កីឡាការិនីរត់ប្រណាំងជនជាតិបេឡារុសដែលនិយាយថា នាងប្រឈមនឹងការធ្វើបាប បើនាងវិលត្រឡប់ទៅកាន់ប្រទេសរបស់នាងវិញនោះ បានចាកចេញពីប្រទេសជប៉ុនកាលពីថ្ងៃពុធតាមជើងយន្តហោះទៅប្រទេសអូទ្រីស។
នាង Krystsina Tsimanouskaya នឹងទៅដល់ទីក្រុងវីយ៉ែននៅថ្ងៃពុធពេលរសៀល។ បន្ទាប់មក នាងនឹងធ្វើដំណើរទៅប្រទេសប៉ូឡូញ ដែលរដ្ឋាភិបាលបានផ្តល់ទិដ្ឋាការមនុស្សធម៌ដល់នាង។
នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បានបង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃអង្គារថាលោកបាននិយាយជាមួយនាង Tsimanouskaya ហើយថា នាងអាចរស់នៅក្នុងប្រទេសប៉ូឡូញដោយគ្មានឧបសគ្គ។
អាជ្ញាធរប៉ូឡូញបានផ្តល់ទិដ្ឋាការមនុស្សធម៌ឲ្យនាង Tsimanouskaya ដើម្បីសុំសិទ្ធិជ្រកកោននយោបាយកាលពីថ្ងៃច័ន្ទបន្ទាប់ពីនាងបានចោទពួកមន្ត្រីរបស់ក្រុមកីឡានាងថា បានព្យាយាមបង្ខំនាងឲ្យជិះយន្តហោះត្រឡប់ទៅប្រទេសបេឡារុសវិញដែលប្រឆាំងនឹងឆន្ទៈរបស់នាង។
នាង Tsimanouskaya បានប្រាប់ក្រុមមន្ត្រីក្នុងទីក្រុងតូក្យូថា នាងភ័យខ្លាចនាងនឹងមិនមានសុវត្ថិភាពនៅក្នុងប្រទេសបេឡារុស ដោយសាររដ្ឋាភិបាលផ្តាច់ការរបស់លោកប្រធានាធិបតី Alexander Lukashenko។
គណៈកម្មាធិការអូឡាំពិកជាតិបេឡារុសត្រូវបានដឹកនាំអស់រយៈពេលជាង២៥ឆ្នាំដោយលោក Lukashenko និងកូនប្រុសរបស់លោកឈ្មោះ Viktor។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា រដ្ឋាភិបាលលោក Lukashenko បានព្យាយាមបង្ខំឲ្យនាង Tsimanouskaya ចាកចេញពីការប្រកួតកីឡា «ដោយគ្រាន់តែនាងប្រើសេរីភាពក្នុងការនិយាយស្តី»។
ម៉្យាងទៀតនៅប្រទេសបេឡារុសមានការកាត់ទោសអសាធារណៈលើឥស្សរជនប្រឆាំងនាំមុខកាលពីថ្ងៃពុធលើបទចោទដែលកើតចេញពីការអំពាវនាវរបស់ពួកគេឲ្យតវ៉ាប្រឆាំងលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីដែលមានការលួចបន្លំយ៉ាងខ្លាំងកាលពីឆ្នាំទៅ។
លោកស្រី Maryya Kalesnikava និងលោក Maksim Znak ត្រូវចោទពីបទរួមគំនិតដណ្តើមអំណាច អំពាវនាវឲ្យមានសកម្មភាពប៉ះពាល់សន្តិសុខជាតិ និងជំរុញសកម្មភាពដែលប៉ះពាល់សន្តិសុខជាតិ តាមរយៈបណ្តាញព័ត៌មាន និងអ៊ីនធឺណិត។
សាច់ញាតិ មិត្តភក្ដិ អ្នកកាសែត និងអ្នកគាំទ្រលោកស្រី Kalesnikava និងលោក Znak បានត្រូវគេរារាំងមិនឲ្យចូលស្តាប់ការកាត់ទោសនៅតុលាការក្នុងទីក្រុង Minsk នោះទេ។
អ្នកទាំង២ជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលរបស់គណបក្សប្រឆាំងដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតមានជម្លោះ ដើម្បីសម្របសម្រួលការផ្ទេរអំណាចដោយសន្តិវិធី។
សហរដ្ឋអាមេរិកបានហៅការចោទប្រកាន់នោះថា ជាការប្រឌិតឡើង៕
(ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP, និង Reuters)