វ៉ាស៊ីនតោន — ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Buffalo ក្នុងរដ្ឋ New York នៅថ្ងៃអង្គារស្អែកនេះ ដែលនៅទីនោះអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតទៅលើករណីបាញ់ប្រហារដ៏ធំមួយនៅក្នុងហាងលក់គ្រឿងទេសមួយកន្លែង។ លោក Biden បានហៅករណីនេះថាជាខ្មាន់កំាភ្លើង «ដែលបំពាក់ដោយអាវុធសង្រ្គាមនិងពោរពេញដោយសេចក្តីស្អប់ខ្ពើម»។
លោកប្រធានាធិបតីនិងភរិយារបស់លោក នឹងចូលរួមការកាន់ទុក្ខជាមួយសហគមន៍នៅទីនោះដែលមនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏រន្ធត់និងគ្មានវិចារណញ្ញាណមួយនេះ។ នេះបើតាមការឱ្យដឹងរបស់សេតវិមាន។
ថ្លែងនៅសេតវិមានកាលពីថ្ងៃអាទិត្យម្សិលមិញ លោក Biden និយាយថា ក្រសួងយុត្តិធម៌អាមេរិកកំពុងធ្វើការស៊ើបអង្កេតទៅលើសំណុំរឿងនេះ ដែលជាបទឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមនិងជាសកម្មភាពដែលមានលក្ខណៈប្រកាន់ពូជសាសន៍របស់ក្រុមជ្រុលនិយមដែលចូលចិត្តប្រើអំពើហិង្សានិងក្រុមជនស្បែកសប្រកាន់ពូជសាសន៍ ឬ White Supremacy។
លោក Biden បានបន្ថែមទៀតថា៖ «យើងត្រូវធ្វើការនេះរួមគ្នាដើម្បីដោះស្រាយការស្អប់គុំគួន ដែលនៅតែដិតជាប់ក្នុងចិត្តនៅក្នុងប្រទេសអាមេរិកនោះ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសការបាញ់ប្រហារនោះ ដោយអ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃអាទិត្យនេះថា លោក Guterres «មានការរន្ធត់ចំពោះការបាញ់ប្រហារដែលបានសម្លាប់មនុស្ស ១០ នាក់ដែលជាអំពើហិង្សាជ្រុលនិយមនិងការប្រកាន់ពូជសាសន៍ដ៏ខ្លាំងបំផុតមួយ នៅក្នុងទីក្រុង Buffalo»។
អាជ្ញាធរបាននិយាយថា ជនដៃដល់មានវ័យ ១៨ ឆ្នាំ មានឈ្មោះ Payton Gendron ដែលរស់នៅក្នុងទីប្រជុំជន Conklin ក្នុងរដ្ឋ New York ដែលស្ថិតនៅចម្ងាយប្រមាណ ៣៣០ គីឡូម៉ែត្រភាគអាគ្នេយ៍ពីទីក្រុង Buffalo។ ជនដៃដល់នោះជាពលរដ្ឋអាមេរិកកាំងស្បែកសហើយជនរងគ្រោះ ១១ នាក់ ក្នុងចំណោម ១៣ នាក់ ជាពលរដ្ឋអាមេរិកកាំងស្បែកខ្មៅ។
អភិបាលក្រុង Buffalo លោក Byron Brown បានប្រាប់កម្មវិធី Face the Nation នៃទូរទស្សន៍ CBS ដែលផ្សាយកាលពីថ្ងៃអាទិត្យថា មន្ត្រីប៉ូលិសកំពុងត្រួតពិនិត្យលើគ្រប់ទិដ្ឋភាពទាំងអស់ និងប្រវត្តិលម្អិតរបស់ជនដៃដល់ដើម្បីដាក់បញ្ជូលគ្នាទៅលើអ្វីដែលបានកើតមានឡើងថា តើវាកើតឡើងយ៉ាងដូចមេ្តច ហើយអ្វីទៅជាហេតុផលដែលជននេះបានមកដល់ទីក្រុង Buffalo ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដ៏រន្ធត់នេះ»។
អភិបាលក្រុង Buffalo លោក Byron Brown ដែលជាជនជាតិអាមេរិកកាំងស្បែកខ្មៅដំបូងដែលកាន់តួនាទីជាចៅហ្វាយក្រុងនេះ បាននិយាយថា៖ «យើងមានការរន្ធត់ជាខ្លាំងដែលខ្មាន់កាំភ្លើងជាជនដែលបើករថយន្តរាប់រយគីឡូម៉ែត្រមកពីទីផ្សេង មិនមែនជាអ្នកដែលស្ថិតនៅក្នុងសហគមន៍នេះ ហើយមិនស្គាល់ច្បាស់ពីសហគន៍នេះ និងបានសម្លាប់ជនជាតិស្បែកខ្មៅដ៏ច្រើនបែបនេះ នៅក្នុងអំពើដែលមានចេតនានិងការគ្រោងទុកជាមុនមួយ»៕