លោក Biden​ ចង់​បញ្ចុះបញ្ចូល​មេដឹកនាំ​អាស៊ាន​ឱ្យ​ថ្លែង​ប្រឆាំង​នឹង​រុស្ស៊ី

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដើរនាំ​មុខ​​មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden កាលពី​ថ្ងៃ​សុក្រ ចង់​បញ្ចុះបញ្ចូល​មេដឹកនាំ​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ ឱ្យ​បង្ហាញ​ការ​ប្រឆាំង​បន្ថែម​ទៀត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ក៏​ប៉ុន្តែ​សង្គ្រាម​នេះ​គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​សម្រាប់​ប្រទេស​ជាច្រើន​ដែល​ជា​សមាជិក​ទាំង ១០ ​របស់​អាស៊ាន ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។ ​

លោក Biden បាន​ទទួល​ស្វាគមន៍​បណ្ដា​មេដឹកនាំ​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មក​កាន់​សេតវិមាន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួម​គ្នា ដើម្បី​បើក​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ។ នេះ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​បង្អស់​រវាង​សហរដ្ឋ​អាមេរិក​និង​បណ្ដា​មេដឹកនាំ​អាស៊ាន​ ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥ ឆ្នាំមក​នេះ។

សេតវិមាន​ក៏​កំពុង​ព្យាយាម​បង្ហាញ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ខ្លួន​ជាមួយ​តំបន់​ប៉ាស៊ីហ្វិក បើ​ទោះបី​ជា​រដ្ឋបាល​លោក Biden កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ក៏​ដោយ។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ប្ដេជ្ញា​ផ្តល់​ទឹកប្រាក់​ចំនួន ១៥០ លាន​ដុល្លារ​សម្រាប់​គម្រោង​ថ្មី​នានា​ដើម្បី​ពង្រឹង​វិស័យ​ហេដ្ឋរចនា​សម្ព័ន្ធ​ សុខាភិបាល​សាធារណៈ ចរាចរណ៍​ដែនសមុទ្រ និង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

លោក Biden ដឹង​ថា ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​ស្រុះស្រួល​គ្នា​រវាង​បណ្ដា​មេដឹកនាំ​អាស៊ាន​ទាំង​អស់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី​ អាច​ជា​កិច្ចការ​ដ៏​លំបាក។

អ្នកស្រី Jen Psaki អ្នកនាំពាក្យ​សេតវិមាន បាន​ថ្លែង​កាលពី​ថ្ងៃព្រហស្បតិ៍​ថា អ៊ុយក្រែន​អាច​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន ប៉ុន្តែ​អ្នក​ស្រី​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ថា​តើ​កិច្ចប្រជុំ​នេះ​នឹង​លើក​យក​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​ពិភាក្សាដើម្បី​បញ្ចប់​កិច្ចប្រជុំ​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ។

អ្នកស្រី Psaki បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​និយាយ​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន បាន​ក្លាយ​ជា​ដៃគូ​ដ៏សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​សកម្មភាព​គឃ្លើន​របស់​រុស្ស៊ី និង​នៅ​ក្នុង​ការ​ចូលរួម​និង​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម និង​គោរពតាម​លក្ខខណ្ឌ​ទណ្ឌកម្ម​ទាំង​នោះ»។

ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ រួមមាន​វៀតណាម មីយ៉ាន់ម៉ា និង​ឡាវ បាន​ពឹងផ្អែក​លើ​រុស្ស៊ីសម្រាប់​សព្វាវុធ​យោធា ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លើក​លែង​តែ​ប្រទេស​សិង្ហបុរី ដែល​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់​លើ​រុស្ស៊ី បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​អាស៊ាន​នេះ បាន​គេចវេស​មិន​រិះគន់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឬ​កាត់ទោស​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​ឡើយ៕