លោកប្រធានាធិបតី Joe Biden បានការពារកិច្ចផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធរបស់លោកដ៏ធំមួយនៅវិមានសភាកាលពីថ្ងៃពុធ គឺមួយថ្ងៃបន្ទាប់ពីអ្នកប្រជាធិបតេយ្យនាំមុខមួយក្រុមនៅក្នុងព្រឹទ្ធសភា បានព្រមព្រៀងគ្នាលើផែនការដែលមានទឹកប្រាក់ ៣,៥ លានលានដុល្លារ ដែលជាការចំណាយដ៏ច្រើនបំផុតជួយក្រុមគ្រួសារនៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ។
លោកប្រធានាធិបតី Biden បានចូលរួមជាមួយសហការីខាងគណបក្សប្រជាធិបតេយ្យនៅក្នុងពិធីពិសាអាហារថ្ងៃត្រង់បិទទ្វារ ទីដែលលោកបានស្វះស្វែងរកការគាំទ្ររបស់ពួកគេ និងបានពិភាក្សាយុទ្ធសាស្ត្រដើម្បីអនុម័តកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធរបស់គណបក្សទាំង២ដែលមានទឹកប្រាក់ ១,២ លានលានដុល្លារដើម្បីស្ថាបនាផ្លូវ និងស្ពាននៅអាមេរិកឡើងវិញ និងកញ្ចប់ចំណាយកាន់តែច្រើនរបស់គណបក្សប្រជាធិបតេយ្យដែលនឹងដោះស្រាយការប្រែប្រួលអាកាសធាតុ និងតម្រូវការសម្រាប់សេវាកម្មសង្គម។
នៅពេលដែលលោកដើរទៅចូលរួមប្រជុំជាមួយសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «យើងនឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះបានសម្រេចជោគជ័យ»។
ពួកគណបក្សសាធារណរដ្ឋ បានជំទាស់ភ្លាមៗប្រឆាំងនឹងទំហំនៃគម្រោងដ៏ធំនេះ ហើយយ៉ាងហោចណាស់មានសមាជិកខាងគណបក្សប្រជាធិបតេយ្យនិយមផ្លូវកណ្តាលដ៏សំខាន់ម្នាក់ ក៏បានប្រឆាំងដែរ ដែលការគាំទ្ររបស់សមាជិកព្រឹទ្ធសភានោះ គឺជាគន្លឹះសម្រាប់អនុម័តកិច្ចព្រមព្រៀងនេះ។
លោកសមាជិកព្រឹទ្ធសភា Chris Murphy បានបញ្ជាក់ថា លោក Biden បានជំរុញឲ្យសមាជិកព្រឹទ្ធសភាគិតអំពីកញ្ចប់ចំណាយដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋអាមេរិកាំងថ្នាក់កណ្តាល។
ការស្ទង់មតិរបស់ក្រុមហ៊ុន Ipsos នៅខែនេះឲ្យទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា ប្រជាពលរដ្ឋអាមេរិកាំងភាគច្រើនចង់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើងដែលរួមមាននៅក្នុងផែនការរបស់លោក Biden។ ការស្ទង់មតិនោះ ក៏បានរកឃើញដែរថា ប្រជាពលរដ្ឋជិត២ភាគ៣នៅក្នុងប្រទេស គាំទ្រការបង្កើនពន្ធលើពលរដ្ឋអាមេរិកាំងដែលមានប្រាក់ចំណូលខ្ពស់ដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធបានប្រសើរឡើង៕