លោក Biden លុបចោល​បម្រាម​របស់​លោក Trump ដែល​រារាំង​អ្នក​ដាក់​ពាក្យ​សុំ​ប័ណ្ណ​រស់នៅ​អចិន្ត្រៃយ៍​ជាច្រើន

  • ​Reuters

រូបឯកសារ៖ ស្ត្រី​ម្នាក់ កាន់​គំរូ​ប័ណ្ណ​រស់នៅ​អចិន្ត្រៃយ៍ ឬ Green Card ក្នុង​អំឡុងពេល​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ឲ្យមាន​កំណែទម្រង់​អន្តោប្រវេសន៍ នៅ​ទីក្រុង Los Angeles កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​លុបចោល​សេចក្តី​ប្រកាស​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ដែល​រារាំង​អ្នក​ដាក់​ពាក្យ​សុំ​ប័ណ្ណ​រស់នៅ​អចិន្ត្រៃយ៍ ឬ Green Card ជា​ច្រើន​នាក់​ មិន​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ចេញ​ការ​ហាម​ឃាត់​នេះ​កាលពី​ឆ្នាំ​មុន ដោយ​លោក​បាន​និយាយ​ថា វា​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ចំ​ពេល​ដែល​មាន​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់ ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត​កូវីដ១៩។

លោក Biden បាន​ច្រានចោល​ហេតុផល​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ពុធ ដែល​លុបចោល​ការ​ហាមឃាត់​នេះ។

លោក Biden បាន​និយាយ​ថា ការ​ហាមឃាត់​របស់​លោក Trump នេះ បាន​រារាំង​ក្រុម​គ្រួសារ​នានា​មិន​ឲ្យ​ជួបជុំ​គ្នា​បាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី Biden កន្លង​មក បាន​សន្យា​លុបចោល​គោល​នយោបាយ​អន្តោប្រវេសន៍​តឹងតែង​ជា​ច្រើន​របស់​លោក Trump។

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​ជន​អន្តោប្រវេសន៍​បាន​ជំរុញ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ឲ្យ​លោក Biden លុបចោល​ការ​ហាមឃាត់​របស់​លោក Trump នេះ។

ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី លោក Biden បាន​រក្សា​ទុក​បម្រាម​ដែល​ហាម​ឃាត់​កម្មករ​បណ្តោះ​អាសន្ន​បរទេស​ភាគ​ច្រើន៕