នៅក្នុងការនិយាយតាមទូរស័ព្ទជាលើកដំបូងជាមួយលោក ចូ បៃដិន (Joe Biden) ដែលត្រូវព្យាការណ៍ថាជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ចាប់តាំងពីការបោះឆ្នោតនៅអាមេរិកមកនោះ មេដឹកនាំជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ជាថ្មីអំពីផែនការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីជាប់ឆ្នោត ដើម្បីដោះស្រាយបញ្ហានានារួមមានការផ្លាស់ប្តូរអាកាសធាតុ និងសន្តិសុខក្នុងតំបន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ Reuters។
សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅអាស៊ីសំខាន់ៗទាំងបី រួមមាននាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ចូលរួមជាមួយមេដឹកនាំពិភពលោកផ្សេងទៀត ក្នុងការទទួលស្គាល់ជ័យជម្នះរបស់បេក្ខជនខាងគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ដែលបានឈ្នះលោក ដូណាល់ ត្រាំ (Donald Trump) ដែលបច្ចុប្បន្នបានបដិសេធថា លោកមិនចាញ់ឆ្នោត។
ជ័យជម្នះដែលត្រូវបានព្យាករណ៍របស់លោក បៃដិន នោះ កើតឡើងចំពេលប្រទេសចិនកាន់តែបង្ហាញភាពគឃ្លើនខាងយោធានិងសេដ្ឋកិច្ចនៅក្នុងតំបន់ និងបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសសម្ព័ន្ធមិត្តនៅអាស៊ីជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump មានការច្របូកច្របល់ពេលខ្លះ ទាក់ទងនឹងពាណិជ្ជកម្ម ការពារជាតិ និងបរិស្ថាន។
ការិយាល័យរបស់លោក បៃដិន បាននិយាយថា គ្រប់ភាគីទាំងអស់បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងទាក់ទងទ្វេភាគី ក៏ដូចជាដោះស្រាយបញ្ហាពិភពលោក ដូចជាការរាតត្បាតនៃជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុ។ លោក Suga នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា លោកបាននិយាយជាមួយលោក Biden តាមទូរស័ព្ទ និងបានបញ្ជាក់ពីសារៈសំខាន់នៃចំណងទ្វេភាគី។
ក្នុងសេចក្តីអត្ថាធិប្បាយដាច់ដោយឡែក ដែលធ្វើឡើងនៅការិយាល័យនាយករដ្ឋមន្ត្រីលោក Sugaបាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន បានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក-ជប៉ុន និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) មួយដែលសេរីនិងបើកចំហ»។
នៅមុននេះលោក បៃដិន បាននិយាយទៅកាន់មេដឹកនាំអាល្លឺម៉ង់អង់គ្លេស កាណាដា និងបារាំង ប៉ុន្តែរហូតមកដល់ពេលនេះ ចិននិងរុស្ស៊ី មិនទាន់បានអបអរសាទរ និងមិនទាន់បាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកដែលត្រូវគេព្យាករណ៍ថាជាប់ឆ្នោតនោះទេ៕