យុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃអាទិត្យ បានព្យាយាមផ្តោតទៅលើការទប់ទល់នឹងការឆ្លើយតបរបស់សហរដ្ឋអាមេរិក ទៅលើការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា ខណៈពេលដែលលោកប្រធានាធិបតី Donald Trump កំពុងទទួលការព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យយោធា Walter Reed ដែលស្ថិតនៅជាយរដ្ឋធានីវ៉ាស៊ីនតោននោះ។
លោក Biden ដែលបានចូលរួមការពិភាក្សាដេញដោលជាមួយលោក Trump កាលពីថ្ងៃអង្គារសប្តាហ៍មុន បានធ្វើតេស្តម្តងទៀត កាលពីថ្ងៃអាទិត្យ ដោយនៅតែរកពុំឃើញមានឆ្លងវីរុសកូរ៉ូណានោះទេ បន្ទាប់ពីការធ្វើតេស្តចំនួន ២ ដង កាលពីថ្ងៃសុក្រ ហើយជាថ្ងៃដែលលោក ត្រាំ បានប្រកាសថា លោកបានឆ្លងជំងឺកូវីដ១៩។
លោក Biden និងភរិយារបស់លោក Trump គឺអ្នកស្រី Jill នឹងបន្តយុទ្ធនាការរកសំឡេងឆ្នោតរបស់ពួកគេក្នុងរដ្ឋ Florida នៅថ្ងៃចន្ទ ដែលជារដ្ឋមួយដែលការស្ទាបស្ទង់មតិបង្ហាញថា បេក្ខជនទាំងពីរមានសំឡេងឆ្នោតគាំទ្រប្រហាក់ប្រហែលគ្នា សម្រាប់ការដណ្តើមយកសន្លឹកឆ្នោតតំណាង ២៩ សំឡេងដ៏សំខាន់ សម្រាប់រដ្ឋនេះ នៅក្នុងការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកា ដែលនៅសល់រយៈពេលមិនដល់មួយខែទៀតនោះទេ។
លោក Biden បានជូនពរម្តងហើយម្តងទៀតឲ្យលោកប្រធានាធិបតី ត្រាំ ឆាប់ជាពីជំងឺកូវីដ១៩។ ប៉ុន្តែ លោកនិងសហការីរបស់លោក បានប្រើប្រាស់ការឆ្លងជំងឺកូវីដ១៩ របស់លោកប្រធានាធិបតី Donald Trump ដែលជាគូប្រជែងរបស់លោកខាងគណបក្សសាធារណរដ្ឋ ធ្វើជាសារនៃយុទ្ធនាការរកសំឡេងឆ្នោត ដោយលើកឡើងថា លោក Biden នឹងធ្វើការបានល្អជាងលោក Trump ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩នោះ៕