លោក Biden ថា មីស៊ីល​ដែល​ផ្ទុះ​នៅ​ប៉ូឡូញ​ទំនង​មិន​មែន​បាញ់​ចេញ​ពី​រុស្ស៊ី​នោះ​ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ទៅ​កាន់​ប្រព័ន្ធផ្សព្វផ្សាយ​អំពី​ករណី​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​លើ​ប្រទេស​ប៉ូឡូញ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ (NATO) និង​ក្រុម​ប្រទេស G-20 បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-20 នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ពិភាក្សា​អំពី​ការ​ផ្ទុះ​ដែល​បាន​កើតឡើង​នៅ​ភាគ​ខាង​កើត​ប្រទេស​ប៉ូឡូញ ដែល​រដ្ឋាភិបាល​ប៉ូឡូញ​ថា​បាន​បង្ក​ឡើង​ដោយ​មីស៊ីល​មួយ​គ្រាប់​ដែល​ផលិត​នៅ​ប្រទេស​រុស្ស៊ី។ ករណី​នេះ​អាច​បណ្ដាល​ឱ្យ​មាន​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់ពី​ជំនួប​បន្ទាន់​នោះ​ថា៖ «យើង​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​គាំទ្រ​ការ​ស៊ើប​អង្កេត​របស់​ប្រទេស​ប៉ូឡូញ​លើ​ហេតុការណ៍​ផ្ទុះ​នៅ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​នេះ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន។ ហើយ​ខ្ញុំ​នឹង​ធានា​ថា យើង​នឹង​រក​ឃើញ​ឱ្យ​បាន​ច្បាស់​អំពី​អ្វី​ដែល​បាន​កើតឡើង»។

នៅ​ក្នុង​ជំនួប​បន្ទាន់​នោះ លោក Biden បាន​កោះ​ហៅ​មេដឹកនាំ​នៃ​ប្រទេស​កាណាដា គណៈកម្មការ​អឺរ៉ុប ក្រុមប្រឹក្សា​អឺរ៉ុប ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ អេស្ប៉ាញ និង​ចក្រភព​អង់គ្លេស បន្ទាប់ពី​មាន​ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង។

លោក Biden បាន​និយាយ​ថា នៅ​ពេល​នេះ មីស៊ីល​នេះ​ទំនងជា​មិន​មែន​បាញ់​ចេញ​មកពី​ប្រទេស​រុស្ស៊ី​នោះ​ទេ ដោយ​លោក​បាន​បន្ថែម​ថា៖ «មាន​ព័ត៌មាន​ដំបូងៗ​ដែល​ផ្ទុយ​ពី​នេះ។ ខ្ញុំ​មិន​ចង់​និយាយ​អំពី​រឿង​នេះ​ទេ រហូត​ទាល់តែ​ដល់​ពេល​ដែល​យើង​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​រួចរាល់​ទាំងស្រុង»។

ការ​រក​ឃើញ​ដំបូងៗ​បាន​បង្ហាញ​ថា មីស៊ីល​ដែល​បាញ់​ចំ​ប្រទេស​ប៉ូឡូញ​នេះ​ត្រូវ​បាន​បាញ់​ដោយ​កងទ័ព​អ៊ុយក្រែន​ដែល​បាញ់​សំដៅ​កម្ទេច​មីស៊ីល​ដែល​បាញ់​ចូល​មក​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​យោង​លើ​មន្ត្រី​សហរដ្ឋ​អាមេរិក។

អ្នក​តំណាង​រដ្ឋាភិបាល​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Dmitry Polvansky បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្ក​ឱ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​រវាង​ប្រទេស​រុស្ស៊ី​និង​អង្គការ​អូតង់។

លោក Polvansky បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បង្ហោះ​នៅ​លើ Telegram របស់​លោក​ថា៖ «មាន​ការ​ប៉ុនប៉ង​ដើម្បី​បង្កហេតុ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​ផ្នែក​យោធា​រវាង​អង្គការ​អូតង់​និង​ប្រទេស​រុស្ស៊ី ដែល​នឹង​ជះ​ផល​វិបាក​ទាំង​អស់​ដល់​ពិភពលោក​ទាំង​មូល»៕