ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ធ្វើ​យុទ្ធនាការ​ជួយ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ Georgia


រូបឯកសារ៖ លោក Joe Biden នៅ​ពេលដែល​លោក ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​ក្នុង​ពេល​ជួបជុំ​មួយ នៅ​ទីក្រុង Atlanta រដ្ឋ Georgia កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Joe Biden នៅ​ពេលដែល​លោក ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​ក្នុង​ពេល​ជួបជុំ​មួយ នៅ​ទីក្រុង Atlanta រដ្ឋ Georgia កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​លោក Joe Biden​ នឹង​ធ្វើយុទ្ធនាការនៅ​ថ្ងៃអង្គារ​នេះ​ ក្នុង​រដ្ឋ Georgia ​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក​ សម្រាប់​បេក្ខជន​ព្រឹទ្ធសភា​អាមេរិក​ចំនួន​២​នាក់​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​ ដែល​ត្រូវ​ចូលរួម​ក្នុង​វគ្គ​បោះឆ្នោត​ផ្តាច់ព្រ័ត្រនៅខែ​ក្រោយ​ ដែល​ជា​ការកំណត់​ថា​ តើ​គណបក្ស​ប្រជា​ធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ​ ជា​អ្នកគ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​ ក្នុង​រយៈពេល​២ឆ្នាំ​ដំបូង​ក្រោម​ការដឹកនាំ​របស់​លោក​ជា​ប្រធានាធិបតីថ្មី។​

លោក​ Biden ​នឹង​ធ្វើ​យុទ្ធនាការ​រួម​ជាមួយ​បេក្ខជន​ទាំងពីរ​ដែល​រួម​មាន​លោក​ Jon Ossoff ​ដែល​ជា​ផលិតករ​ភាពយន្ត​ឯកសារ​ស៊ើប​អង្កេត​ និង​គ្រូ​គង្វាល​សាសនាគ្រឹស្ត​លោក Raphael Warnock ​នៅ​ក្នុង​ទីក្រុង Atlanta ​ដែល​ជា​រដ្ឋធានីនិង​ជា​ទីក្រុង​ធំ​បំផុត​របស់​រដ្ឋ Georgia។ ​

បេក្ខជន​ទាំង​ពីរ​នាក់​នេះ​ នឹង​ត្រូវ​ប្រកួត​ប្រជែង​នឹង​បេក្ខជន​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុង​តំណែង​លោក​ David Perdue​ និង​អ្នកស្រី Kelly Loeffler ​នៃ​គណបក្ស​សាធារណ​រដ្ឋ នៅ​ថ្ងៃ​ទី​៥​ខែមករា​ ខាង​មុខ​នេះ។​

ការស្ទង់​មតិ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការបោះឆ្នោតនេះ​ មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង។​

ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​និង​អនុ​ប្រធានាធិបតី​លោក​ Mike Pence​ បានចូលរួម​ធ្វើ​យុទ្ធការ​ក្នុង​រដ្ឋ​នោះ​រួច​ហើយ​ សម្រាប់​បេក្ខជន​ទាំង​ពីរ​នៃ​គណបក្ស​សាធារណរដ្ឋ។

គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្នកាន់កាប់​អាសនៈ​ព្រឹទ្ធសភា​ចំនួន​៥០​ ទល់​នឹង​៤៨​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ។​ គណបក្ស​នេះ​ ត្រូវ​យក​ឈ្នះ​យ៉ាងហោចណាស់​ឲ្យ​បាន​មួយ​អាសនៈ​ ក្នុង​ចំណោម​២​នៃអាសនៈ​ព្រឹទ្ធសភា​ក្នុង​រដ្ឋ Georgia​ ដើម្បី​បន្ត​គ្រប់គ្រង​ព្រឹ​ទ្ធសភា​ ដែល​នឹង​មាន​សំឡេង​ភាគច្រើន​នៅ​គ្រប់​គណៈកម្មាធិការ​ហើយ​ជា​អ្នកសម្រេច​លើ​របៀបវារៈ​សំខាន់ៗ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG