បញ្ហា​​​ប្រែប្រួល​អាកាសធាតុ​ជា​អាទិភាព​​​​​សំខាន់​មួយ​របស់​លោក Biden

  • Steve Baragona

​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅពេលដែល​លោក​ Joe Biden ដែល​ត្រូវ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិកប្រុងប្រៀប​ទទួល​យក​អំណាច​សេតវិមាន​ពី​លោក​ប្រធានាធិបតី​ Donald Trump ពួក​អ្នក​ជំនាញ​រំពឹង​ថានឹង​មាន​ការ​ប្រែក្រឡះ​សឹង​តែ​ទាំង​ស្រុងនូវគោលនយោបាយអំពី​អាកាសធាតុ។

ក្នុង​អាណត្តិ​ប្រធានាធិបតីរបស់លោក Trump ​ត្រូវកំណត់ដោយការបន្ធូរបទបញ្ញត្តិ​លើ​អ្នក​ផលិតប្រេងឥន្ធនៈ ការបន្ថយស្តង់ដារសមត្ថភាពសម្រាប់​យានយន្តនិង​ប្រដាប់ប្រដា​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ និង​ការ​មើលងាយ​ដល់​កិច្ច​ព្រមព្រៀង​អន្តរជាតិស្តី​ពី​អាកាសធាតុ។​ ទោះបី​លោក​បានបដិសេធថា​ ការ​ប្រែប្រួល​ធាតុអាកាសជា​«ការ​បញ្ឆោត»​ក៏​ដោយ​ ក៏​លោក Trump បាន​អួតច្រើនដង​ថា៖​ «ចាប់​តាំង​ពី​ថ្ងៃទី​មួយ​ទៅ រដ្ឋបាល​ខ្ញុំបាន​ចាត់​ទុក​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​អាទិភាព​កំពូលមួយដោយ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថាប្រទេស​អាមេរិក​មានខ្យល់និងទឹកស្អាតបំផុត​មួយនៅ​លើ​ផែនដី»។

ចំណែក​ឯ​លោក Biden វិញ​ លោក​បានចាត់ទុក​ការ​ប្រែប្រួល​ធាតុអាកាស​ថា​ ជាអាទិភាព​មួយ​ក្នុង​បណ្តា​អាទិភាពកំពូល​ដែលរដ្ឋបាល​លោក​នឹង​ដោះស្រាយ​ជា​បន្ទាន់​នៅពេលចូល​កាន់​តំណែងភ្លាម។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ​បាន​ធ្វើ​ការ​ឃោសនា​បោះឆ្នោតលើ​ផែនការ​មួយ​មានទឹកប្រាក់​១,៧​លាន​លាន​ដុល្លារ​សម្រាប់ការធ្វើអន្តរកាល​ទៅ​កាន់​ប្រភព​ថាមពល​ស្អាត​១០០​ភាគរយ​មិន​ហួស​ពី​ឆ្នាំ២០៥០។ ផែនការ​នេះជា​របៀប​ដោះស្រាយ​មួយដែល​នឹង​ចូល​ជ្រាបក្នុង​ផ្នែក​ទាំង​អស់​នៃ​រដ្ឋាភិបាល​និង​សេដ្ឋកិច្ចជា​មួយ​វិធានការដើម្បី​បន្ថយ​ជា​លំដាប់​នូវ​ការ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់ដែល​បាន​រួមចំណែកក្នុង​ការធ្វើឱ្យសាកល​លោកក្តៅជាង​មុន។

ក៏​ប៉ុន្តែ​លោក Biden នឹងប្រឈម​នឹង​ការ​ជំទាស់។ ទោះ​បី​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រងសភា​តំណាងរាស្ត្រ​អាមេរិកាំង នៅ​ពេល​នេះ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រងព្រឹទ្ធសភា​ ដោយរង់ចាំ​ការ​បោះឆ្នោត​ជា​ថ្មីសម្រាប់​អាសនៈ​ពីរ​នៅ​ក្នុង​រដ្ឋ Georgia ​ដែល​នៅ​ទី​នោះ​គណបក្ស​សាធារណរដ្ឋ​មាន​ការ​គាំទ្រ​ច្រើន។

លោក​ប្រធានាធិបតី Trump ក៏​បានតែងតាំងពួក​ចៅក្រមអភិរក្សនិយម​ច្រើន​នាក់ក្នុង​តុលាការ​សហព័ន្ធនៅ​ទូទាំងប្រទេស ដោយ​មាន​រួម​បញ្ជូលទាំង​ក្នុង​តុលាការ​កំពូល​ផង​ដែរ ហើយ​ពួក​គេទំនង​ជា​នឹង​មិន​ពេញ​ចិត្ត​អំពី​ការបង្កើន​ការ​ត្រួតពិនិត្យ​របស់រដ្ឋាភិបាល។​

ពួក​អ្នក​ជំនាញនិយាយ​ថា​ យ៉ាង​នេះ​ក្តី​ក៏​រដ្ឋបាល​លោក​ Biden នៅតែ​មាន​អានុភាពក្នុងការបំពេញកិច្ចការ​នេះ។​

ការ​ប្រើរដ្ឋាភិបាល​ទាំង​មូល

ពួក​អ្នក​ជំនាញ​ច្រើន​នាក់រំពឹង​ថា​លោក Biden នឹង​បញ្ចូល​បញ្ហា​ការ​ប្រែប្រួលអាកាសធាតុទៅ​ក្នុង​កិច្ចការរដ្ឋាភិបាលស្ទើរ​ទាំង​អស់។

កិច្ចការ​នេះមាន​ចាប់ផ្តើមពី​ក្រសួង​ការបរទេស​ ដែល​នៅ​ទី​នោះគេ​រំពឹង​ថា​ លោក Biden នឹង​ចូល​រួម​វិញ​ជា​បន្ទាន់​វិញ​ក្នុងកិច្ច​ព្រមព្រៀងអ.ស.ប.​ស្តី​ការប្រែប្រូល​អាកាសធាតុ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ២០១៥។

ទីភ្នាក់ងារការពារ​បរិស្ថាននិង​ក្រសួង​ថាមពល​នឹង​មានការផ្តោតការ​យក​ចិត្តទុកដាក់​ជា​ថ្មី​លើការកាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ក៏​ប៉ុន្តែការប្រែប្រួល​ធាតុអាកាសនឹងទំនង​ជា​នឹងបង្ហាញ​ខ្លួននៅ​ក្នុង​របៀបវារៈ​នៃ​ទីភ្នាក់ងារ​ឯ​ទៀតៗ​ដែរ។ ជា​ឧទាហរណ៍​ ក្រសួងកសិកម្ម​ប្រហែលចាត់វិធានការ​បន្ថែមដើម្បី​ឧបត្ថម្ភ​ផ្ចុង​ផ្តើមវិធីដែល​ពួក​កសិករ ពួក​ម្ចាស់​កសិដ្ឋាននិងពួក​មេព្រៃ​អាច​ប្រើ​ប្រព័ន្ធធម្មជាតិសម្រាប់រក្សាទុក​សារធាតុកាបូន។

លោក Sasha Mackler ជា​នាយក​គម្រោងការថាមពល​នៅ​ឯ​មជ្ឈមណ្ឌល​គោលនយោបាយ​នៃ​គណបក្ស​ទាំង​ពីរ (Bipartisan Policy Center)។ លោក​បាន​និយាយ​ថា៖ «ការណ៍​នេះ​អាច​នាំ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ជាង​មុន​លើ​បញ្ហា​ធាតុអាកាស ហើយក៏​នឹង​ជួយ​ពង្រីកចំនួន​ក្រុម​អ្នក​មាន​ផល​ប្រយោជន៍​ដែល​ឃើញ​ថា​ការ​ជឿនលឿន​ខាង​បញ្ហាអាកាសធាតុស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​ខាងយុទ្ធសាស្ត្រ​របស់​ពួក​គេ»។

ក្រសួង​មហាផ្ទៃ​ស.រ.អ.​បានបើកឲ្យ​មានការខួង​យក​ប្រេង​ក្នុង​ផ្ទៃដីសហព័ន្ធ។ ​គេរំពឹង​ថាលោក Biden នឹងប្រែ​ក្រឡះ​និន្នាការ​នេះ​ មិនមែន​គ្រាន់​តែរឹតត្បិតលើ​ការ​ខួង​យកប្រេង​និង​ឧស្ម័ន​ប៉ុណ្ណោះ​ទេ​ តែបើក​ចំហ​ដី​ធ្លីសហព័ន្ធ​សម្រាប់អភិវឌ្ឍ​ថាមពល​កកើតជា​ថ្មី​បានផងដែរ។

លោក Joseph Majkut ជា​នាយកនៃ​គោល​នយោបាយ​អាកាសធាតុ​នៅ​ឯ​មជ្ឈមណ្ឌល​ Niskanen ដែលជា​វិទ្យាស្ថានស្រាវជ្រាវ​ខាង​គោលនយោបាយមាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​បាន​កត់​សម្គាល់​ថា៖ ​«កន្លែងដែល​ទីភ្នាក់ងារដែល​ជួល​ដីធ្លី​សម្រាប់គម្រោង​ការ​ទាំង​នោះដាក់​ថាមពលរបស់​ពួកគេ​ជា​បញ្ហា​សំខាន់»។

លោក Joseph Majkut កត់​សម្គាល់​ថា​លោក Biden ក៏​នឹងប្រហែលជា​នឹងជ្រើសរើស​អ្នកយក​ចិត្តទុកដាក់​ខ្លាំង​អំពី​អាកាសធាតុ​ឱ្យ​កាន់​តំណែងសំខាន់ៗ​នៅ​ក្នុងស្ថាប័ន​និយ័តករសំខាន់ៗ​ដោយ​មាន​រួម​បញ្ចូលគណៈកម្មការនិយតករ​សហព័ន្ធ​ខាង​ថាមពល​និង​គណៈកម្មការខាង​បណ្ណ​ភាគហ៊ុន​និងការ​ប្តូរ​ប្រាក់​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ