លោក Joe Biden បេក្ខជនគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃសុក្រ បានបន្តពង្រីកសំឡេងសន្លឹកឆ្នោតនាំមុខបន្តិចបន្តួចលើសលោកប្រធានាធិបតី Donald Trump នៅរដ្ឋ Georgia និង Pennsylvania ដែលនៅទីនោះ សនឹ្លកឆ្នោតកំពុងត្រូវគេបន្តរាប់។
ទោះបីបេក្ខជនប្រធានាធិបតីទាំងពីរមានសំឡេងឆ្នោតប្រកិតប្រកៀកគ្នាពេកនៅទីនោះ ហើយគេមិនអាចព្យាការណ៍ អ្នកណាជាអ្នកឈ្នះបាន ក៏នៅពេលនេះសំឡេងឆ្នោតបោះឲ្យលោក Joe Biden បានកើនឡើងកាន់តែជិតដល់អាចប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកបាន។
ក្រុមយុទ្ធនាការលោក Trump កំពុងប្រឆាំងនឹងលទ្ធផលការរាប់សន្លឹកឆ្នោតចុងក្រោយនេះ ដោយនិយាយ កាលពីថ្ងៃសុក្រថា «ការបោះឆ្នោតនេះមិនទាន់ចប់ទេ»។ ក្រុមនេះបន្តថា លោកប្រធានាធិបតី Trump នៅទីបំផុតនឹងឈ្នះឆ្នោត ដោយសារការរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមបណ្តារដ្ឋដែលប្រគៀកគ្នា និងដោយសារការប្តឹងតុលាការអំពីការលួចបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតី ដែលមកទល់ពេលនេះ មិនមានភស្តុតាងនោះ។
សំឡេងឆ្នោតលោក Biden កើនលើសសំឡេងរបស់លោកប្រធានាធិបតី Donald Trump វិញនៅរដ្ឋ Pennsylvania និង Georgia ដោយសារចំនួនសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍ពីតំបន់ទីក្រុង ដែលគណបក្សប្រជាធិបតេយ្យមានប្រជាប្រិយភាពខ្លាំង ដូចជាក្រុង Atlanta និងក្រុង Philadelphia។
ជារួម ពេលនេះលោក Biden នាំមុខទាំងសំឡេងឆ្នោតទូទាំងប្រទេសសរុប និងសំឡេងប្រតិភូអង្គបោះឆ្នោតសរុប ដោយលោក Biden នាំមុខលោក Trump គឺ ២៥៣ អង្គបោះឆ្នោត ទល់នឹង ២១៤ ដែលធ្វើឲ្យលោកកាន់តែខិតជិតដល់ចំនួន ២៧០ អង្គបោះឆ្នោត ដើម្បីអាចដណ្តើមតំណែងអាណត្តិប្រធានាធិបតីសម្រាប់ ៤ ឆ្នាំខាងមុខ។
ប្រសិនបើលើ Biden អាចឈ្នះនៅរដ្ឋ Georgia ដែលមានអង្គបោះឆ្នោត ១៦ សំឡេងនិងរដ្ឋ Pennsylvania ដែលមានអង្គបោះឆ្នោត ២០ សំឡេង នោះលោក Biden នឹងងាយបង្គ្រប់សំឡេងអង្គបោះឆ្នោតយ៉ាងតិច ២៧០ ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់។ នៅពេលនេះ លោក Biden ក៏កំពុងនាំមុខការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Arizona និង Nevada ផងដែរ ហើយប្រសិនបើឈ្នះនៅរដ្ឋទាំងពីរនេះទៀត អង្គបោះឆ្នោតដែលលោក Biden អាចទទួលបានសរុបអាចកើនដល់ ៣១៦ សំឡេង។
កាលពីថ្ងព្រហស្បតិ៍ លោកប្រធានាធិបតី Trump បានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាងលើក្រុមគណបក្សប្រជាធិបតេយ្យ ពីការរៀបចំឲ្យមានការលួចបន្លំ និងមានភាពមិនប្រក្រតីយ៉ាងខ្លាំង ដើម្បីរារាំងលោកមិនឲ្យជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាណត្តិទី ២។
លោកប្រធានាធិបតី Trump បានប្រាប់សន្និសីទកាសែតនៅពេលនោះថា៖ «នេះជាករណីដែលពួកគេកំពុងព្យាយាមលួចបន្លំក្នុងការបោះឆ្នោត ហើយយើងមិនអាចអនុញ្ញាតឲ្យបញ្ហានេះកើតឡើងបានទេ»។
ផ្ទុយទៅវិញ លោក Biden កាលពីពេលរសៀលថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានការអត់ធ្មត់ ខណៈដែលរដ្ឋនានាកំពុងរាប់សន្លឹកឆ្នោតដែលមានជាង ១៥០ លានសន្លឹកនៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ។
លោក Biden បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា៖ «សន្លឹកឆ្នោតនីមួយៗត្រូវតែរាប់។ ហើយនេះជាអ្វីដែលយើងកំពុងឃើញ នៅពេលឥឡូវនេះ។ ហើយនេះជាអ្វីដែលគួរកើតមានឡើង។ ជួលកាល លទ្ធិប្រជាធិបតេយ្យមានការច្របូកច្របល់»៕