លោក​ Biden ​បញ្ចប់​យុទ្ធនាការ​ប្រធានាធិបតី​ឆ្នាំ២០២៤​ និង​គាំទ្រ​ អ្នកស្រី ​Harris

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ជាមួយអនុប្រធានាធិបតី អ្នកស្រី Kamala Harris អបអរសាទរបន្ទាប់ពីបានប្រកាសពីការិយាល័យសេតវិមានអំពីការទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង នៅក្នុងសួន Rose Garden នៃសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោក​ប្រធានាធិបតី​ Joe Biden ​បានដកខ្លួន​ចេញ​ពី​ការប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤ ​កាលពី​ថ្ងៃអាទិត្យ​ ដោយ​បញ្ចប់​ការប្រឹងប្រែង​របស់​លោក​សម្រាប់​ការបោះឆ្នោត​ឡើងវិញ​ បន្ទាប់ពី​ការជជែក​ដេញដោល​ដ៏​មហន្តរាយ​ជាមួយ​លោក Donald Trump ដែល​បាន​ធ្វើឱ្យ​មាន​ការសង្ស័យ​អំពី​កាយសម្បទា​របស់​លោក​សម្រាប់​តំណែង​នេះ​ ដែល​នឹង​ត្រូវ​បោះឆ្នោត​នៅ​ត្រឹមតែ​បួនខែ​ខាងមុខ។ .

ការសម្រេចចិត្ត​នេះ​កើតឡើង​បន្ទាប់ពី​មាន​ការកើនឡើង​នូវ​សម្ពាធ​ពី​សម្ព័ន្ធមិត្ត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Biden ​ឱ្យ​លោក​ដើរ​ចេញ​បន្ទាប់ពី​ការជជែក​ដេញដោល​កាលពី​ថ្ងៃទី ២៧​ខែមិថុនា ​ដែល​លោក​ប្រធានាធិបតី​មាន​អាយុ​ ៨១​ ឆ្នាំ​រូប​នេះ ពិភាក្សា​មិន​បាន​ល្អហើយ​ជារឿយៗ​ផ្តល់​ចម្លើយ​មិន​សមហេតុ​សមផល ​និង​មិន​បាន​ចាប់​កំហុសអំពី​ការនិយាយ​មិន​ពិត​ជាច្រើន​របស់​លោក​អតីត​ប្រធានាធិបតី។

លោក Biden គ្រោង​នឹង​កាន់​តំណែង​ឲ្យ​ពេញអាណត្តិរបស់​លោក​ដែល​នៅ​សេសសល់​ហើយដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ទី២០​ ខែ​មករា ​ឆ្នាំ​២០២៥។

លោក Biden ​បាន​សរសេរ​ក្នុង​សំបុត្រ​មួយ​ដែល​បាន​បង្ហោះ​ក្នុង​គណនី​ X ​របស់​លោកថា ​លោក​នឹង​បំពេញ​តួនាទី​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ដែល​នៅ​សល់​៖​

«វា​ជា​កិត្តិយស​ដ៏ធំ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​ក្នុង​ការធ្វើ​ជា​ប្រធានាធិបតី​របស់​អ្នកទាំងអស់​គ្នា។ ហើយ​ខណៈពេល​ដែល​វា​ជា​បំណង​របស់​ខ្ញុំ​ក្នុង​ការស្វែងរក​ការបោះឆ្នោត​ឡើង​វិញ ​ខ្ញុំ​ជឿ​ថា​វាជា​ផលប្រយោជន៍​ដ៏ល្អ​បំផុត​របស់​គណបក្ស​ និង​ប្រទេស​របស់​ខ្ញុំ​ ដែល​ខ្ញុំត្រូវ​ចុះចេញ​និងផ្តោត​លើ​តួ​នាទី​ជា​ប្រធានាធិបតី​រហូត​ដល់​ផុត​អាណត្តិ»​។

ជិត៣០​នាទី​ក្រោយមក​ លោក Biden ​បាន​គាំទ្រ​អ្នកស្រី​អនុ​ប្រធានាធិបតី​ Kamala Harris​ ដែលជា​បេក្ខជន​ទទួល​បាន​ការគាំទ្រ​ភ្លាមៗ​របស់​គណបក្ស​សម្រាប់​ការតែងតាំង​នៅក្នុង​សន្និបាត​បក្ស​នៅ​ខែសីហា​នៅ​ទីក្រុង Chicago។

លោក​ប្រធានាធិបតី​បាន​សរសេរ​នៅក្នុង​ការប្រកាស​មួយ​ផ្សេង​ទៀត​នៅលើ​បណ្តាញ​សង្គម​ X​ថា៖​ «ថ្ងៃនេះ​ខ្ញុំ​ចង់​ផ្តល់​ការគាំទ្រ ​និង​ការយល់ព្រម​ពេញលេញ​របស់​ខ្ញុំ​សម្រាប់​អ្នកស្រី​ Kamala​ ឱ្យ​ក្លាយ​ជា​បេក្ខភាព​នៃ​គណបក្ស​របស់​យើង​នៅ​ឆ្នាំនេះ។ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំងឡាយ​ ឥឡូវនេះ​ វា​ដល់​ពេល​ដែល​ត្រូវ​រួមគ្នា ​ហើយ​ផ្តួល​លោក​ Trump»។

ការសម្រេចចិត្ត​របស់​លោក Biden​ បាន​កើតឡើង​ខណៈដែល​លោក​បាន​នៅដាច់​ដោយឡែក​ពី​គេ​នៅ​គេហដ្ឋានរបស់​លោក​នៅ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ Delaware​ បន្ទាប់ពី​ត្រូវ​បាន​ពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា​លោក​មាន​ជំងឺ​កូវីដ​១៩​ កាលពី​សប្តាហ៍​មុន​។ លោក​បាននៅ​ពិភាក្សា​ជាមួយ​នឹង​អ្នកទុកចិត្ត​ជិតស្និទ្ធមួយ​ចំនួន​តូច​ និង​សមាជិក​គ្រួសារ​អំពី​អនាគត​នយោបាយ​របស់​លោក។ លោក Biden ​បាន​និយាយ​ថា​ លោក​នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ​នៅ​សប្តាហ៍​នេះ ​ដើម្បី​ផ្តល់​ «ព័ត៌មាន​លម្អិត»​ អំពី​ការសម្រេចចិត្ត​របស់​លោក។

ការប្រកាស​នេះ​គឺជា​ការរំជើប​រំជួល​ចុងក្រោយ​បំផុត​ចំពោះ​យុទ្ធនាការ​មួយ​សម្រាប់​សេតវិមាន​ដែល​គណបក្ស​នយោបាយ​ទាំងពីរ​មើលឃើញ​ថា​ជា​ការបោះឆ្នោត​ដ៏​មាន​ផលវិបាក​បំផុត​ក្នុង​ពេល​ជា​ច្រើន​ជំនាន់ ​ដែល​កើតឡើង​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើឃាត​ លោក Trump​ នៅ​ឯ​យុទ្ធនាការ​ឃោសនា​នយោបាយ​នៅ​រដ្ឋ Pennsylvania ។

ឥឡូវនេះ​ គណបក្ស​ប្រជាធិបតេយ្យ​ត្រូវតែ​ប្រឹងប្រែងជាបន្ទាន់​ដើម្បី​នាំមក​នូវ​ភាពស៊ីសង្វាក់គ្នា​នៅក្នុង​ដំណើរការ​ជ្រើសរើស​បេក្ខជន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍នេះ​ និង​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​ដែល​ថា​បេក្ខជន​ដែល​ទទួល​បាន​ការតែងតាំង​របស់​ពួកគេ​អាច​គ្រប់គ្រង​ការងារ​ និង​ផ្តួល​លោក​ Trump បាន។ ហើយ​សម្រាប់ លោក Trump​វិញ​គឺ​ ត្រូវតែ​ផ្លាស់ប្តូរ​ការផ្តោត​អារម្មណ៍​របស់​លោក​ទៅកាន់​គូប្រជែង​ថ្មី ​បន្ទាប់ពី​បណ្តុះ​ការយកចិត្ត​ទុកដាក់​របស់​លោក​លើ​លោក​ Biden​ ជាច្រើន​ឆ្នាំ​មក​ហើយ។

ការសម្រេចចិត្ត​នេះ​បានបង្ហាញ​ពី​ការបញ្ចប់​ដ៏​ឆាប់រហ័ស ​និង​គួរឱ្យ​ភ្ញាក់ផ្អើល​ដល់​ការងារ​រយៈពេល​ ៥២​ ឆ្នាំ​របស់ ​លោក Biden ​ក្នុង​ឆាក​នយោបាយ​ ខណៈដែល​ម្ចាស់​ជំនួយ​ សមាជិក​សភា​ និង​សូម្បីតែ​ជំនួយការ​បាន​បង្ហាញ​ដល់​លោក​នូវ​ការងឿងឆ្ងល់ ថា​តើ​លោក​អាច​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ថា​លោក​អាច​គ្រប់គ្រង​ការងារ​នេះ​ក្នុង​រយៈពេល​៤​ឆ្នាំ​ទៀត​ឬ​យ៉ាងណា។

លោក Biden ​បានឈ្នះ​គណៈប្រតិភូ​ភាគច្រើន ​និង​រាល់​ការ​ប្រជែង​ជ្រើសរើស​បេក្ខជន ​ប៉ុន្តែ​នៅ​សល់​តែ​ជំហាន​មួយទៀត​ដែល​នឹង​ធ្វើឱ្យ​លោក​ទទួល​បានការតែងតាំង​ជា​ផ្លូវការ។ នៅ​ពេល​ឥឡូវ​ដោយសារ​តែលោក​បាន​ដក​ខ្លួនចេញ ​ប្រតិភូ​ទាំង​នោះ​នឹង​មាន​សេរីភាព​ក្នុង​ការ​គាំទ្រ​បេក្ខជន​ម្នាក់​ទៀត។

អ្នកស្រី ​Harris ​ដែល​មាន​អាយុ​ ៥៩ ​ឆ្នាំ​ ហាក់ដូចជា​ជា​អ្នកស្នង​តំណែងមួយ​សមស្រប​ដោយសារ​មួយ​ផ្នែក​ធំ​ គឺ​អ្នកស្រី​ជា​បេក្ខជន​តែមួយ​គត់​ដែល​អាច​ប្រើប្រាស់​បាន​ដោយ​ផ្ទាល់​នៃ​ធនធាន​របស់​យុទ្ធនាការ ​លោក ​Biden។ នេះ​បើ​យោង​តាម​ច្បាប់​ហិរញ្ញវត្ថុ​នៃ​យុទ្ធនាការ​សហព័ន្ធ។

ការ​គាំទ្រ​របស់​លោក Biden ​ជួយ​ជម្រះ​ផ្លូវ​សម្រាប់​អ្នកស្រី​ Harris ​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ដោយ​រលូន​មិន​អាច​ធានា​បាន​ឡើយ។

សន្និបាត​ជាតិ​បក្ស​ប្រជាធិបតេយ្យ​គ្រោង​នឹង​ប្រារព្ធឡើង​នៅ​ថ្ងៃទី​១៩​ដល់​២២​ ខែសីហា​នៅ ​ទីក្រុង Chicago ​ប៉ុន្តែ​គណបក្ស​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ឲ្យ​ផ្តល់​ការគាំទ្រតាម​អនឡាញ​ដើម្បី​តែងតាំង​ លោក ​Biden ​ជា​ផ្លូវការ​សិន​ មុនពេលចាប់ផ្តើម​ដំណើរការ​ដោយ​ផ្ទាល់។

គេ​នៅតែ​ត្រូវ​រង់ចាំ​មើល​សិន​ថា​តើ​បេក្ខជន​ផ្សេង​ទៀត​នឹង​ប្រជែងនឹង​ អ្នកស្រី​ Harris​ សម្រាប់​ការតែងតាំង​នេះ​ឬ​យ៉ាងណា​ គណបក្ស​អាច​នឹង​ត្រូវកែ​សម្រួល​ច្បាប់​របស់ខ្លួន​ម្តង​ទៀត​ដើម្បី​ឱ្យ​ការតែងតាំង ​អ្នកស្រី​ Harris ​មាន​ភាពរលូន​នៅ​លើ​អង្គ​សន្និបាត។

ការព្រួយបារម្ភ​អំពី​អាយុ​របស់​លោក Biden​ បាន​កើតឡើង​ចាប់តាំងពី​លោក​បាន​ប្រកាស​ថា​លោក​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឡើងវិញ​ ទោះបីជា​ លោក​Trump ​មាន​អាយុ​តិចជាង​៣​ ឆ្នាំ។ លោក​ត្រាំ​មាន​អាយុ៧៨​ ឆ្នាំ។

ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ចាត់ទុក​ថា​លោក​ប្រធានាធិបតី​ចាស់ពេក​សម្រាប់​កាន់​តំណែង​នៅ​អាណត្តិ​ទីពីរ។ នេះ​បើយោង​តាម​ការស្ទង់​មតិ​ខែសីហា​ឆ្នាំ​២០២៣​ ពី​ មជ្ឈមណ្ឌល ​NORC ​ Associated Press​ សម្រាប់​ការស្រាវជ្រាវ​កិច្ចការ​សាធារណៈ។ ភាគច្រើន​ក៏​សង្ស័យ​សមត្ថភាព​ស្មារតី​របស់​លោកក្នុងការ​ក្លាយជា​ប្រធានាធិបតី​ដែរ​ ទោះបីជា​នោះ​ក៏​ជា​ចំណុចខ្សោយ​សម្រាប់​លោក Trump ដែរ​ក៏ដោយ។

ក្រុម​យុទ្ធនាការ​របស់ ​លោក Trump​ មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​ការសម្រេចចិត្ត​របស់​ លោក Biden ​ក្នុង​ការចាកចេញ​ពី​ការប្រកួត​ប្រជែង​នោះ​ទេ ​ប៉ុន្តែ​លោក​ និង​ក្រុម​ការងារ​របស់​លោក​បាន​កំណត់​គោលដៅរបស់​ពួកគេ​សម្រាប់​ប្រឈមមុខ​នឹង​ លោក Biden ​យ៉ាងច្បាស់ក្នុង​ពេល​កន្លង​មក៕