បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានបញ្ជាក់ប្រាប់ពលរដ្ឋអាមេរិកាំងកាលពីថ្ងៃអង្គារម្សិលមិញថា លោកប្រធានាធិបតី Donald Trump «លែងខ្វាយខ្វល់នឹងពួកគេ និងលែងខ្វាយខ្វល់នឹងសហរដ្ឋអាមេរិក» ហើយ។
នៅក្នុងការថ្លែងដែលមានផ្សាយបន្តផ្ទាល់ លោក Biden បានរិះគន់លោក Trump ថាបានបរាជ័យនៅក្នុងការដឹកនាំក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។ លោក Biden បានបន្តថា ដោយសារជំងឺកូវីដ១៩ បានឆ្លងរាលដាលជារៀងរាល់ថ្ងៃ «អ្នកធ្វើការជាច្រើននៅតែគ្មានការងារធ្វើ និងបាត់បង់ក្ដីសង្ឃឹម»។
លោក Biden បានបញ្ជាក់ថា បុគ្គលិកផ្ទាល់ខ្លួនរបស់លោក Trump បានទទួលស្គាល់ថា លោក Trump បានបរាជ័យនៅក្នុងការសាកល្បងដ៏សំខាន់បំផុតក្នុងការធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនោះគឺ «កាតព្វកិច្ចខ្វាយខ្វល់ចំពោះពលរដ្ឋ និងចំពោះយើងទាំងអស់គ្នា»។
លោក Biden បានបន្ថែមថា៖ «ក្នុងនាមជាប្រធានាធិបតីគឺត្រូវតែខ្វាយខ្វល់ ដឹកនាំ ទទួលខុសត្រូវ និងមិនដែលលះបង់ចោល»។
ទោះជាយ៉ាងនេះក្ដី ក្នុងអំឡុងពេលជូនដំណឹងប្រចាំថ្ងៃអំពីវិបត្តិជំងឺកូវីដ១៩ លោក Trump មានបំណងចង់បង្ហាញថា រដ្ឋបាលរបស់លោកបានដឹកនាំការឆ្លើយតបចំពោះវិបត្តិនេះប្រកបដោយប្រសិទ្ធភាព ដោយលោកបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ «នឹងបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះលឿនជាងអ្វីដែលគេបានគិតថាអាចទៅរួចទៅទៀត» និងបានលើកឡើងពីកញ្ចប់ថវិកាជំនួយថ្មីសម្រាប់ពលរដ្ឋអាមេរិកាំងដែលរងគ្រោះដោយសារវិបត្តិជំងឺនេះ៕