ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយដាក់ស្រុកចំនួន៤ របស់រដ្ឋ Mississippi ថាជាកន្លែងដែលទទួលរងគ្រោះមហន្តរាយធ្ងន់ធ្ងរ ក្រោយពីមានខ្យល់កំបុតត្បូង (tornado) ដ៏ខ្លាំងមួយ បានបោកបក់ទៅលើស្រុកទាំង៤នេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលធ្វើឱ្យអគារបាក់រលំ និងមនុស្សយ៉ាងហោចណាស់ក៏២៦នាក់ដែរបានស្លាប់នៅក្នុងរដ្ឋនេះ និងម្នាក់ទៀតបានស្លាប់ក្នុងរដ្ឋ Alabama នៅជាប់គ្នានោះ។
ស្រុកទាំង៤ របស់រដ្ឋ Mississippi ដែលត្រូវបានដាក់ក្នុងសេចក្តីប្រកាសគ្រោះមហន្តរាយនោះ មានស្រុក Carroll ស្រុក Humphreys ស្រុក Monroe និងស្រុក Sharkey។ ទីប្រជុំជន Rolling Fork និង ទីប្រជុំជន Silver City ទទួលរងគ្រោះខ្លាំងជាងគេដោយសារព្យុះកំណាចមួយនេះ។
ការប្រកាសនេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលសហព័ន្ធបញ្ចេញថវិកាជួយពលរដ្ឋក្នុងការស្តារឡើងវិញក្នុងនោះមានជំនួយអត់សំណងនិងកម្ចី។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក លោក Alejandro Mayorkas និងប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ លោកស្រី Deanne Criswell បានទៅដល់រដ្ឋ Mississippi កាលពីថ្ងៃអាទិត្យម្សិលមិញដើម្បីពិនិត្យមើលស្ថានភាព៕