លោក Joe Biden បេក្ខជនប្រធានាធិបតីពីខាងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានសម្ភាសបេក្ខជនជុំចុងក្រោយសម្រាប់ឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីជាមួយនឹងលោក ហើយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកំពុងត្រៀមប្រកាសអំពីជម្រើសរបស់លោកក្នុងពេលឆាប់ៗខាងមុខដែលអាចនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់បុគ្គលម្នាក់ដែលដឹងអំពីដំណើរការនេះ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Biden និងដៃគូបេក្ខជនអនុប្រធានាធិបតីរបស់លោក នឹងទទួលការតែងតាំងជាបេក្ខជនផ្លូវការពីគណបក្សប្រជាធិបតេយ្យ នៅឯមហាសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែសីហា សប្តាហ៍ក្រោយ។ គេរំពឹងថា លោក Biden នឹងប្រកាសអំពីជម្រើសបេក្ខជនអនុប្រធានាធិបតីរបស់លោក នៅមុនមហាសន្និបាតរបស់បក្សចាប់ផ្ដើម។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃច័ន្ទថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ទំនងនឹងប្រកាសអំពីការសម្រេចចិត្តនៅថ្ងៃពុធ ដោយស្រង់សម្ដីរបស់អ្នកដែលដឹងអំពីដំណើរការជ្រើសរើសនេះ។
កាសែតនេះក៏បានចុះផ្សាយថា គណៈកម្មាធិការដែលជ្រើសរើសបេក្ខជន ជាក់ស្តែងត្រូវបានរំសាយហើយ បន្ទាប់ពីបញ្ចប់កិច្ចការរបស់ខ្លួន។ កាសែតនេះក៏បានកត់សម្គាល់ថា លោក Biden បានហួសកាលបរិច្ឆេទចាស់ក្នុងការប្រកាសជម្រើសរបស់លោករួចទៅហើយ ហើយថា លោកអាចហួសកាលបរិច្ឆេទនេះម្ដងទៀត។
អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានបដិសេធមិនព្រមផ្ដល់អត្ថាធិប្បាយនោះទេ។
អ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៃរដ្ឋ California និងអ្នកស្រី Susan Rice អតីតទីប្រឹក្សាសន្ដិសុខជាតិ ដែលជាសុទ្ធតែជាស្ត្រីស្បែកខ្មៅ គឺស្ថិតក្នុងចំណោមបេក្ខជនចម្បង ដែលអាចនឹងត្រូវបានលោក Biden ពិចារណាជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតី។
យោងតាមក្រុមមន្ត្រីគណបក្សប្រជាធិបតេយ្យ និងក្រុមសម្ព័ន្ធមិត្តរបស់លោក Biden អ្នកស្រី Karen Bass សមាជិកសភាតំណាងរដ្ឋ California ដែលក៏ជាស្ត្រីស្បែកខ្មៅផងដែរនោះ រួមជាមួយនឹងស្ត្រី ៦ នាក់ទៀត សុទ្ធតែកំពុងស្ថិតក្រោមការពិចារណាយ៉ាងម៉ឺងម៉ាត់សម្រាប់ការជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតីអាមេរិក។ អ្នកទាំង៦ នាក់នោះក៏រួមមានសមាជិកព្រឹទ្ធសភាអ្នកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាអ្នកស្រី Tammy Duckworth តំណាងរាស្ត្រអ្នកស្រី Val Demings អភិបាលរដ្ឋ New Mexico អ្នកស្រី Michelle Lujan Grisham និងអភិបាលរដ្ឋMichigan អ្នកស្រី Gretchen Whitmer ផងដែរ៕