លោក Joe Biden ដែលគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានប្រកាសឈ្មោះមន្ត្រីសុខាភិបាលកំពូលៗរបស់លោកកាលពីថ្ងៃចន្ទ ដោយបានជ្រើសរើសលោក Xavier Becerra ដែលជាអគ្គរដ្ឋអាជ្ញារដ្ឋ California ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ និងមើលការខុសត្រូវលើការចែកចាយវ៉ាក់សាំងបង្ការជំងឺនេះក្នុងរយ:ពេលប៉ុន្មានខែខាងមុខ។
លោក Becerra កាលពីខែមុន បានដឹកនំាការការពារច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act នៅក្នុងតុលាការកំពូលសហរដ្ឋអាមេរិក ដែលខាងក្រុមអ្នកអភិរក្សនិយមចង់លុបចោល។ រឿងក្ដីនេះនៅមិនទាន់សម្រេចនៅឡើយទេ។
បន្ថែមពីនេះ លោក Biden បានជ្រើសរើសលោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ឲ្យធ្វើជាប្រធានទីប្រឹក្សាសុខាភិបាលផ្នែកជំងឺកូវីដ១៩ របស់លោក។ លោក Biden ក៏បានស្នើឲ្យលោក Fauci បន្តតួនាទីដែលលោកបានកាន់ជាយូរមកហើយជានាយកវិទ្យាស្ថានជាតិអាឡែកស៊ីនិងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកផងដែរ។
លោក Fauci អាយុ ៧៩ បានបម្រើការជាទីប្រឹក្សាផ្នែកសុខាភិបាលដល់ប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន ៦ រូប មកហើយ ហើយក្នុងរយ:ពេលជាច្រើនខែកន្លងមកនេះ លោកគឺជាបុគ្គលចម្បងនៅក្នុងវិធានការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទប់ទល់នឹងជំងឺកូវីដ១៩។
ជាងនេះទៀត លោក Biden បានជ្រើសតាំងលោកវេជ្ជបណ្ឌិត Vivek Murthy ឲ្យធ្វើជាអ្នកនាំពាក្យចម្បងផ្នែកសុខភាពសាធារណៈ ដែលជាតំណែងដែលលោក Murthy បានកាន់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ ក្នុងសម័យលោក Barack Obama ធ្វើជាប្រធានាធិបតី និងលោក Biden ធ្វើជាអនុប្រធានាធិបតី។
លោក Biden ក៏បានជ្រើសរើសអ្នកស្រីវេជ្ជបណ្ឌិត Rochelle Walensky ដែលជាអ្នកជំនាញកំពូលផ្នែកធ្វើតេស្ត បង្ការ និងព្យាបាលរីរុស នៅក្នុងរដ្ឋ Massachusetts ឲ្យធ្វើជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) ផងដែរ។
ក្រៅពីនេះ មានមន្ត្រីសំខាន់ៗមួយចំនួនទៀតដែលលោក Biden បានជ្រើសរើសជាពិសេស ឲ្យកាន់តួនាទីក្នុងក្រុមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕