លោក Bernie Sanders បានឈ្នះការបោះឆ្នោតបេក្ខភាពប្រធានាធិបតីគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Nevada កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយធ្វើឲ្យលោកទទួលបានចំនួនគណៈប្រតិភូច្រើនជាងគេ និងក្លាយជាបេក្ខជននាំមុខគេ។
ការបោះឆ្នោតនៅរដ្ឋ Nevada នេះ គឺជាការប្រកួតលើកទី ៣ សម្រាប់បេក្ខជនខាងគណបក្សប្រជាធិបតេយ្យដែលប្រជែងគ្នាដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស ដើម្បីទៅប្រជែងជាមួយនឹងលោកប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ ការបោះឆ្នោតស្រដៀងគ្នានេះដែរបានធ្វើឡើងកាលពីដើមខែនេះនៅក្នុងរដ្ឋ Iowa និងរដ្ឋ New Hampshire។
ខុសពីការបោះឆ្នោតនៅរដ្ឋ Iowa និងរដ្ឋ New Hampshire ដែលជារដ្ឋមានប្រជាពលរដ្ឋស្បែកសភាគច្រើន រដ្ឋ Nevada គឺជារដ្ឋដែលមានពលរដ្ឋចម្រុះជាតិសាសន៍។ ពលរដ្ឋក្នុងរដ្ឋ Nevada ពាក់កណ្ដាលជាជាតិសាសន៍ស្បែកស ជិត ៣០% ជាជាតិសាសន៍ Hispanic ១០% ជាជាតិសាសន៍ដើមកំណើតអាហ្វ្រិក និង ១០% ជាជាតិសាសន៍អាស៊ី។
យោងតាមលទ្ធផលបោះឆ្នោតពីមណ្ឌលបោះឆ្នោតចំនួន ១១% ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនបានប្រកាសថា លោក Sanders គឺជាអ្នកឈ្នះ ដោយទទួលបានគណៈប្រតិភូនៃសន្និបាតថ្នាក់ស្រុកនៃរដ្ឋ Nevada នេះចំនួន ៤៤%។
បន្ទាប់ពីលោក Sanders គឺអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដោយទទួលបានគណៈប្រតិភូចំនួន ២៥% អតីតអភិបាលក្រុង South Bend រដ្ឋ Indianna លោក Pete Buttiguieg ដោយទទួលបានគណៈប្រតិភូចំនួន ១៥% និងចុងក្រោយគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts អ្នកស្រី Elizabeth Warren ដោយទទួលបានគណៈប្រតិភូជាង ៩%៕
ប្រែសម្រួលដោយលោក ភី សុភាដា