ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានថ្លែងការពារជាថ្មីនូវសេចក្តីសម្រេចរបស់លោកក្នុងការបញ្ចប់សង្គ្រាមរយៈពេលពីរទសវត្សរ៍របស់អាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយលោកថ្លែងថា៖ «ខ្ញុំប្តេជ្ញាថានឹងមិនបន្តអូសបន្លាយសង្គ្រាមដែលមិនចេះចប់នេះទេ ហើយខ្ញុំក៏នឹងមិនបន្តអូសបន្លាយការដក[ទ័ព]ចេញដែលមិនចេះចប់នេះដែរ»។
ថ្លែងទៅកាន់ប្រទេសជាតិពីសេតវិមាន លោក Biden ថា៖ «កាលពីយប់មិញ សហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។ លោកថ្លែងបន្ថែមថា នេះគឺជាសង្គ្រាមយូរបំផុតរបស់សហរដ្ឋអាមេរិក។
ថ្លែងអំពីការជម្លៀសពលរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថានក្រោយការឡើងកាន់កាប់អំណាចរបស់ក្រុមតាលីបង់ លោក Biden បាននិយាយថា៖ «យើងបានជម្លៀសមនុស្សតាមផ្លូវអាកាសក្នុងចំនួនដ៏ច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយជម្លៀសបានមនុស្សជាង ១ សែន ២ ម៉ឺននាក់ដោយសុវត្ថិភាព»។ លោកបានថ្លែងបន្ថែមថា៖ «មិនដែលមានប្រទេសជាតិណាផ្សេងទៀតធ្លាប់ធ្វើបានដូច្នេះទេ»។
អស់រយៈពេលជាច្រើនសប្តាហ៍ លោក Biden និងមន្ត្រីដទៃទៀតនៃរដ្ឋបាលរបស់លោកបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការរក្សាវត្តមានយោធាសហរដ្ឋអាមេរិកឱ្យហួសថ្ងៃទី៣១ ខែសីហា ដោយថ្លឹងថ្លែងអំពីគុណសម្បត្តិនិងគុណវិបត្តិនៃបេសកកម្មទ្រង់ទ្រាយធំដើម្បីជម្លៀសពលរដ្ឋអាមេរិកនិងពលរដ្ឋអាហ្វហ្គានីស្ថាន ពីការគំរាមកំហែងសន្តិសុខ។
លោក Biden បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា៖ «ក្រុមនាយអគ្គសេនាធិការកងទ័ពនិងមេបញ្ជាការទាំងអស់របស់យើងនៅទីនោះបានផ្តល់អនុសាសន៍ជាឯកច្ឆន្ទឲ្យបញ្ចប់បេសកកម្មដឹកជញ្ជូនរបស់យើងតាមការគ្រោងទុក។ ទស្សនៈរបស់ពួកគេគឺថា ការបញ្ចប់បេសកកម្មយោធារបស់យើងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអាយុជីវិតកងទ័ពរបស់យើងនិងធានាបាននូវការរំពឹងទុកនៃការចាកចេញរបស់ជនស៊ីវិល ដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍និងប៉ុន្មានខែខាងមុខនេះ»។
លោកបានបន្ថែមថា៖ «ក្រុមតាលីបង់បានប្តេជ្ញាចិត្តអនុញ្ញាតឲ្យមានការជម្លៀសដោយសុវត្ថិភាព ហើយពិភពលោកនឹងធ្វើឲ្យពួកគេប្រកាន់ខ្ជាប់តាមការប្តេជ្ញាចិត្តរបស់ខ្លួននេះ»។
នៅក្នុងសុន្ទរកថានោះ លោក Biden បញ្ជាក់ថាចំនួនពលរដ្ឋអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថានក្រោយថ្ងៃ៣១ ខែសីហា មានតិចជាង២០០នាក់ ឬ«លើសពី១០០នាក់បន្ដិច» ដោយលោកថា ក្រសួងការបរទេសអាមេរិកនឹងបន្តធ្វើការដើម្បីជម្លៀសពួកគេចេញទៀត។ លោកថាបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាននៅពេលនេះនឹងប្តូរទៅដាក់នៅរដ្ឋធានីដូហា នៃប្រទេសកាតាវិញ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារ AP។
ការសម្រេចចិត្តរបស់លោក Biden នៅក្នុងការប្រកាន់តាមកាលកំណត់ដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននេះ បានរងការរិះគន់ពីគូប្រជែងនយោបាយនិងសម្ព័ន្ធមិត្តមួយចំនួន។
ការចាកចេញរបស់សហរដ្ឋអាមេរិកនេះបានកើតឡើងក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនខួប ២០ ឆ្នាំនៃការវាយប្រហារភេរកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មកលើសហរដ្ឋអាមេរិក ចូលមកដល់។ ការវាយប្រហារភេរវកម្មនេះបានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពទៅប្រទេសអាហ្វហ្គានីស្ថានដើម្បីកម្ចាត់ក្រុមភេរវជនអាល់កៃដា (al-Qaida) ដែលបានរៀបចំផែនការវាយប្រហារនេះ និងពួកសកម្មប្រយុទ្ធតាលីបង់ដែលផ្តល់ជម្រកឲ្យពួកគេ៕