ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានរុញច្រានមកវិញលើការអះអាងដែលថា លោកបានរក្សាទុកមិនត្រឹមត្រូវនូវឯកសារព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល ដែលផ្ទុយស្រឡះពីករណីរបស់លោកជាមួយអតីតប្រធានាធិបតី លោក Donald Trump។ នេះជាការបញ្ជាក់ពីបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនដែលផ្ទុយគ្នានឹងបញ្ហារបស់លោក Trump នៅក្នុងថ្ងៃតែមួយដែលតុលាការកំពូលបានស្តាប់ទឡ្ហីករណ៍នៅក្នុងសំណុំរឿងមួយដែលអាចដកលោក Trump ចេញពីការប្រកួតប្រជែងប្រធានាធិបតី។
លោក Biden បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសុន្ទរកថាចុងក្រោយនៅល្ងាចថ្ងៃព្រហស្បតិ៍នោះ ដោយបានជំទាស់យ៉ាងខ្លាំងថា លោកបានរក្សាទុកនិងចែករំលែកឯកសារសម្ងាត់ ដោយស្ម័គ្រចិត្ត ដូចដែលត្រូវបានបញ្ជាក់ក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នោះដែរ។
លោកបានមានប្រសាសន៍ថា៖ «ការអះអាងទាំងនេះមិនត្រឹមតែជាការបំភាន់នោះទេ វាជាការខុសឆ្គងហ្មង»។
របាយការណ៍របស់រដ្ឋអាជ្ញាពិសេស លោក Robert Hur បានសន្និដ្ឋានថា គ្មានការចោទប្រកាន់លោក Biden ពីបទព្រហ្មទណ្ឌទេ ហើយឯកសារសម្ងាត់ជាច្រើនដែលបានរកឃើញនៅក្នុងការិយាល័យ និងគេហដ្ឋានរបស់ លោក Biden ត្រូវបានរក្សាទុកដោយភាន់ច្រឡំ។
សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Joe Biden មិនសុំឱ្យមានការលុបចោលផ្នែកខ្លះនៅក្នុងរបាយការណ៍របស់រដ្ឋអាជ្ញាពិសេសនៃក្រសួងយុត្តិធម៌ដែលស៊ើបអង្កេតអំពីការរក្សាទុកឯកសារសម្ងាត់របស់លោកទេ ហើយការណ៍នេះបើកផ្លូវឱ្យមានការចេញផ្សាយរបាយការណ៍ស៊ើបអង្កេតនេះ។
អ្នកនាំពាក្យការិយាល័យមេធាវីសេតវិមានលោក Ian Sams បាននិយាយថា សេតវិមានបានប្រាប់ក្រសួងយុត្តិធម៌ថា ខ្លួនបានពិនិត្យមើលរបាយការណ៍នេះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ហើយ។ លោកបានថ្លែងថា៖ «ដោយធ្វើតាមការសន្យារបស់លោកថាធ្វើសហប្រតិបត្តិការប្រកបដោយតម្លាភាពនៅក្នុងការស៊ើបអង្កេតនេះ លោកប្រធានាធិបតីបានប្រកែកមិនប្រើបុព្វសិទ្ធិលើផ្នែកណាមួយនៃរបាយការណ៍នេះទេ»។
ការស៊ើបអង្កេតក្នុងរយៈពេលមួយឆ្នាំនេះផ្តោតលើការថែរក្សាទុកមិនត្រឹមត្រូវនូវឯកសារសម្ងាត់ដោយលោក Biden តាំងពីពេលលោកកាន់តំណែងជាសមាជិកព្រឹទ្ធសភានិងជាអនុប្រធានាធិបតី។ ឯកសាររសើបទាំងនេះត្រូវបានរកឃើញកាលពីឆ្នាំ ២០២២ និងឆ្នាំ ២០២៣ នៅផ្ទះលោកក្នុងរដ្ឋ Delaware និងនៅការិយាល័យឯកជនមួយដែលលោកបានប្រើប្រាស់រវាងពេលបម្រើការងាររបស់លោកក្នុងរដ្ឋបាលលោក Obama និងនៅពេលលោកក្លាយជាប្រធានាធិបតី។
របាយការណ៍នេះមានឡើងនៅពេលមានការស៊ើបអង្កេតមួយរបស់ក្រសួងយុត្តិធម៌ដែលនាំឱ្យមានការចោទប្រកាន់ប្រឆាំងនឹងអតីតប្រធានាធិបតីលោក Donald Trump ដែលត្រូវបានចោទប្រកាន់ថារក្សាទុកដោយខុសច្បាប់នូវឯកសារសម្ងាត់បំផុតនៅក្រោយលោកបានចេញពីតំណែង ហើយបានប្រកែកមិនព្រមប្រគល់ឯកសារទាំងនេះទៅឱ្យពួកមន្ត្រីសហព័ន្ធនៅពេលស្នើសុំ៕