លោក Biden ស្វែងរក​ដៃគូ​ថ្មី​នៅ​វៀតណាម ខណៈ​ពាណិជ្ជករអាមេរិក​រក​ជម្រើស​រោងចក្រ​ផ្សេង​ក្រៅ​ពី​ចិន

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden ចូលរួម​ពិធិ​ស្វាគមន៍​ដែល​រៀបចំ​ដោយ​មេដឹក​នាំបក្ស​កុម្មុយនិស្ត​វៀតណាម​លោក Nguyen Phu Trong នៅ​វិមាន​ប្រធានាធិបតី​រដ្ឋ​ធានី​ហាណូយ​ប្រទេស​វៀតណាម​កាលពីថ្ងៃ​អាទិត្យ​ ទី​១០​ ខែកញ្ញា ឆ្នាំ​២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ដែល​វៀតណាម​ចង់បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ នេះ​គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ការ​ប្រកួតប្រជែង​ជាមួយប្រទេស​ចិន​កំពុង​តែ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​នៅ​ទូទាំង​តំបន់​អាស៊ី។

លោក​ប្រធានាធិបតី Biden ​មាន​មោទនភាព​ដែល​វៀតណាម​កំពុង​តែ​កែប្រែ​ស្ថានភាព​របស់​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​របស់​សហរដ្ឋ​អាមេរិក។ បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​វៀតណាម​បាន​ពង្រីក​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ដល់​កម្រិត​ខ្ពស់​បំផុត​នេះ ក៏​រួម​មាន​ទាំង​ប្រទេស​ចិន​និង​រុស្ស៊ី​ផង​ដែរ។ ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដល់​កម្រិត​ខ្ពស់​បំផុត​ដូចគ្នា​នេះ​បង្ហាញ​ថា វៀតណាម​ចង់​ពង្រីក​មិត្តភាព​របស់​ខ្លួន ខណៈ​ដែល​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ស្វែងរក​ជម្រើសរោងចក្រ​ក្នុង​ប្រទេសផ្សេង ​ក្រៅ​ពី​រោងចក្រ​នៅក្នុង​ប្រទេស​ចិន។ ​

លោក​ប្រធានាធិបតី Biden បាន​ទៅ​ដល់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ខែ​មុន​នៅ​ឯ​ទីកន្លែង​រៃអង្គាស​ប្រាក់​មួយ​ក្នុង​ទីក្រុង Salt Lake City សហរដ្ឋ​អាមេរិក ​ថា វៀតណាម​មិន​ចង់​បាន​សម្ព័ន្ធភាព​ផ្នែក​ការពារ​ជាតិ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ «ប៉ុន្តែ​ពួកគេ​ចង់​បាន​ទំនាក់ទំនង​ផ្សេងៗ​ទៀត​ ដោយសារ​ពួកគេ​ចង់​ឱ្យ​ចិន​ដឹង​ថា ពួកគេ​មិន​នៅ​ឯកោ​នោះ​ទេ» ហើយ​ពួកគេ​អាច​ជ្រើសរើស​ដៃគូ​របស់​ខ្លួន​បាន។ លោក​ប្រធានាធិបតី​បាន​សម្រេច​ឈប់​សំចត​នៅ​ប្រទេស​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល G-20 ដែលត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

កម្រងរូបភាព៖ ដំណើរទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក​នៅ​វៀតណាម

ដោយ​សេដ្ឋកិច្ច​ចិន​ចាប់​ផ្ដើម​ថយចុះរួមទាំងកា​រពង្រឹង​អំណាចរបស់ប្រធានាធិបតី​ចិន​លោក Xi Jinping លោក Biden មើល​ឃើញ​នូវ​ឱកាស​ក្នុង​ការ​ទាញ​យក​ប្រទេស​ជាច្រើន​ថែមទៀត ដែល​រួម​មាន​វៀតណាម និង​កម្ពុជា​ផងដែរ ឱ្យមក​ចូល​ក្នុង​គន្លង​របស់​សហរដ្ឋ​អាមេរិក​វិញ។

លោក Biden បាន​ពន្យល់​កាល​ពី​ខែ​មុន​អំពី​វៀតណាម​ថា៖ «យើង​ឃើញ​ថា យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ការ​ផ្លាស់ប្ដូរ​ទាំង​អស់​នេះ​នៅ​ទូទាំង​ពិភពលោក​កំពុង​តែ​កើតឡើង»។ លោក​បាន​ថ្លែង​ទៀត​ថា៖ «ហើយ​ប្រសិន​បើ​យើង​ឆ្លាត យើង​មាន​ឱកាស​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​នេះ​បាន»។ ​

លោក Biden ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​ក្នុង​ប្រទេស​វៀតណាម​ដោយ​មានរៀបចំ​កម្មវិធីយ៉ាង​អធិកអធម​មួយ​នៅ​ខាង​ក្រៅអគារ​វិមាន​ប្រធានាធិបតី​ពណ៌លឿងទុំ​នៅ​វៀតណាម។ កុមារ​ជាច្រើន​នាក់​ឈរ​តម្រង់ជួរ​ដោយ​មាន​គ្រវី​ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​វៀតណាម​ ហើយ​លោក Biden ឈរ​មើល​ការ​ដើរ​ក្បួន​របស់​ទាហាន​វៀតណាម​ផង​ដែរ។ លោក​ប្រធានាធិបតី​បាន​ឈរ​គ្រវី​ដៃ​ទៅ​កាន់​កុមារ​ទាំង​នោះ​ មុនពេល​ដែល​លោក​ឡើង​ជិះ​រថយន្ដ​ limousine របស់​លោក ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីស្នាក់ការកណ្តាល​របស់បក្ស​កុម្មុយនិស្ដ ដើម្បី​ជួប​ជាមួយ​នឹង​អគ្គលេខាធិការ​បក្ស​លោក Nguyễn Phú Trọng។

លោក Jon Finer ប្រធាន​ទីប្រឹក្សារង​ទទួល​បន្ទុក​ផ្នែក​សន្ដិសុខ​ជាតិ​របស់​លោក Biden ថ្លែង​ថា ស្ថានភាព​ទំនាក់ទំនង​បច្ចុប្បន្ន​នេះ​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម​បង្ហាញ​ពី​ទំនាក់ទំនង​ភាព​ជា​ដៃគូ​កម្រិត​ខ្ពស់​បំផុត​របស់​វៀតណាម​នៅ​ក្នុង​ភាព​ជា​ដៃគូ​អន្តរជាតិ។

ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​វៀតណាម​បាន​ចាប់​ផ្ដើម​កើនឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០១៩​មក។ ក៏​ប៉ុន្តែ វា​នៅ​មាន​កម្រិត​ទៅ​លើ​ថា​តើ​ទំនាក់ទំនង​នេះ​អាច​កាន់​តែ​ប្រសើរ​ឡើង​បានប៉ុណ្ណា ប្រសិន​បើ​គ្មានការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ពង្រឹង​ជំនាញ​របស់​កម្មករ និង​អភិបាល​កិច្ច​របស់​វៀតណាម​នោះ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា