កាលពីថ្ងៃសុក្រទី៩ខែមេសា រដ្ឋបាលលោក Biden បានចេញផ្សាយគោលការណ៍ចាយវាយរបស់រដ្ឋាភិបាលសហព័ន្ធក្នុងឆ្នាំសារពើពន្ធ២០២២ ហើយប្រសិនបើនរណាមានការភ្ញាក់ផ្អើលនឹងមុខចំណាយទាំងនេះ ពួកគេច្បាស់ជាមិនបានយកចិត្តទុកដាក់ទេ។
ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីឆ្នាំមុន លោក Biden បានសន្យាថា នឹងធ្វើវិនិយោគក្នុងវិស័យសិក្សាអប់រំ ការងារ ការថែទាំសុខភាព និងបរិដ្ឋាន។ ហើយសេចក្តីសង្ខេបនៃចំណុចសំខាន់ៗទាំងនេះដែលមាន៥៨ទំព័រនោះ បានរៀបរាប់មុខចំណាយរបស់សហព័ន្ធប្រមាណមួយភាគបី ដែលត្រូវចាត់ទុកថា ជាចំណាយបែបឆន្ទានុសិទ្ធដែលមានន័យថា មិនតម្រូវដោយលក្ខន្តិកៈទេដូចជាការបង់ប្រាក់សម្រាប់កម្មវិធីជួយបង់ថ្លៃចាយវាយផ្នែកសុខភាពសម្រាប់មនុស្សចាស់ Medicare និងសន្តិសុខសង្គមជាដើមនោះ ជាការឆ្លើយតបចំពោះការសន្យានោះ។
ផែនការនេះ នឹងធ្វើឱ្យពួកអ្នកប្រកាន់នយោបាយខាងឆ្វេងជាច្រើនសប្បាយចិត្តដោយធ្វើឱ្យមានឡើងវិញនូវប្រាក់កាសសម្រាប់ទីភ្នាក់ងារទាំងឡាយណាដែលថវិកាពួកគេត្រូវបានកាត់បន្ថយដោយអតីតប្រធនាធិបតី Donald Trump។ ក្រសួងអប់រំនឹងមានថិវិកាកើនឡើង៤១% ប្រៀបធៀបនឹងឆ្នាំសារពើពន្ធ២០២១ ក្រសួងពាណិជ្ជកម្មនឹងមានកំណើនថវិកា២៨% ក្រសួងសុខាភិបាលនិងសេវាមនុស្សនឹងមានការកើនថវិកា២៤% ហើយថវិកាទីភ្នាក់ងារការពារបរិដ្ឋាននឹងកើនឡើង២១%ដែរ។
នៅពេលជាមួយគ្នានេះ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យខ្លះ ហើយខាងគណបក្សសាធារណរដ្ឋទាំងអស់ នឹងជំទាស់នឹងអត្រាកំណើនទាបក្នុងចំណាយខាងវិស័យការពារប្រទេស។ គណបក្សសាធារណរដ្ឋ ទំនងជានឹងជំទាស់នឹងចំណាយលើអាទិភាពរបស់គណបក្សប្រជាធិបតេយ្យដូចជាការស្រាវជ្រាវអំពីថាមពលស្អាតនិងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអសមភាពខាងសេដ្ឋកិច្ចជាដើម។
លោក William Gale ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្នុងកម្មវិធីសិក្សាសេដ្ឋកិច្ចនៃវិទ្យាស្ថាន Brookings និងជាអ្នកសេដ្ឋសាស្ត្រជាន់ខ្ពស់នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនៅពេលលោក George H. W. Bush កាន់តំណែងប្រធានាធិបតី។ លោកបាននិយាយថា«នេះជាថវិកាចាយវាយនៅពេលប្រធានាធិបតីយល់ថារដ្ឋាភិបាលអាចជួយដោះស្រាយបញ្ហាក្នុងសង្គម»។
លោក Gale បានថ្លែងថា«មានចំណាយច្រើនណាស់ក្នុងវិស័យសិក្សាអប់រំ ផ្ទះសំបែងនិងសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ។ ថវិកានេះស្នើថារដ្ឋាភិបាលអាចជួយដោះស្រាយបញ្ហាក្នុងផ្នែកទាំងនេះ ដូច្នេះរដ្ឋាភិបាលចាត់ចែងការបែងចែកប្រាក់កាសទៅឱ្យកន្លែងណាដែលមានសេចក្តីត្រូវការ»។
នេះជាសំណើថវិកាចាយវាយដំបូងចាប់តាំងពីឆ្នាំ២០១៣មក ដែលគ្មានការកម្រិតលើចំណាយដែលនាំឱ្យចំណាយបែបឆន្ទានុសិទ្ធក្នុងវិស័យការពារប្រទេសនិងចំណាយបែបឆន្ទានុសិទ្ធផ្នែកមិនមែនការពារប្រទេសមានកំណើនតាមអត្រាប្រហែលគ្នា។ ជាមួយការដកចេញការរឹតត្បិតនេះ រដ្ឋបាលលោក Biden ស្នើបង្កើនចំណាយមិនមែនខាងការពារប្រទេសចំនួន១៦% គឺដល់៧៦៩ពាន់លានដុល្លារនិងបង្កើនចំណាយខាងការពារប្រទេសតែ១,៧% ប៉ុណ្ណោះគឺដល់៧៥៣ពាន់លានដុល្លារ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ