មន្ត្រី​ចិន​ថា​ពួក​គេ​អាច​គ្រប់គ្រង​ស្ថានភាព​​ការ​ផ្ទុះ​រាតត្បាត​ថ្មី​នៃ​កូវីដ១៩​នៅ​ប៉េកាំង

អ្នក​ដំណើរ​ពាក់​ម៉ាស់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង។

អ្នក​ជំនាញ​សុខាភិបាល​ចិន​និយាយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ថា អាជ្ញាធរ​រដ្ឋធានីប៉េកាំងនៅ​ពេល​នេះ​អាច​គ្រប់គ្រង​បាន​ហើយ​នូវ​ស្ថានភាព​នៃ​ការ​ផ្ទុះ​រាតត្បាត​ជា​ថ្មី​នៃ​វីរុស​កូរ៉ូណា​ ដែល​បង្ក​ជំងឺ​កូវីដ១៩​នៅ​ទី​នោះ ប៉ុន្តែថា​ ការ​លេច​ចេញ​នូវ​ករណី​ឆ្លង​ថ្មី​នៅ​តែ​អាច​កើត​មាន​ឡើង​ក្នុង​ក្រុង​នេះ។​

ចាប់​តាំង​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា ក្រុង​ប៉េកាំង​ បាន​រក​ឃើញ​ការ​ឆ្លង​ថ្មីសរុបចំនួន ​១៥៨​ ករណី​ ដែល​នេះ​ជា​ការ​ផ្ទុះ​រាតត្បាត​ធ្ងន់ធ្ងរ​បំផុត​ ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​ម៉្លេះ ដោយ​ការ​ឆ្លង​ថ្មី​នេះ​ត្រូវ​អាជ្ញាធរ​រក​ឃើញ​ថា​ចេញ​ពី​ផ្សារ​លក់​ដុំ Xinfadi របស់​ទី​ក្រុង​ប៉េកាំង។

ទោះ​បីចំនួន​ករណី​ឆ្លង​ថ្មី​នេះ​មាន​ចំនួន​តិច​ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ ​ក៏​អាជ្ញាធរ​ក្រុង​ប៉េកាំង​បាន​ចាត់​វិធានការ​ភ្លាមៗ​ក្នុង​ការ​បិទ​សកម្មភាព​ក្នុង​រដ្ឋធានី​នេះ ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​ថ្មី​នេះ។ កន្លង​មក​ទី​ក្រុង​ប៉េកាំង​បាន​ទទួល​ការ​សរសើរ​ថា ​វិធានការទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​ មាន​ប្រសិទ្ធភាព​ខ្លាំង៕