លោក ​Biden​ និង​​នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ពិភាក្សា​អំពី​កូវីដ១៩​​​ និង​បញ្ហា​ផ្សេង​ទៀត​តាម​ទូរស័ព្ទ

នាយករដ្ឋមន្ត្រី​នូវែលសេឡង់អ្នកស្រី Jacinda Ardern និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិកលោក Joe Biden កាល​ពី​ថ្ងៃ​ទី២៣ ខែវិច្ឆិកា អំពី​ជំងឺកូវីដ១៩។

ប្រធានាធិបតី​ដែល​ត្រូវ​ព្យាការណ៍​ថាជាប់ឆ្នោត​របស់អាមេរិក​លោក​ Joe Biden​ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​នូវែលសេឡង់​អ្នកស្រី​ Jacinda Ardern​ ដែល​ជាមេដឹក​នាំ​ពិភពលោក​ចុង​ក្រោយ​ម្នាក់ ​ដែល​បាន​អបអរសាទរ​លោក​ Biden​ ក្នុង​ការ​បោះឆ្នោត​ ទោះ​បី​លោក​ប្រធានាធិបតី​ Donald Trump បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​និង​កំពុង​តវ៉ា ​ក៏ ដោយ។

ក្រុម​ការងារ​អន្តរកាល​របស់​លោក ​Biden ​និង​អ្នកស្រី Kamala Harris បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ដោយ​និយាយ​ថា​ លោក​ Biden ​បាន​ថ្លែង​អំណរគុណ​ដល់​អ្នកស្រី​នាយក​រដ្ឋមន្រ្តី​ចំពោះ​ការ​អបអរសាទរ​ ហើយ​លោក​ក៏អបអរ​អ្នកស្រី​ដែល​ជាប់​បោះឆ្នោត​ឡើងវិញនិង​បាន​បង្ហាញ​ពី​ចេតនា​ពង្រឹង​ភាព​ជាដៃគូ​សហរដ្ឋ​អាមេរិក-នូវែលសេឡង់។ ​អ្នកស្រី ​Ardern បាន​ជាប់ឆ្នោត​ជាថ្មី​នៅ​ក្នុង​ខែ​តុលា។

សេចក្តីថ្លែងការណ៍​ក៏​បាន​និយាយ​ផង​ដែរ​ថា​ លោក Biden ទន្ទឹង​រង់ចាំ​ធ្វើការ​យ៉ាងជិត​ស្និទ្ធ​ជាមួយ ​អ្នកស្រី ​Ardern ​លើ​បញ្ហា​ប្រឈម​រួម​ ដូច​ជា​ទប់ទល់​ជំងឺ​កូវីដ១៩ ​ពង្រឹង​ពហុភាគី​និយម​ ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ថែ​រក្សា​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ប្រកប​ដោយ​សុវត្ថិភាព​និង​វិបុលភាព។

អ្នកស្រី​នាយករដ្ឋមន្រ្តី​ Ardern​ ​បាន​និយាយថា ​អ្នកស្រី​ស្នើ​ផ្តល់នូវ​ការចែក​រំលែក​ជំនាញ​របស់​ប្រទេស​អ្នកស្រី​ក្នុង​ការ​គ្រប់គ្រងវីរុសរាតត្បាត​នេះ។ ​លោក Trump​ បាន​បដិសេធ​មិន​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋបាល​របស់​លោក​ឲ្យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​លោក ​Biden​ ទេ​នៅពេល​អតីត​អនុប្រធានាធិបតី​កំពុងធ្វើ​អន្តរការ​ចូល​កាន់​អំណាច។

នូវែលសេឡង់​ត្រូវ​បាន​គេ​ចាត់​ទុក​ជាទូទៅ​ថា​ ជា​ប្រទេស​មាន​ជោគជ័យ​បំផុតមួយ​ក្នុង​ការ​ទប់ទល់​ជំងឺឆ្លង​នេះ។ ប្រទេស​នេះ​មាន​ការឆ្លង​ជំងឺ​នេះ​តែ​ជាង​២.០០០​ករណី​និង​អ្នក​ស្លាប់​២៥​នាក់ដែល​ជា​ជោគជ័យ​សម្រេច​បាន​តាម​រយៈ​ការ​បិទ​សកម្មភាព​សង្គម​យ៉ាង​តឹងរ៉ឹង​និង​ការ​បិទ​ព្រំដែន៕