លោក Biden ថា នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ចុង​ខែឧសភា

រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​ការបរទេស​នៅឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Joe Biden បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក ​នឹង​មាន​វ៉ាក់សាំង​ល្មម​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​អាមេរិកាំងពេញវ័យ​ទាំង​អស់​នៅ​ក្នុង​ខែ​ឧសភា ដោយ​បាន​ហៅ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​ឱសថ​២​ថា​ «ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​មួយ»។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍ថា៖ «ស្ថានភាព​កាន់​តែ​ប្រសើរ​ឡើង»។ ក៏ប៉ុន្តែ លោក​បាន​ព្រមាន​ថា៖ «[វិបត្តិ​កូវីដ]​នេះ ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ»។

ក្រុមហ៊ុន Merck ដែល​ជា​ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​មួយរបស់​អាមេរិក​ បាន​យល់ព្រម​ជួយ​ផលិត​វ៉ាក់សាំង​ថ្មី​បង្ការ​ជំងឺ​កូវីដ១៩​របស់ក្រុមហ៊ុន​ Johnson & Johnson ដែល​ជា​គូ​ប្រជែងរបស់​ខ្លួន​ ដើម្បី​ជួយ​បង្កើន​ផលិតផល​វ៉ាក់សាំង​ថ្មី​រាប់​លាន​ដូសសម្រាប់​ចាក់​តែ​ម្តង​ ដល់​ពលរដ្ឋ​អាមេរិកាំង​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប៉ុន្មានខែ​ខាង​មុខ​នេះ។ នេះ ​តាម​ការ​ប្រកាស​របស់​សេតវិមាន។

ក្រុមហ៊ុន Johnson & Johnson បាន​ប្រឈម​បញ្ហាមិន​បានរំពឹង​ទុក​ក្នុង​ការ​ផលិត​នេះ ទោះបី​ខ្លួន​បាន​ទទួល​ការ​យល់ព្រម​ឲ្យ​ប្រើ​វ៉ាក់សាំង​ក្នុង​គ្រា​អាសន្នកាល​ពី​សប្តាហ៍​មុន​ក៏ដោយ។ ក្រុមហ៊ុន​នោះ​ បាន​ផលិត​វ៉ាក់សាំង​ចំនួន​៣,៩លាន​ដូស​រហូត​មក​ទល់​ពេល​នេះ ក៏ប៉ុន្តែ បាន​និយាយ​ថា ​ខ្លួន​នឹង​ផលិត​១០០​លាន​ដូស​នៅ​ត្រឹមចុង​ខែ​មិថុនា។

នៅ​ពេលត្រូវ​សួរ​ថា​ ពេល​ណា​ពលរដ្ឋ​អាមេរិកាំង​អាច​រំពឹងថា​ នឹង​ត្រឡប់​ទៅ​«ជីវភាព​ប្រក្រតី»​ឡើង​វិញ​ លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ផ្តល់​ចម្លើយ​ជាក់​លាក់​ទេ ក៏​ប៉ុន្តែ​សង្ឃឹម​ថា​ ការណ៍​នេះ នឹង​អាច​កើតឡើង​«មុនពេល​នេះ​ នៅ​ឆ្នាំ​ក្រោយ»៕