ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden បានផ្សព្វផ្សាយផែនការឆ្លើយតបវិបត្តិកូវីដ១៩កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយសង្កត់ធ្ងន់ពីភាពបន្ទាប់នៃការអនុម័តច្បាប់ដើម្បីជួយពលរដ្ឋអាមេរិកឆ្លងកាត់ការរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចនេះ។
លោក Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្នុងសន្ទរកថាមួយ ដើម្បីបង្ហាញផែនការជួយសង្គ្រោះប្រទេសអាមេរិក (American Rescue Plan) ថា៖ «ក្នុងអំឡុងនៃការរាតត្បាតនេះ ពលរដ្ឋអាមេរិកាំងបានបាត់បង់សេចក្តីថ្លៃថ្នូរនិងការគោរពដែលប្រាក់បៀវត្សរ៍ផ្តល់ឱ្យខ្លួន»។
ផែនការរបស់លោក Biden រួមមានទាំងការផ្តល់ប្រាក់ថ្មីចំនួន ១.៤០០ដុល្លារ សម្រាប់ប្រជាពលរដ្ឋអាមេរិកាំងភាគច្រើន ប្រាក់សម្រាប់ធ្វើឲ្យមានសុវត្ថិភាពពេលបើកសាលារៀន និងបង្កើនកម្មវិធីវ៉ាក់សាំង។ ប្រាក់ទាំងនោះក៏រួមមានការបន្ថែមប្រាក់គ្មានការងារធ្វើ ៤០០ ដុល្លារក្នុងមួយសប្តាហ៍ រហូតដល់ខែកញ្ញា។
ផែនការដែលក្រុមអន្តរកាលពណ៌នាថា «ដ៏មហិច្ឆិតាប៉ុន្តែអាចសម្រេចជោគជ័យបាន» ត្រូវបានគេប៉ាន់ស្មាន មានតម្លៃទាំងអស់ចំនួន ១,៩លានលានដុល្លារ។ នេះតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយមុនពេលសន្ទរកថារបស់លោក Biden។
តួលេខនេះ បានត្រូវគណបក្សសាធារណរដ្ឋ កន្លងមកថា «មានទំហំធំពេក»៕