ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បាននិយាយគ្នាតាមទូរស័ព្ទកាលពីយប់ថ្ងៃពុធ ដែលនេះជាការសន្ទនាគ្នាលើកដំបូងរវាងលោកទាំងពីរ ចាប់តាំងពីពេលដែលលោក Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីមក។
លោក Biden បានបញ្ជាក់ «អំពីអាទិភាពរបស់លោកនៅក្នុងការការពារសន្តិសុខ វិបុលភាព សុខភាពនិងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋអាមេរិកាំង និងការរក្សានូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងលទ្ធភាពដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង បន្តស្វែងរកនូវអ្វីដែលសេតវិមានពណ៌នាថាជាលទ្ធភាពនៃការបន្ត «ការចូលរួមដែលផ្ដោតលើស្ថានភាពជាក់ស្ដែងនិងលទ្ធផល» ទាក់ទិននឹងការគ្រប់គ្រងអាវុធ។
មន្ត្រីសេតវិមានបាននិយាយថា លោក Biden ក៏បានប្រកាន់ជំហរម៉ឺងម៉ាត់ផងដែរ លើផ្នែកសំខាន់ៗមួយចំនួនដែលមិនចុះសម្រុងជាមួយនឹងរដ្ឋាភិបាលចិន។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា៖ «លោកប្រធានាធិបតី Biden បានគូសបញ្ជាក់អំពីក្ដីបារម្ភជាចម្បងរបស់លោក លើការអនុវត្តសេដ្ឋកិច្ចបែបបង្ខិតបង្ខំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលក្រុងប៉េកាំង ការបង្ក្រាបនៅក្នុងទីក្រុងហុងកុង ការរំលោភសិទ្ធិមនុស្សនៅតំបន់ Xinjiang និងការបង្កើនសកម្មភាពមិនញញើតនានា [របស់រដ្ឋាភិបាលចិន] នៅក្នុងតំបន់ ដែលរួមមានទាំងសកម្មភាពចំពោះកោះតៃវ៉ាន់ផងដែរ»។
ទូរទស្សន៍រដ្ឋរបស់ប្រទេសចិនបានផ្សាយថា លោក Xi បានប្រាប់លោក Biden ថា កិច្ចសហប្រតិបត្តិការទ្វេភាគីគឺជាជម្រើសតែមួយគត់ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។ លោក Xi បានស្នើឲ្យមានការចាប់ផ្ដើមឡើងវិញនូវយន្តការពិភាក្សាគ្នាមួយទល់នឹងមួយ ដើម្បីបញ្ចៀសការយល់ច្រឡំណា មួយ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសចិននោះក៏បានរាយការណ៍ផងដែរថា លោក Xi បានប្រាប់លោក Biden ថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាព «ដោយប្រយ័ត្នប្រយែង» ទាក់ទិននឹងបញ្ហាមួយចំនួនដូចជាបញ្ហាកោះតៃវ៉ាន់ ទីក្រុងហុងកុង និងតំបន់ Xinjiang ជាដើម ដែលជាបញ្ហាពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និង «អធិបតេយ្យភាពនិងបូរណភាពដែនដី» របស់ប្រទេសចិន៕