ប្រធានាធិបតីអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris កាលពីថ្ងៃចន្ទបានកាន់ទុក្ខចំពោះការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីមួយឆ្នាំមុន និងចំពោះការបាត់បង់ជីវិតជាច្រើនរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលក្រោយការវាយប្រហារនោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Biden ថ្លែងថា៖ «ចូរយើងធ្វើជាសាក្សីនៃអំពើព្រៃផ្សៃដោយគ្មានវាចានៃការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា [ឆ្នាំមុន] តែយើងក៏ធ្វើជាសាក្សីនៃការបាត់បង់ជីវិតនៅថ្ងៃនោះផងដែរ»។
អ្នកស្រី Harris ថាអ្នកស្រីនឹង «មិនបំភ្លេចភាពរន្ធត់នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣» ទេនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលចូលក្នុងទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សអស់ ១.២០៥ នាក់ដែលភាគច្រើនជាជនស៊ីវិល និងចាប់មនុស្ស ២៥១ នាក់ធ្វើជាចំណាប់ខ្មាំង។
តែលោក Biden បានថ្លែងបន្ថែមថា៖ «ប្រវត្តិសាស្ត្រនឹងចងចាំថ្ងៃទី ៧ ខែតុលាថាជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់ពលរដ្ឋប៉ាឡេស្ទីន ព្រោះតែសង្គ្រាមដែលក្រុមហាម៉ាស់បានបង្កឡើងនៅថ្ងៃនោះ»។
លោកបន្តទៀតថា៖ «ជនស៊ីវិលច្រើនជ្រុលបានរងទុក្ខវេទនាខ្លាំងជ្រុលពេកក្នុងអំឡុងសង្គ្រាមមួយឆ្នាំមកនេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកទាំងពីរ លោក Biden និងអ្នកស្រី Harris បានគូសបញ្ជាក់អំពីការតាំងចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធភាពយោធារបស់សហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែល។
លោក Biden ថ្លែងថា៖ «មួយឆ្នាំក្រោយមក ខ្ញុំនិងអ្នកស្រីអនុប្រធានាធិបតី Harris នៅតែប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះសុវត្ថិភាពរបស់ជនជាតិជ្វីហ្វ សន្តិសុខរបស់អ៊ីស្រាអែល និងសិទ្ធិរស់រានមានជីវិតនៃប្រទេសនេះ»៕