ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអង្វរស្នើសុំសភាអាមេរិកតាមរយៈការថ្លែងសុន្ទរកថារបស់លោកមួយនៅសតវិមានកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអនុម័តវិធានការរឹតបន្តឹងការប្រើប្រាស់អាវុធនៅក្នុងសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការបាញ់សម្លាប់ដ៏ប្រល័យដែលធ្វើឱ្យពលរដ្ឋអាមេរិកមានការភ័យរន្ធត់ជាខ្លាំង ហើយលោកបានអំពាវនាវឱ្យមានការរឹតបន្តឹងជាថ្មីដែលនឹងជួយការពារកុំឱ្យមានអំពើហិង្សាទាក់ទិននឹងការប្រើប្រាស់អាវុធនោះ។
លោក Biden បានជំរុញសភាអាមេរិកឱ្យប្រើប្រាស់ឡើងវិញនូវបម្រាមស្តីពីការហាមឃាត់ការប្រើអាវុធពាក់កណ្តាលស្វ័យប្រវត្តិឆ្នាំ១៩៩៤ ហើយដែលបានផុតសុពលភាពកាលពីឆ្នាំ២០០៤។
លោកនិយាយថា៖ «ប្រសិនបើយើងមិនអាចហាមឃាត់ដល់ការប្រើអាវុធវាយប្រហារនោះទេ យើងត្រូវដំឡើងអាយុអ្នកមានសិទ្ធិអាចទិញអាវុធបានពីអាយុ១៨ឆ្នាំទៅអាយុ២១ឆ្នាំវិញ។ លោកបានកត់សម្គាល់ថា ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារនៅក្នុងទីក្រុង Uvalde ក្នុងរដ្ឋ Texas កាលពីខែមុនបានទិញអាវុធស្វ័យប្រវត្តិ២ដើមនៅពេលដែលជនដៃដល់រូបនោះ បានឈានដល់អាយុដល់១៨ឆ្នាំភ្លាម ហើយបានប្រើប្រាស់អាវុធនោះបាញ់សម្លាប់សិស្សសាលា១៩នាក់និងគ្រូបង្រៀន២នាក់និងធ្វើឱ្យរបួស១៧នាក់ផ្សេងទៀត។
លោក Biden ក៏បានជំរុញឱ្យចាត់វិធានការផ្សេងៗទៀត ដូចជាការពង្រឹងការត្រួតពិនិត្យមើលប្រវត្តិរូបរបស់អ្នកទិញកាំភ្លើងនិងអនុវត្តនូវអ្វីដែលហៅថា ច្បាប់ដែលអនុញ្ញាតឱ្យអាជ្ញាធរអាចដកហូតអាវុធដើម្បីរក្សាទុកមួយអន្លើសិន ប្រសិនបើអ្នកប្រើប្រាស់អាវុធទាំងនោះអាចបង្កជាគ្រោះថ្នាក់ឬធ្វើការគំរាមកំហែងឬមានបញ្ហាផ្លូវចិត្តមិននឹងនរជាដើម ក៏ដូចជាការប្រើច្បាប់ស្តីពីការរក្សាទុកអាវុធដោយសុវត្ថិភាពផងដែរ។
លោកបានបន្ថែមទៀតថា៖ «គេត្រូវយកអាវុធមករក្សាទុក។ បិទសោអាវុធទាំងនោះ។ ប្រសិនបើអ្នកមិនព្រមទេ ហើយមាន ហេតុការណ៍អាក្រក់កើតឡើងនោះ អ្នកត្រូវទទួលខុសត្រូវលើបញ្ហាទាំងនេះ»។
លោកក៏បានជំរុញឱ្យលុបចោលនូវអភ័យឯកសិទ្ធិដែលការពារដល់អ្នកផលិតអាវុធឱ្យរួចផុតពីការទទួលខុសត្រូវនោះ។
វិធានការដែលលោក Biden បានស្នើឡើងទាំងនោះមិនទំនងថានឹងអាចទទួលបានការគាំទ្រ នៅក្នុងសភាអាមេរិកដែលមានការបែកបាក់គ្នាដោយបញ្ហានយោបាយនោះទេហើយសមាជិកសភាអាមេរិកជាច្រើនបានខ្វែងគំនិតគ្នាជុំវិញការបង្កើតច្បាប់ដើម្បីគ្រប់គ្រងអាវុធនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទន្ទឹមនឹងនេះដែរ គណបក្សសាធារណរដ្ឋបានថ្កោលទោសការបាញ់ប្រហារនិងអំពើហិង្សាដោយសារការប្រើអាវុធ ក៏ប៉ុន្តែតែងតែរាំងខ្ទប់ពីគោលបំណងនៃការបង្កើតច្បាប់គ្រប់គ្រងអាវុធដោយនិយាយថា ច្បាប់គ្រប់គ្រងអាវុធដែលគណបក្សប្រជាធិបតេយ្យគាំទ្រនោះបានរំលោភលើសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិកដែលមានសិទ្ធិកាន់កាប់និងប្រើប្រាស់អាវុធហើយដែលមានចែងនៅក្នុងវិសោធនកម្មទី២នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកទៀតផង៕