លោក Biden លុបចោលទស្សនកិច្ចនៅប្រទេសប៉ាពួអាស៊ីនូវែលហ្គីណេ (Papua New Guiea) និងអូស្ត្រាលីនៅសប្តាហ៍ក្រោយដើម្បីបន្តកិច្ចចរចាអំពីពិដានបំណុលស.រ.អ.ជាមួយពួកមេដឹកនាំសភា។
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកប្រធានាធិបតីនឹងវិលត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោនវិញនៅថ្ងៃអាទិត្យ នៅក្រោយសន្និសីទកំពូលក្រុមប្រទេស G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន«ដើម្បីចូលរួមក្នុងការប្រជុំជាមួយពួកមេដឹកនាំសភាដើម្បីធ្វើឱ្យប្រាកដថាសភាចាត់វិធានការមុនពេលកំណត់ចុងក្រោយបង្អស់សម្រាប់បញ្ចៀសការគ្មានប្រាក់សងបំណុល»។
នៅពេលត្រូវសួរអំពីសារបែបណា ដែលការប្រែប្រួលផែនការរបស់លោកប្រធានាធិបតីមានដល់ពួកសម្ព័ន្ធមិត្តនិងពួកដៃគូដែលលោកមានកំណត់នឹងជួប លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិខាងសារគមនាគមន៍យុទ្ធសាស្ត្របាននិយាយប្រាប់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទកាសែតមួយកាលពីព្រឹកថ្ងៃអង្គារថាមេដឹកនាំប្រទេសទាំងនោះ«យល់ថាលោកប្រធានាធិបតីក៏ត្រូវតែផ្តោតលើការធ្វើឱ្យប្រាកដប្រជាថាយើងមានប្រាក់សម្រាប់សងបំណុល»
លោក Biden នឹងចេញដំណើរទៅទីក្រុង Hiroshima នៅថ្ងៃពុធនេះ។
ពីប្រទេសជប៉ុន លោក Biden មានកំណត់បន្តដំណើរទៅកាន់ទីក្រុង Sydney ដើម្បីចូលរួមក្នុងសន្និសីទកំពូល Quad ឬក្រុមប្រទេស៤ដោយមានការឈប់សំចតខ្លីមួយនៅក្រុងព័រម៉ូរេសប៊ី (Port Moresby) ប្រទេសប៉ាពួអាស៊ីនូវែលហ្គីណេ ដើម្បីជួបជាមួយក្រុមមេដឹកនាំវេទិកាក្រុមប្រទេសជាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ជំនួបទាំងនេះត្រូវបានចាត់ទុកថាជាឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអំពីឧបសគ្គក្នុងតំបន់និងជំរុញផលប្រយោជន៍យុទ្ធសាស្ត្រស.រ.អ.សម្រាប់ទប់ទល់នឹងឥទ្ធិពលចិន។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថាការប្រជុំ Quad នៅទីក្រុង Sydney នឹងត្រូវលើកទៅធ្វើនៅពេលក្រោយ តែដោយសារពួកមេដឹកនាំ Quad ទាំងអស់ឋិតនៅក្នុងប្រទេសជប៉ុនដើម្បីចូលរួមក្នុងកិច្ចចរចា G-7 ពួកគេនឹងព្យាយាមជួបជុំគ្នានៅក្រៅជំនួបទាំងនោះ៕