គិតត្រឹមថ្ងៃអាទិត្យ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់នៅថ្ងៃអង្គារខាងមុខ បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅបន្តនាំមុខលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេស ស្របពេលដែលអ្នកបោះឆ្នោតមានការព្រួយបារម្ភខ្លាំងអំពីវិបត្តិជំងឺកូវីដ១៩។
ប៉ុន្តែការស្ទង់មតិនៅតាមរដ្ឋដែលមានការប្រជែងខ្លាំង បានបង្ហាញថា លោក Trump និងលោក Biden ស្ថិតនៅប្រកៀកប្រកិតគ្នា។ រដ្ឋដែលមានការប្រជែងខ្លាំងទាំងនោះ គឺជារដ្ឋដែលទំនងជាអាចសម្រេចអំពីលទ្ធផលនៃការបោះឆ្នោតបាន។
លោក Biden ដែលមានការគាំទ្រនាំមុខលោក Trump នៅទូទាំងប្រទេស នៅតែរក្សាបានការគាំទ្រនាំមុខដ៏រឹងមាំ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោក Biden មានការគាំទ្រនាំមុខលោក Trump ចំនួន ៥១% ទល់នឹង ៤៣% នៅក្នុងការស្ទង់មតិថ្មីចុងក្រោយបំផុតរបស់ទីភ្នាក់ងារព័ត៌មាន Reuters/Ipsos ដែលបានធ្វើឡើងរវាងពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ នេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Trump ទទួលបានការគាំទ្រប្រកៀកប្រកិតនឹងលោក Biden នៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួន ដែលគ្រប់គ្រាន់អាចឲ្យលោកឈ្នះបានប្រតិភូចំនួន ២៧០ នៃប្រតិភូសរុបចំនួន ៥៣៨ នាក់នៃអង្គបោះឆ្នោត ដែលជាចំនួនត្រូវការដើម្បីឈ្នះការបោះឆ្នោត។
ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters/Ipsos បង្ហាញថា ការប្រកួតប្រជែងនៃការបោះឆ្នោតលើកនេះមានការប្រកៀកប្រកិតខ្លាំងនៅក្នុងរដ្ឋ Florida រដ្ឋ North Carolina និងរដ្ឋ Arizona។
សម្រាប់លោក Trump បើទោះបីជាលោកមិនអាចឈ្នះក្នុងរដ្ឋ Michigan និងរដ្ឋ Wisconsin ដែលជារដ្ឋដែលមានការប្រជែងខ្លាំងក៏ដោយ ក៏លោកនៅតែអាចក្លាយជាប្រធានាធិបតីនៅអាណត្តិទីពីរបានដែរ ប្រសិនបើលោកនៅតែរក្សាបានការឈ្នះរបស់លោកនៅក្នុងរដ្ឋផ្សេងៗទៀតទាំងអស់ ដែលលោកធ្លាប់បានឈ្នះ នៅក្នុងឆ្នាំ ២០១៦៕