ក្រុមរាជអាជ្ញានៅក្នុងប្រទេសបែលហ្ស៊ិក (Belgium) បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសបានចាប់ខ្លួនមនុស្សពីរនាក់ជាប់សង្ស័យថារៀបចំផែនការធ្វើការវាយប្រហារភេរវកម្មនៅពេលបុណ្យក្នុងក្រុងព្រុចសែល (Brussels)។
រាជអាជ្ញាទាំងនេះបានថ្លែងថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញភ័ស្តុតាងដែលបង្ហាញអំពី «ការគំរាមកំហែងនៃការវាយប្រហារធ្ងន់ធ្ងរដែលអាចយកកន្លែងជាបដិរូបមួយចំនួនជាទីដៅ» នៅល្ងាចថ្ងៃចូលឆ្នាំថ្មី។
ការិយាល័យរាជអាជ្ញាមិនបាននិយាយប្រាប់ចំៗអំពីកន្លែងដែលអាចជាទីដៅនៃការវាយប្រហារទាំងនេះទេនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ។
ក្រុងព្រុចសែល មិនមែនគ្រាន់តែជារាជធានីនៃប្រទេសបែលហ្ស៊ិកប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលមានទីស្នាក់ការធំនៃគណៈកម្មការអឺរ៉ុបនិងអង្គការអូតង់ផងដែរ ហើយក៏មានការិយាល័យនៃទីភ្នាក់ងាររបស់អ.ស.ប.ជាច្រើននៅទីនោះដែរ។
ការចាប់ខ្លួនជនទាំងនេះបានកើតមានឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទនៅក្រោយការឆែកឆេរនៅជិតក្រុងព្រុចសែលនិងក្រុង Liege បានរកឃើញឯកសណ្ឋានបែបយោធានិងសម្ភារៈឃោសនារបស់ក្រុមរដ្ឋឥស្លាម។ អាជ្ញាធរបាននិយាយថាគេមិនបានរកឃើញអាវុធឬគ្រឿងផ្ទុះទេ។
ជាដំបូងឡើយមានមនុស្សទាំងអស់៦នាក់ត្រូវបានចាប់ខ្លួន ក៏ប៉ុន្តែជនបួននាក់ត្រូវបានដោះលែង។ ជនម្នាក់ក្នុងបណ្តាជនដែលត្រូវបានចាប់ខ្លួនត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពជាមេដឹកនាំនៃក្រុមភេរវជននិងជ្រើសរើសមនុស្សឯទៀតឱ្យធ្វើសកម្មភាពភេរវកម្ម៕