លោក Biden៖ «មានលទ្ធភាព​ពិតប្រាកដ»ថា រុស្ស៊ី នឹង​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន

ទាហាន​កាន់​កាំភ្លើង Kalashnikov លើ​ទឹកដី​​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រុស្ស៊ី​នៅ​ក្បែរ​ភូមិ Spartak ក្នុង​ស្រុក Yasynuvata នៃ​តំបន់ Donetsk ភាគ​ខាងកើត​អ៊ុយក្រែន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​មករា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiyថា «មានលទ្ធភាព​ពិតប្រាកដ» ថា​រុស្ស៊ី អាច​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​នៅ​ខែ​ក្រោយ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​សេតវិមាន។

លោក​ស្រី Emily Horne អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន ថ្លែងថា «លោក​ប្រធានា​ធិបតី Biden បាន​មាន​និយាយ​ថា មានលទ្ធភាព​ពិតប្រាកដ​មួយ​ថា រុស្ស៊ី​អាច​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ។ លោក​ប្រធានាធិបតី ធ្លាប់​បាន​និយាយ​អំពី​បញ្ហា​នេះ​ជាសាធារណៈ​ហើយ​យើង​បាន​ព្រមាន​អំពី​រឿងនេះ​រាប់ខែ​ហើយ»។

រុស្ស៊ី បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន«សុទិដ្ឋិនិយម​តិចតួច»ថា ការតានតឹង នឹង​ធូរវិញ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត បន្ទាប់ពី​សហរដ្ឋ​អាមេរិក បាន​ច្រានចោល​ការទាមទារ​របស់​រុស្ស៊ី​ថា អ៊ុយក្រែន​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ក្លាយជា​សមាជិក​របស់​អង្គការ​អូតង់​និង​ថា ប្រទេស​លោក​ខាង​លិច ត្រូវ​ដក​កងទ័ពដែល​ដាក់​ពង្រាយ​និង​អាវុធ​របស់​ខ្លួនចេញពី​ប្រទេស​នានា​ដែល​មាន​ព្រំដែន​ជាមួយ​រុស្ស៊ី។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ចម្លើយ​របស់​សហរដ្ឋ​អាមេរិក​ដល់​ការទាមទារ​របស់​រុស្ស៊ី«មិន​មាន​ការឆ្លើយតប​វិជ្ជមាន​ទេ» ក៏ប៉ុន្តែ​ថា​កត្តា​ខ្លះ​នៃ​ការឆ្លើយតប​នោះ អាច​នាំ​ឲ្យ​មាន«ការចាប់ផ្តើម​នៃ​ការចរចា​ជា​បន្តបន្ទាប់​អំពី​បញ្ហា​បន្ទាប់​បន្សំ»។ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​របស់​ខ្លួន បាន​ច្រានចោល​ការទាមទារ​សំខាន់ៗ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ក្រុម​មន្ត្រី នឹង​បញ្ជូន​សំណើ​ទៅកាន់​ប្រធានាធិបតី Vladimir Putin។ លោក Dmitry Peskov អ្នក​នាំពាក្យ​លោក Putin បាន​និយាយ​ថា ប្រតិកម្ម​របស់​រុស្ស៊ី នឹង​កើត​មាន​នៅពេល​ឆាប់ៗនេះ។ លោក​បាន​បន្ថែម​ទៀត​ថា «ក្តីសង្ឃឹម​សម្រាប់​បន្ត​ការពិភាក្សាគ្នា​តែងតែមាន។ នេះជា​ផលប្រយោជន៍​របស់​យើង​ទាំង២​និង​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង»។

លោក Biden បាន​ពិភាក្សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskiy ដើម្បី​បញ្ជាក់​ប្រាប់​លោក​ឡើង​វិញ​ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ក្នុង​អំឡុង​ពេល​នៃ​ការតានតឹង​ដ៏​ខ្លាំង​នេះ។ ក្រោយ​មក មេដឹកនាំ​អ៊ុយក្រែន បាន​បញ្ជូន​សារ​តាម Twitter ថា លោក​និង​លោក Biden ក៏​បាន​ពិភាក្សា​អំពី​ការជួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​ប្រទេស​អ៊ុយក្រែន​ផងដែរ៕

ព័ត៌មាន​មួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន The Associated Press Deutsche Welle Agence France-Presse និង France 24។