បន្ទាប់ពីរដ្ឋបាលរបស់លោកមិនអាចចាក់វ៉ាក់សាំងបានតាមតួលេខកំណត់ត្រឹមទិវាឯករាជ្យជាតិនោះ លោកប្រធានាធិបតី Joe Biden នៅថ្ងៃអង្គារនឹងអំពាវនាវម្តងទៀតឲ្យពលរដ្ឋអាមេរិកាំងដែលមិនទាន់បានចាក់វ៉ាក់សំាង ទៅចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងអ្នកដទៃទៀតប្រឆាំងនឹងវីរុសកូរ៉ូណា ជាពិសេសវីរុសបំប្លែងថ្មីចុងក្រោយដែលគួរឲ្យព្រួយបារម្ភ។
លោក Biden ត្រូវបានកំណត់ពេលថ្លែងសុន្ទរកថានៅឯសេតវិមានអំពីការទប់ទល់នឹងជំងឺកូវីដ១៩ និងកម្មវិធីចាក់វ៉ាក់សំាង ស្របពេលដែលមានកំណើនព្រួយបារម្ភអំពីវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) រីករាលដាលពេសពេញប្រទេស។
រដ្ឋបាលរបស់លោក Biden បានកំណត់ថា ៧០%នៃពលរដ្ឋអាមេរិកាំងពេញវ័យត្រូវទទួលបានវ៉ាក់សំាងយ៉ាងហោចណាស់មួយដូស ត្រឹមថ្ងៃទី៤ ខែកក្កដា។ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃសុក្រថា ពលរដ្ឋអាមេរិកាំង៦៧%បានចាក់វ៉ាក់សំាងមួយដូស និង៤៧%បានចាក់ពីរដូស។
លោកប្រធានាធិបតីបានប្រកាសជោគជ័យមួយផ្នែកក្នុងទិវាបុណ្យឯករាជ្យជាតិកាលពីល្ងាចថ្ងៃអាទិត្យនៅឯសេតវិមាន ជាកន្លែងដែលលោកនិងភរិយារបស់លោកគឺអ្នកស្រី Jill Biden បានស្វាគមន៍ភ្ញៀវកិត្តិយសប្រមាណមួយពាន់នាក់ ដែលជាបុគ្គលិកជួរមុខទប់ទល់នឹងជំងឺកូវីដ បុគ្គលិកដែលត្រូវបន្តការងារចាំបាច់ និងសមាជិកយោធា។
ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថារយៈពេល១៥ នាទី លោក Biden បានប្រាប់អ្នកចូលរួមថា «យើងនឹងអាចធ្វើដំណើរឡើងវិញ។ យើងនឹងជួបជុំគ្នាឡើងវិញ។ ការរកស៊ីនឹងបើកឡើងវិញ ហើយនឹងជួលបុគ្គលិកធ្វើការវិញ។ សព្វថ្ងៃនេះនៅទូទាំងប្រទេស យើងអាចនិយាយដោយមានទំនុកចិត្តថា អាមេរិកនឹងវិលត្រឡប់មកដូចធម្មតាវិញទាំងអស់»។
លោកថ្លែងដូច្នេះនៅពេលលោកប្រកាសថា ស.រ.អា.ជិតបានឯករាជ្យពីការរាតត្បាតជំងឺនេះ។
ទោះជាយ៉ាងណា លោកប្រធានាធិបតីបានព្រមានថា ការប្រយុទ្ធប្រឆាំងនឹងវីរុសដែលបានសម្លាប់ប្រជាជនអាមេរិកាំងជាង៦០ម៉ឺននាក់នេះ មិនទាន់ចប់នៅឡើយទេ៕