លោក Biden ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​អំពី​អ៊ុយក្រែន និង​ឥណ្ឌូប៉ាស៊ីហ្វិក

  • Reuters

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ស្ដាំ) ថ្លែង​សុន្ទរកថា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទិ២៩ ខែមីនា ឆ្នាំ២០២២។ (AP Photo/Patrick Semansky)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​តួនាទី​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

មេដឹកនាំ​ទាំងពីរ​រូប​នេះ​បាន​អង្គុយ​ពិភាក្សា​គ្នា​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​ក្រោយ​មក​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ជា​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​រួម​គ្នា​មួយ។

លោក Biden បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ខណៈ​ដែល​លោក​ចាប់​ផ្ដើម​កិច្ចពិភាក្សា​នោះ​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​ផ្ដោត​ទៅ​លើ​ស្ថានការណ៍​អឺរ៉ុប​ក្នុង​អំឡុងពេល​ដែល​មាន​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ក៏​ដោយ។

លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «បើ​ទោះ​ជា​យើង​កំពុង​ដោះស្រាយ​វិបត្តិ​នៅ​អឺរ៉ុប​ក៏​ដោយ ក៏​រដ្ឋបាល​របស់​ខ្ញុំ​មាន​ការ​គាំទ្រ​យ៉ាង​មុតមាំ​ក្នុង​ការ​ឆ្ពោះ​យ៉ាង​លឿន​ទៅអនុវត្ត​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​ដែរ»។

នៅ​មុន​កិច្ចពិភាក្សា​នេះ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​របស់​លោក Biden បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​មាន​សេចក្ដី​សោមនស្ស​រីករាយ​ចំពោះ​ការ​សម្រេច​របស់​សិង្ហបុរី​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​និង​រឹតត្បិត​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ដោយសារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​តាំង​ពី​ខែ​មុន​មក។​

រុស្ស៊ី​បាន​ហៅ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា​«ប្រតិបត្តិការ​ពិសេស​មួយ» ដែល​មិនមែន​ធ្វើ​ឡើង​ដើម្បី​ដណ្ដើម​កាន់កាប់​ទឹកដី​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​កម្ទេច​សមត្ថភាព​យោធា​របស់​ប្រទេស​នៅ​ជិត​ខាង​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង និង​ចាប់​ខ្លួន​នូវ​ជន​ណា​ដែល​រុស្ស៊ី​ចាត់ទុក​ថា​ជា​ជន​ស្នេហាជាតិ​ដ៏​គ្រោះថ្នាក់៕