រដ្ឋបាលលោក Biden នឹងប្រឈមបញ្ហាជាប្រវត្តិសាស្ត្រមួយចំនួន

លោក Joe Biden ថ្លែងកាលពីថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងទីក្រុង Wilmington រដ្ឋDelware។ (រូបថត AP)

លោក Joe Biden ដែល​ត្រូវបាន​ព្យាករណ៍​ថាឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​សៅរ៍ នឹង​ចូល​កាន់​តំណែង​នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​បញ្ហា​បែកបាក់​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម។

លោក Biden បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ផ្អែក​លើ​ការ​សន្យា​ថា​នឹង​អនុវត្ត​នូវ​គោល​នយោបាយ​ដ៏​ទូលំទូលាយ​ដែល​មាន​លក្ខណៈ​ប្រាកដ​ប្រជា ដើម្បី​ពង្រីក​លទ្ធភាព​សមស្រប​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព​និង​ការ​អប់រំ ការ​បង្កើន​ប្រាក់​បៀវត្សរ៍​អប្បបរមា​និង​ការ​ជួយ​ជ្រោមជ្រែង​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​ធ្វើ​ការ ក៏​ដូចជា​ការ​អភិវឌ្ឍ​ឧហ្សាហកម្ម​ថាមពល​ស្អាត ដែល​នឹង​បង្កើត​ការងារ​ថ្មី​រាប់​លាន​ការងារ​ផង​ដែរ។

ប៉ុន្តែ ក្ដី​បារម្ភ​បន្ទាន់​បំផុត​របស់​លោក គឺ​ការ​ដោះស្រាយ​បញ្ហា​កើនឡើង​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។ នៅ​ថ្ងៃ​ច័ន្ទ​ស្អែក លោក​គ្រោង​នឹង​ប្រកាស​អំពី​ការ​បង្កើត​ក្រុម​ការងារ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។

កាល​ពី​ថ្ងៃ​សុក្រ លោក​បាន​ថ្លែង​ថា៖ «យើង​អាច​ជួយ​សង្គោះ​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ»។

អ្នក​វិភាគ​នានា​ថា ការ​ប្រឈម​របស់​លោក Biden គឺ​មាន​ច្រើន ហើយ​ជោគជ័យ​របស់​លោក​គឺ​អាស្រ័យ​លើ​ការ​ស្វែងរក​វិធី​បង្រួបបង្រួម​ប្រទេស​ជាតិ និង​ស្វែងរក​ចំណុច​រួម​ជាមួយ​នឹង​គណបក្ស​សាធារណរដ្ឋ​នៅ​សភា ក្រោយ​ពេល​លោក​ប្រធានាធិបតី Donald Trump ចប់​អាណត្តិ៕