ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​កំពុង​ពិចារណា​អំពី​វិធី​រៀបចំ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ឡើងវិញ


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden​ ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល Prosperity កាលពីថ្ងៃទី​១៦ កក្កដា ឆ្នាំ២០២៤ នៅ​ទីក្រុង​ Las Vegas រដ្ឋ Nevada។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden​ ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល Prosperity កាលពីថ្ងៃទី​១៦ កក្កដា ឆ្នាំ២០២៤ នៅ​ទីក្រុង​ Las Vegas រដ្ឋ Nevada។

លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​កំពុង​ថ្លឹងថ្លែង​អំពី​សំណើ​កែទម្រង់​តុលាការ​កំពូល​ ដែល​មាន​រួម​ទាំង​ការដាក់​កំហិត​លើ​អាណត្តិ​សម្រាប់​ចៅក្រម​តុលាការ​កំពូល​ទាំង​៩​នាក់​ ដែល​បច្ចុប្បន្ន ​កាន់តំណែង​មួយ​ជីវិត ​ព្រមទាំង​ដាក់​វិន័យ​សីលធម៌​មួយ​ដែល​អាច​អនុវត្ត​បាន​ផង។

បើតាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក ​លោក Biden ​បាន​និយាយ​ប្រាប់​សមាជិក​នៃ​ក្រុម​សមាជិក​សភា​ជឿនលឿន​ Congressional Progressive Caucus ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ «ខ្ញុំ​នឹង​ត្រូវការ​ជំនួយ​របស់​លោក​អ្នក​ពាក់ព័ន្ធ​នឹង​តុលាការ​កំពូល ​ពីព្រោះ​ខ្ញុំ​នឹង​ផ្សព្វផ្សាយ​អំពី.... ខ្ញុំ​មិន​ទាន់​ចង់​ប្រកាស​ឆាប់ពេក​ទេ ​ប៉ុន្តែ​កំពុងតែ​រៀបចំ​ប្រកាស​ការផ្ចុងផ្តើម​ធំ​មួយ​ អំពី​ការដាក់​កំណត់​លើ​តុលាការ​កំពូល‍»។

លោក Biden ​បាន​បន្ថែម​ថា៖​ «ខ្ញុំ​កំពុងតែ​ធ្វើការ​ជាមួយ​អ្នកជំនាញ​ខាង​រដ្ឋធម្មនុញ្ញ ​ក្នុង​រយៈ​ពេល​៣​ខែ​ចុងក្រោយ​នេះ ​ហើយ​ខ្ញុំ​ត្រូវការ​ជំនួយ​ខ្លះ‍»។

លោក Biden ​ពីមុន​ធ្លាប់ជា​ប្រធាន​គណៈ​កម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុកកិច្ចការយុត្តិធម៌ ដែល​បោះឆ្នោត​លើ​បេក្ខជន​ចៅក្រម​តុលាការ​កំពូល ​ដែលតែងតាំងដោយប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ លោកធ្លាប់បានប្រឆាំងនឹងការស្នើឱ្យពង្រីក​តុលាការ​កំពូល ​និង​ឱ្យ​តែងតាំង​ចៅក្រម​ដែល​មាន​និន្នាការ​សេរីនិយម​ជាង ​ដើម្បី​កាត់បន្ថយ​សំឡេង​អភិរក្ស​និយម​ភាគច្រើន​នៅពេល​បច្ចុប្បន្ន ​គឺ ​៦ ទល់ ​៣។

លោក Biden ហាក់​ដូចជា​មិនបាន​ផ្លាស់ប្តូរ​ចិត្ត ​នៅក្នុង​ការប្រឆាំង​ជំទាស់​ចំពោះ​ការពង្រីក​តុលាការ​កំពូលទេ។

ប៉ុន្តែ​ការផ្លាស់ប្តូរ​អ្វី​មួយ ​ដែល​លោក​ស្នើ​ក្នុង​អំឡុង​យុទ្ធនាការ​រកសំឡេងឆ្នោត​របស់​លោក​តទល់​ជាមួយ​លោក​អតីត​ប្រធានាធិបតី Donald Trump ​ច្បាស់​ជា​នឹង​មិន​ធ្វើ​បាន​ភ្លាមៗ​ទេ ​ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ ​មាន​សំឡេង​ភាគច្រើន​យ៉ាង​ស្តួចស្តើង​នៅក្នុង​ព្រឹទ្ធសភា​ ហើយ​គណបក្ស​សាធារណរដ្ឋ ​មាន​សំឡេង​ភាគច្រើន ​យ៉ាងស្តួចស្តើង​ នៅក្នុង​រដ្ឋសភា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG