃក្រុមស៊ើបការណ៍សម្ងាត់យោធារុស្ស៊ីបានផ្តល់ប្រាក់ដល់ពួកយុទ្ធជនតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានឱ្យសម្លាប់ពួកទាហានអាមេរិកាំង និងពួកសម្ព័ន្ធមិត្តដោយបាននិយាយថា របាយការណ៍នេះ «មិនបានត្រូវផ្ទៀងផ្ទាត់ហើយថាគ្មានការមូលមតិគ្នាក្នុងចំណោមសហគមន៍ខាងស៊ើបការណ៍សម្ងាត់ទេ»។
លោក Biden ដែលជាអនុប្រធានាធិបតីរបស់លោកប្រធានាធិបតី Barack Obama បានរិះគន់ខ្លាំងដល់អ្វីដែលលោកបានមានប្រសាសន៍ថា «ការគោរព» របស់លោក Trump ដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងពួកមេដឹកនាំផ្តាច់ការឯទៀតៗ ការដោះស្រាយ «ដោយគ្មានរបៀបច្បាស់លាស់» របស់លោកដល់ការគំរាមកំហែងដល់សន្តិសុខជាតិ និងគោលនយោបាយការបរទេស «ប្រទេសអាមេរិកមុនគេ» របស់លោក។
កាលពីខែមករា លោក Biden បានមានប្រសាសន៍ថាលោក Trump បានធ្វើឲ្យស.រ.អា.ហៀបមានសង្គ្រាមនៅក្រោយប្រធានាធិបតីបានបញ្ជាឱ្យមានការវាយប្រហារមួយតាមអាកាសដែលបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់គឺលោក Qasem Soleimani នៅក្នុងក្រុង Baghdad នៅក្រោយមានការវាយប្រហារដ៏ប្រល័យគាំទ្រដោយអ៊ីរ៉ង់លើជនជាតិអាមេរិកាំងក្នុងប្រទេសអ៊ីរ៉ាក់។
លោក Biden បានមានប្រសាសន៍នៅក្នុងបូរី New York កាលពីថ្ងៃទី៧មករាថា «ការមិនបានពិគ្រោះជាមួយពួកសម្ព័ន្ធមិត្តយើង ឬសភា និងការធ្វេសប្រហែសដោយមិនបានគិតគូរអំពីផលវិបាកដែលអាចកើតមាននៅក្រោយការវាយប្រហារនោះ តាមទស្សនៈរបស់ខ្ញុំ គឺជាការគ្មានសមត្ថភាពប្រកបដោយគ្រោះថ្នាក់»។
ការអំពាវនាវឱ្យមាន «ការសងសឹកធ្ងន់ធ្ងរ» នៅក្នុងពិធីបុណ្យសពលោក Qasem Soleimani នៅក្នុងក្រុង Teheran បានបង្កើនកង្វល់ថា ជម្លោះយោធាជាមួយស.រ.អា.អាចកើនឡើងខ្លាំងក៏ប៉ុន្តែភាពតានតឹងបានត្រូវបន្ធូរនៅក្រោយអ៊ីរ៉ង់បានសងសឹកដោយបានធ្វើការវាយប្រហារគ្មានមនុស្សស្លាប់ទៅលើមូលដ្ឋានយោធាស.រ.អា.មួយក្នុងប្រទេសអ៊ីរ៉ាក់។
របៀបវារៈរបស់លោក Biden
ជាការផ្ទុយនឹងការពឹងពាក់របស់លោក Trump លើការទូតផ្ទាល់ខ្លួន និងសកម្មភាពឯកតោភាគីដើម្បីប្រឆាំងនឹងការគំរាមកំហែងខាងសន្តិសុខ លោកអតីតអនុប្រធានាធិបតីស.រ.អា. Joe Biden បានមានប្រសាសន៍ថា លោកនឹងរៀបចំឱ្យមានសន្និសីទកំពូលមួយនៃពួកប្រទេសប្រជាធិបតេយ្យដើម្បីពង្រឹងសម្ព័ន្ធភាពគ្រាដែលមានការកើនឡើងនូវរបបផ្តាច់ការនៅទូទាំងពិភពលោក ហើយលោកនឹងផ្តល់អាទិភាពដល់ការចរចាគ្នាជាជាងការប្រទាំងប្រទើសគ្នា។
លោក Biden ចង់ធ្វើឱ្យមានឡើងវិញនូវចំណងទាក់ទងជាមួយអង្គការអូតង់ក្នុងទ្វីបអឺរ៉ុបនៅក្រោយលោក Trump ធ្វើឱ្យមានទំនាក់ទំនងកករល្អក់ដោយលោកត្រាំបានទាមទារឲ្យបណ្តាសមាជិកនៃអង្គការអូតង់បង្កើនចំណាយខាងកិច្ចការការពារប្រទេស។ កាលពីពេលថ្មីៗនេះលោក Trump បានបញ្ជាឱ្យដកទាហានអាមេរិកាំងប្រមាណមួយម៉ឺននាក់ចេញពីប្រទេសអាល្លឺម៉ង់ប្រសិនបើរដ្ឋាភិបាលក្រុងបែរឡាំងមិនបង្កើនការធ្វើវិភាគទានខ្លួនដល់អង្គការអូតង់ទេនោះ។ រដ្ឋបាល Trump ក៏បានទាមទារឱ្យមានកំណើនការបង់សោហ៊ុយរួមគ្នាសម្រាប់ពួកទាហានស.រ.អា.តាំងទីនៅក្នុងប្រទេសអាល្លឺម៉ង់ កូរ៉េខាងត្បូង និងប្រទេសជប៉ុនផងដែរ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យរូបនេះមានជំហរប្រហែលគ្នានឹងគោលជំហរលោក Trump ដែរអំពីការបញ្ឈប់ការទាក់ទិនខាងយោធារបស់ស.រ.អា.នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសស៊ីរី អំពីការបន្តកិច្ចចរចាជាមួយប្រទេសកូរ៉េខាងជើងដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ និងការប្រឈមនឹងប្រទេសចិនក្នុងការបង្ក្រាបសិទ្ធិមនុស្សនៅហុងកុង និងការបង្កើនកម្លាំងយោធាចិនក្នុងសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃព្រហស្បតិ៍ លោក Biden បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថ្កោលទោសប្រទេសចិនចំពោះការបង្ក្រាបលើក្រុមបាតុករលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យនៅហុងកុង ហើយថ្លែងថា បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងហាមប្រាមក្រុមហ៊ុនស.រ.អា.មិនឱ្យ «លើកទឹកចិត្តដល់ការសង្កត់សង្កិន» នៅហុងកុង ហើយនឹងដាក់ទណ្ឌកម្មលើប្រទេសចិនដោយសារការរំលោភលើសិទ្ធិមនុស្ស។
លោក Biden បានសរសើរបទពិសោធន៍ទូលំទូលាយខាងវិស័យអន្តរជាតិរបស់លោកក្នុងកិច្ចការការបរទេសក្នុងឋានៈលោកជាអនុប្រធានាធិបតីរបស់លោក Obama និងជាសមាជិកព្រឹទ្ធសភាស.រ.អា.ក្នុងរយៈពេលយូរដោយបម្រើការក្នុងគណៈកម្មាធិការទំនាក់ទំនងបរទេស។
សម័យលោក Obama កាន់តំណែងប្រធានាធិបតី
លោក Biden ទំនងជានឹងចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានត្រូវធ្វើការចរចាដោយរដ្ឋបាលលោក Obama ដែលលោក Trump បានដកថយពីព្រោះកិច្ចព្រមព្រៀងនេះមិនបានកម្រិតការអភិវឌ្ឍកាំជ្រួចមីស៊ីលផ្លោងអ៊ីរ៉ង់ និងការគាំទ្រដល់ពួកជីវពលដែលទទួលការគាំទ្រពីអ៊ីរ៉ង់។
លោក Biden ក៏នឹងធ្វើឱ្យស.រ.អា.មានការប្តេជ្ញាជាថ្មីដល់កិច្ចព្រមព្រៀងក្រុង Paris អំពីការប្រែប្រួលអាកាសធាតុ និងដែលបានត្រូវរៀបចំឱ្យមានឡើងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីឡាន និងរោងចក្រដើម្បីទប់ទល់នឹងការកើនកម្តៅធាតុអាកាសនៅជុំវិញពិភពលោក។
ក៏ប៉ុន្តែលោក Biden បានមានប្រសាសន៍ថាលោកនឹងមិនចូលរូមជាថ្មីក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងសម័យលោកប្រធានាធិបតី Obama ទេ ដែលលោក Trump បានដកថយកាលពីដើមឆ្នាំ២០១៧រហូតដល់ពេលណាមានដាក់បន្ថែមនូវការការពារខ្លាំងជាងមុនដល់ពលកម្ម និងការងារអាមរិកាំងក្នុងកិច្ចព្រមព្រៀងនេះ។
លោក Biden បានមានប្រសាសន៍នៅក្នុងគេហទំព័រនៃការឃោសនាបោះឆ្នោតរបស់លោកថា «នឹងគ្មានការវិលត្រឡប់ទៅដូចភាពដើមវិញខាងពាណិជ្ជកម្មទេ។ ក៏ប៉ុន្តែលោកក៏បាននិយាយបង្ហាញហេតុផលចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីដើម្បីកែលម្អការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរប្រជាធិបតេយ្យនៅក្នុងពួកប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ