ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទម្សិលមិញអំពីការតាំងចិត្តរបស់លោកទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ និងការប្រែប្រួលអាកាសធាតុ។
មេដឹកនាំទាំងពីរ មិនបានពិភាក្សាអំពីការតវ៉ារបស់កសិករដែលកំពុងបន្តធ្វើនៅក្នុងប្រទេសឥណ្ឌានោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានប្រធានាធិបតីអាមេរិក។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌានឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការបន្តនូវភាពជាដៃគូលើបញ្ហាប្រែប្រួលអាកាសធាតុ ការកសាងសេដ្ឋកិច្ចសាកលលោកឡើងវិញនៅក្នុងរបៀបមួយដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងការរួមគ្នាប្រឆាំងនឹងភេរវកម្មសាកលលោក»។
លោក Modi បានសរសេរនៅលើ Twitter បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទថា៖ «យើងបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងបញ្ហាអាទិភាពរួមរបស់យើង»។
សេតវិមានបានបញ្ជាក់ថា លោក Modi បានស្វាគមន៍ការអំពាវនាវឲ្យមានការសហការលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយបានយល់ព្រមចូលរួមក្នុងកិច្ចប្រជុំអាកាសធាតុដែលលោក Biden នឹងរៀបចំធ្វើនៅខែមេសាខាងមុខ។
ក៏ប៉ុន្តែ ឥណ្ឌាដែលជាប្រទេសបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតធំជាងគេទី ៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិននិងសហរដ្ឋអាមេរិក បានអះអាងថា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍ ឥណ្ឌាមិនត្រូវស្ថិតក្រោមលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌសម្រាប់ប្រទេសអ្នកមាននោះទេ៕