កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងគ្រប់គ្រងធនធានធម្មជាតិ និងកេរដំណែលវប្បធម៌អាមេរិកនិយាយថា ខ្លួននឹងលុបចោលការជួលដី៧កន្លែងសម្រាប់ខួងរកប្រេងនិងឧស្ម័ននៅក្នុងទីជម្រកសត្វព្រៃជាតិនៅតំបន់អាកទិកនៃរដ្ឋ Alaska ហៅ Arctic National Wildlife Refuge ហើយនៅពេលជាមួយគ្នានេះថែរក្សាផ្ទៃដីជាងពាក់កណ្តាលនៃតំបន់សម្រាប់ខួងរកប្រេងជាតិនៅក្នុងតំបន់ North Slope នៃរដ្ឋ Alaska ផងដែរ។
តំបន់សម្រាប់ខួងរកប្រេងជាតិនៅរដ្ឋ Alaska (NPR-A) និងទីជម្រកសត្វព្រៃជាតិនៅតំបន់អាកទិកនៃរដ្ឋ Alaska (ANWAR) ដែលជាកន្លែងរស់នៅនៃសត្វព្រៃចម្រុះ កំពុងត្រូវគំរាមកំហែងដោយវិបត្តិប្រែប្រួលអាកាសធាតុ មានរួមសត្វ caribou ខ្លាឃ្មុំតំបន់ប៉ូល និងសត្វស្លាប shorebirds។
តំបន់សម្រាប់ខួងរកប្រេងជាតិនៅរដ្ឋ Alaska តំបន់សម្រាប់ខួងរកប្រេងជាតិនៅរដ្ឋ Alaska (NPR-A) ត្រូវការពារដោយសហព័ន្ធ មានផ្ទៃដី៩៣លានហិកតា ត្រូវចាត់ទុកដោយឡែកសម្រាប់ធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍប្រេងនិងឧស្ម័ន និងការការពារដីធ្លីមានបញ្ហារសើបត្រូវប្រើប្រាស់ដោយក្រុមមនុស្សម្ចាស់ស្រុកដើមនៃរដ្ឋ Alaska។
កាលពីខែមីនា កន្លងទៅនេះ លោកប្រធានាធិបតី Joe Biden បានយល់ព្រមតាមគម្រោង Willow Project ដែលជាផែនការមានប្រាក់រាប់ពាន់លានដុល្លារសម្រាប់ខួងយកប្រេងនៅទីនោះ ដែលជាការផ្ទុយពីការសន្យារបស់លោកនៅពេលឃោសនាបោះឆ្នោតដែលថា «គ្មានការខួងយកប្រេងក្នុងដីសហព័ន្ធទៀតទេ»។
លោក Biden បាននិយាយថា លោកគ្មានជម្រើសទេ តែធ្វើតាមកិច្ចព្រមព្រៀងនេះដោយមិនរំភើបចិត្តដែលត្រូវបានធ្វើច្រើនឆ្នាំមកហើយមុនពេលលោកកាន់តំណែងប្រធានាធិបតី ទោះជារដ្ឋបាលលោកបានបន្ថយទំហំដីនោះក៏ដោយ។
នៅពេលលោក Biden ប្រកាសថា គម្រោង Willow Project នឹងមានធ្វើទៅមុខ លោកក៏បានលាតត្រដាងផែនការមិនធ្លាប់មានពីពេលមុនៗដោយផ្តល់«កិច្ចការពារអតិបរិមា»ដល់ដី៥២លានហិកតានៃតំបន់សម្រាប់ខួងរកប្រេងជាតិនៅរដ្ឋ Alaska (NPR-A)។ កាលពីថ្ងៃពុធទី៦ ខែកញ្ញា លោកបានធ្វើឱ្យផែនការទាំងនោះមានភាពជាផ្លូវការ។ ផ្ទៃដីប្រមាណ៤០លានហិកតានឹងមិនមានការខួងយកប្រេងនិងឧស្ម័នក្នុងពេលអនាគតទេ។ តែផ្ទៃដី៧លានហិកតាអាចត្រូវជួលសម្រាប់ខួងយកប្រេងដោយមានការត្រួតពិនិត្យ។
លោកស្រី Deb Haaland រដ្ឋមន្ត្រីក្រសួងចាត់ចែងដីធ្លីសាធារណៈសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា «យើងត្រូវធ្វើអ្វីទាំងអស់ក្នុងការគ្រប់គ្រងរបស់យើងដើម្បីគិតគូរនិងការពារប្រព័ន្ធអេកូឡូស៊ីមិនមាំទាំនេះ»៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។
ប្រែសម្រួលដោយលោក ឈឹម សុមេធ