ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតថ្មីលោក Joe Biden បានបន្ថែមឈ្មោះសមាជិកគណៈរដ្ឋមន្រី្តរបស់លោកម្នាក់ទៀតទៅក្នុងបញ្ជីឈ្មោះដែលមានលក្ខណៈចម្រុះសម្រាប់រដ្ឋបាលថ្មីរបស់លោកកាលពីថ្ងៃពុធ នៅពេលដែលលោកបានតែងតាំងលោក Miguel Cardona សម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងអប់រំ។
លោក Cardona ដែលបច្ចុប្បន្នមានតួនាទីជាប្រធានមន្ទីរអប់រំក្នុងរដ្ឋ Connecticut និងជាអតីតគ្រូបង្រៀនម្នាក់ផងនោះ នឹងក្លាយជាសមាជិកជាន់ខ្ពស់ម្នាក់ដែលមានដើមកំណើតមកពីអាមេរិកឡាទីន ក្នុងគណៈរដ្ឋមន្រ្តីថ្មី បន្ទាប់ពីក្រុមតស៊ូមតិបានជំរុញឲ្យប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Joe Biden តែងតាំងជនជាតិអាមេរិកាំងដើមកំណើតHispanic ក្នុងតួនាទីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីថ្មីរបស់លោក។
ប្រសិនបើទទួលបានការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ លោក Cardona នឹងត្រូវទទួលបន្ទុកជួយការងារក្នុងរដ្ឋបាលជាប់ឆ្នោតថ្មីរបស់លោក Joe Biden ក្នុងការបើកសាលារៀនឡើងវិញសម្រាប់សិស្សនិស្សិត និងគ្រូបង្រៀន ក្រោយពេលដែលជំងឺកូវីដ១៩ បញ្ចប់។ ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ខំឲ្យសាលារៀនទាំងអស់ក្នុងសហរដ្ឋអាមេរិកត្រូវបានបិទទ្វារ ហើយប្តូរមករៀនតាមប្រព័ន្ធអនឡាញវិញ។ លោក Joe Biden ក៏បានតែងតាំងរួចហើយនូវបេក្ខភាពរបស់លោក Alejandro Majorkas ឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងសន្ដិសុខមាតុភូមិ និងលោក Xavier Becerra ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាពលរដ្ឋ។ លោកទាំងពីរក៏មានដើមកំណើតមកពីអាមេរិកឡាទីនផងដែរ៕