លោក​ Joe Biden​ បង្ហាញ​បញ្ជី​ឈ្មោះ​​​បេក្ខជន​​ចៅក្រម​តុលាការ​សហព័ន្ធ​ជាលើក​ដំបូង

  • ​Reuters

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​ជំងឺ​រាតត្បាត​កូវីដ១៩ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​នៅ​ថ្ងៃអង្គារ​នេះ​បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជនចៅក្រម​តុលាការ​សហព័ន្ធ​ចំនួន​១១​នាក់​ជា​លើក​ដំបូង​ដែល​លោក​តែងតាំងសម្រាប់​តុលាការ​ជម្រះក្តី​សហព័ន្ធ​ដែល​ក្នុង​នោះ​មានស្រី្ត​ស្បែក​ខ្មៅបី​នាក់ ជន​ជាតិ​អាមេរិកកាន់សាសនា​ឥស្លាម​ម្នាក់​ ​និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​និង​ដែន​កោះ​ប៉ាស៊ីហ្វិក​ម្នាក់។

លោក ​Biden ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖​ «បញ្ជី​ឈ្មោះ​តែងតាំង​នេះ​ ត្រូវ​បានជ្រើស​រើស​ចេញ​ពី​អ្នក​ជំនាញ​ច្បាប់អាមេរិក​ ដែល​មានគំនិត​ជ្រៅ​ជ្រះ​ ហើយដែល​បាន​បង្ហាញ​ពី​ទស្សន​វិស័យ​ បទពិសោធន៍​និង​ប្រវត្តិ​ការងារ​របស់​ពួក​គេ​ ដែល​មាន​លក្ខណៈចម្រុះ​ទូលំទូ​លាយ»។​

បេក្ខជនចៅក្រម​ដែល​ត្រូវបាន​លោកប្រធានាធិបតីតែងតាំង​ទាំង១១​រូប​នេះ​ដែល​ក្នុង​នោះ​៩​រូប​ជា​ស្ត្រី នឹង​ត្រូវ​ទទួល​ការយល់ព្រមជាមុន​សិន​ពី​ព្រឹទ្ធសភា​អាមេរិក​មុនពេល​ក្លាយ​ជាចៅក្រម។

ស្ត្រី​ស្បែកខ្មៅ​ដែល​ត្រូវ​តែងតាំង​ជា​ចៅក្រម​ក្នុងនោះ​មាន​ចៅក្រម ​Ketanji Brown​ Jackson​ សម្រាប់​សាលា​ឧទ្ធរណ៍នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ចៅក្រម ​Tiffany Cunningham​ ត្រូវតែងតាំង​សម្រាប់​សាលា​ឧទ្ធរណ៍​សហព័ន្ធ​ និង​លោកស្រី ​Candace Jackson-Akiwumi​ សម្រាប់​សាលា​ឧទ្ធរណ៍​តំបន់​ទី​៧៕