លោក Biden សន្យា​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទំនើប​ដល់​អ៊ុយក្រែន

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​ក្នុង​ទីក្រុង Poughkeepsie រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ក្នុង​ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​ទំនើប​ដល់​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​រដ្ឋធានី​កៀវ​និង​ទីក្រុង​នានា​របស់​អ៊ុយក្រែន​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Biden បាន​និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង «បាន​សន្យា​បន្ត​ផ្ដល់​ឱ្យ​អ៊ុយក្រែន​នូវ​ការ​គាំទ្រ​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ការពារ​ខ្លួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទំនើប​ផង​ដែរ»។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​គំរាម​ធ្វើ​ការ​វាយ​ប្រហារ «ខ្លាំងក្លា» បន្ថែម​ទៀត​លើ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ខ្លួន​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ប្រទេស​នេះ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ១១ នាក់​ស្លាប់ ដែល​នេះ​ជា​អ្វី​ដែល​រុស្ស៊ី​អះអាង​ថា​ជា​ការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​កាលពី​ថ្ងៃ​សៅរ៍​ដែល​ធ្វើ​ឱ្យ​ខូចខាត​ដល់​ស្ពាន​សំខាន់​មួយ​ខ្សែ​ដែល​ភ្ជាប់​ប្រទេស​រុស្ស៊ី​ទៅ​នឹង​ដែនដី Crimea ដែល​រុស្ស៊ី​បាន​ភ្ជាប់​យក​កាលពី​ឆ្នាំ ២០១៤។

បន្ទាប់ពី​បាន​និយាយ​ជាមួយ​នឹង​លោក Biden មក លោក Zelenskyy បាន​សរសេរ​នៅ​លើ Twitter ថា៖ «ការ​ការពារ​ដែន​អាកាស​ឥឡូវ​នេះ​គឺ​ជា​អាទិភាព​ទី​មួយ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ផ្នែក​ការពារ»។

នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​នោះ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​មីស៊ីល​ជាង ៨០ គ្រាប់​លើ​រដ្ឋធានី​កៀវ​និង​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន និង​ថា​រុស្ស៊ី​ក៏​បាន​ប្រើ​យន្តហោះ​ដ្រូន​របស់​អ៊ីរ៉ង់​ដែល​បង្ហោះ​ចេញ​ពី​ប្រទេស​បេឡារុស​ដែល​នៅ​ជិតខាង​អ៊ុយក្រែន​ផង​ដែរ៕