លោក Biden បន្ថយ​ទោស​ទណ្ឌិត ៣៧ នាក់​ពី​ប្រហារ​ជីវិត​មក​ត្រឹម​ជាប់​គុក​មួយ​ជីវិត

រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ លោក​បាន​បន្ថយ​ទោស​ទណ្ឌិត ៣៧ នាក់​ក្នុង​ចំណោម ៤០ នាក់​ពី​ទោស​ប្រហារ​ជីវិត​មក​ត្រឹម​ជាប់​គុក​មួយ​ជីវិត​វិញ មុន​ពេល​លោក Donald Trump ដែល​គាំទ្រ​ឲ្យ​ពង្រីក​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ការ​បន្ថយ​ទោស​នេះ​ធ្វើ​ឲ្យ​រួច​ជីវិត​ដល់​អ្នកទោស​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​មនុស្ស​ឃាត​ដូចជា​ជន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​ធនាគារ ​ឬ​ការ​ជួញដូរ​គ្រឿងញៀន​ដ៏​ប្រល័យ និង​ជន​ដែល​សម្លាប់​ឆ្នាំ​គុក​ ឬ​អ្នកទោស​ក្នុង​មន្ទីរ​ឃុំឃាំង​ថ្នាក់​សហព័ន្ធ​ជាដើម។

ការ​បន្ថយ​ទោស​នេះ​មាន​ន័យ​ថា​ នៅ​សល់​តែ​ទណ្ឌិត​ថ្នាក់​សហព័ន្ធ​តែ ៣ នាក់​ប៉ុណ្ណោះ​ដែល​ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត។ អ្នក​ទាំង ៣ នោះ​គឺ​ជន​ឈ្មោះ Dylann Roof ដែល​បាន​សម្លាប់​សមាជិក​ស្បែក​ខ្មៅ ៩ នាក់​នៃ​វិហារ​គ្រិស្ត​សាសនា Mother Emanuel AME ក្នុង​ក្រុង Charleston រដ្ឋ South Carolina កាល​ពី​ឆ្នាំ ២០១៥ ដោយសារ​ការ​ប្រកាន់​ពូជសាសន៍ ជន​ឈ្មោះ Dzhokhar Tsarnaev ដែល​បាន​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ព្រឹត្តិការណ៍​កីឡា​រត់​ម៉ារ៉ាតុង​ក្នុង​ក្រុង Boston រដ្ឋ Massachusetts កាល​ពី​ឆ្នាំ ២០១៣ និង​ជនឈ្មោះ Robert Bowers ដែល​បាន​បាញ់​សម្លាប់​អ្នក​ទៅ​ថ្វាយបង្គំ ១១ នាក់​នៅ​វិហារ​សាសនា Tree of Life របស់​ជាតិសាសន៍​ជ្វីហ្វ​ក្នុង​ក្រុង Pittsburgh រដ្ឋ Pennsylvania កាល​ពី​ឆ្នាំ ២០១៨ ដែល​ជា​ការ​វាយប្រហារ​ប្រឆាំង​ជាតិសាសន៍​ជ្វីហ្វ​ដ៏​ប្រល័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។

លោក Biden បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​បាន​បូជា​អាជីព​របស់​ខ្ញុំ​ទៅ​លើ​ការ​បន្ថយ​ឧក្រិដ្ឋកម្ម​ហិង្សា​និង​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​ដ៏​មាន​ប្រសិទ្ធភាព​និង​ត្រឹមត្រូវ​មួយ។ ថ្ងៃ​នេះ ខ្ញុំ​បន្ថយ​ទោស​បុគ្គល ៣៧ នាក់​ក្នុង​ចំណោម ៤០ នាក់​ដែល​កំពុង​រង់ចាំ​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​ថ្នាក់​សហព័ន្ធ​ពី​ទោស​ប្រហារ​ជីវិត​មក​ត្រឹម​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​វិញ​ដោយ​មិន​អាច​ស្ថិត​នៅ​ក្រៅ​ឃុំ​បាន​ទេ។ ការ​បន្ថយ​ទោស​នេះ​ស្រប​នឹង​សារាចរ​ដែល​រដ្ឋបាល​របស់​ខ្ញុំ​បាន​ដាក់ចេញ​ស្តីពី​ការ​ប្រហារ​ជីវិត​ថ្នាក់​សហព័ន្ធ​ក្នុង​ចំណោម​រឿង​ក្រៅពី​ភេរវកម្ម​និង​ឃាតកម្ម​ទ្រង់ទ្រាយ​ធំ​ដែល​ជំរុញ​ឡើង​ដោយ​ការ​ស្អប់​គុំកួន»។

លោក Biden បាន​បន្ថែម​ថា៖ «ចូរ​កុំ​ច្រឡំ! ខ្ញុំ​ថ្កោលទោស​ឃាតករ​ទាំងនេះ​និង​សោក​សង្រេង​ចំពោះ​ជន​រងគ្រោះ​នៃ​អំពើ​ដ៏​គួរឲ្យ​ស្អប់​ទាំងនេះ​និង​ការ​ឈឺចាប់​សម្រាប់​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន។ តែ​ដោយសារ​មនសិការ​និង​បទពិសោធន៍​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ការពារ​សាធារណជន ជា​ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា ជា​អនុ​ប្រធានាធិបតី និង​ឥឡូវ​ជា​ប្រធានាធិបតី ខ្ញុំ​ជឿជាក់​ជាង​ពេលណាៗ​ទាំងអស់​ថា​យើង​ត្រូវតែ​បញ្ឈប់​ការ​ប្រើ​ទោស​ប្រហារ​ជីវិត​ក្នុង​កម្រិត​ថ្នាក់​សហព័ន្ធ»៕