ទីភ្នាក់ងារ​សេវាកម្ម​ទូទៅ​ទទួល​ស្គាល់​ថា​លោក Biden ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​អំពី​ការ​ថែទាំ​សុខភាព នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធាន​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ទទួល​បន្ទុក​កិច្ចការ​សេវាកម្ម​ទូទៅ (GSA) បានទទួល​ស្គាល់​ថា លោក Joe Biden ជា «អ្នក​ឈ្នះ​ជាក់​ស្ដែង» នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា។

លោក​ប្រធានាធិបតី Donald Trump ដែល​បដិសេធ​មិន​ព្រម​សុខចិត្ត​ចុះចាញ់​ការ​បោះឆ្នោត បាន​និយាយ​កាល​ថ្ងៃ​ចន្ទ​ថា លោក​កំពុង​ប្រាប់​ក្រុម​របស់​លោក​ឲ្យ​សហការ​លើ​កិច្ចការ​ដំណាក់កាល​អន្តរកាល​នេះ ប៉ុន្តែ​ប្ដេជ្ញា​ថា​នឹង​បន្ត​ពាក្យ​បណ្ដឹង​របស់​លោក​តទៅទៀត។

ការណ៍​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់ផ្ដើម​នៃ​ការ​ផ្ទេរ​អំណាច​របស់​រដ្ឋបាល​លោក Trump និង​អនុញ្ញាត​ឲ្យ​លោក Biden អាច​សម្រប​សម្រួល​ជាមួយ​នឹង​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​នានា​លើ​កិច្ចការ​ផ្សេងៗ​សម្រាប់​ការ​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ។

មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ប្រធាន​ទីភ្នាក់ងារ GSA អ្នកស្រី Emily Murphyបាន​ធ្វើ​ការ​សម្រេច​ដូច្នេះ បន្ទាប់​ពី​កិច្ច​ប្រឹងប្រែង​របស់​លោក Trump នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ដល់​លទ្ធផល​បោះឆ្នោត​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន បាន​ទទួល​បរាជ័យ ជាពិសេស​នៅ​ក្នុង​រដ្ឋ Michigan កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែល​រដ្ឋ​នេះ​បាន​ប្រកាស​លទ្ធផល​ផ្លូវការ​ថា លោក Biden ជា​អ្នក​ឈ្នះ។

អ្នកស្រី Murphy បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក Biden ដូច្នេះ​ថា៖ «សូម​ដឹង​ថា ខ្ញុំ​បាន​សម្រេច​ដូច្នេះ​ដោយ​ឯករាជ្យ ផ្អែក​លើ​ច្បាប់ និង​ការ​ពិត​ជាក់ស្ដែង​ដែល​មាន។ ខ្ញុំ​មិន​ដែល​រង​សម្ពាធ​ទោះ​ដោយ​ផ្ទាល់ ឬ​មិន​ផ្ទាល់​ក៏ដោយ ពី​មន្ត្រី​អង្គ​នីតិ​ប្រតិបត្តិ​ណា​ម្នាក់​ទេ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ដែល​ធ្វើការ​នៅ​សេតវិមាន ឬ​នៅ​ទីភ្នាក់ងារ GSA ផង​ដែរ ទាក់ទិន​ទៅ​នឹង​ទម្ងន់ ឬ​ក៏​ពេលវេលា​នៃ​ការ​សម្រេចចិត្ត​របស់​ខ្ញុំ​នេះ»៕