លោក ​Biden​ ជួប​ជាមួយ​អ្នកស្រី ​Tsikhanouskaya​ មេដឹកនាំ​គណបក្ស​ប្រឆាំង​បេឡារុស​

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ជួប​ជាមួយ​អ្នកស្រី Sviatlana Tsikhanouskaya នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១។

អ្នកស្រី​ Sviatlana Tsikhanouskaya ​មេដឹកនាំគណបក្ស​ប្រឆាំង​នៃ​ប្រទេស​បេឡារុស​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Joe Biden ​កាលពី​ថ្ងៃ​ពុធនៅ​សេតវិមាន​ពិភាក្សា​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​អតីត​សាធារណរដ្ឋនៃ​សហភាពសូវៀត​នេះ។​

ក្នុង​ការ​ចុះផ្សាយតាម​ Twitter​ អំពី​ជំនួប​នេះ​លោក​ Biden ​បាន​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មាន​កិត្តិយស​ដោយ​បាន​ជួប​ជាមួយ​អ្នកស្រី​ Tsikhanouskaya ​នៅ​ឯ​សេតវិមាន​នៅព្រឹក​នេះ។​ សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ប្រជា​ពលរដ្ឋ​បេឡារុស​នៅ​ក្នុង​ការ​ស្វែងរក​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស»។​

អ្នកស្រី ​Tsikhanouskaya​ បាន​ហៅ​ជំនួប​នេះ​ថា ​«មាន​ភាព​កក់ក្តៅ»​ ហើយ​ថា​អ្នកស្រី​គិត​ថា​សហរដ្ឋ​អាមេរិក​បាន​ឈរ​ជាមួយ​ប្រទេស​បេឡារុស។​

ប្រទេស​បេឡារុស​មាន​ចលាចល​នយោបាយ​ចាប់​តាំង​ពី​ប្រធានាធិបតី​ Alexander Lukashenko ​បាន​ជាប់​ឆ្នោត​ម្តង​ទៀត​ដែល​ប្រទេស​លោក​ខាង​លិច​ជា​ច្រើនថា​ជា​ការ​បោះឆ្នោត​មិន​សុចរិត​កាលពី​ខែ​សីហា​ឆ្នាំ​ទៅ។​

អ្នកស្រី​ Tsikhanouskaya​ បាន​អំពាវនាវ​ឲ្យសហ​រដ្ឋ​អាមេរិក​ចាត់​វិធានការ​កាន់តែ​ខ្លាំង​ប្រឆាំង​នឹងរដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Lukashenko។​ កាលពី​ពេល​ថ្មី​ៗ​នេះ​អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម​ប៉ូតាស្យូម​ឈើ​ និង​ដែកថែប។ ​

ក្នុង​អំឡុង​ពេល​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រី​ក៏​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken​ និង​លោក​ Jake Sullivan ​ទីប្រឹក្សា​សន្តិសុខ​ជាតិនៅ​សេតវិមាន៕​

វីអូអេ​ភាសា​រុស្ស៊ី​និង​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters​ រួម​ចំណែ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ។